ជាតិ
សង្គមជាតិ
កម្ពុជាចង់ចែងច្បាប់ថា៖ ត្រូវចិញ្ចឹមក្មេងៗរហូតដល់អាយុ១៨ឆ្នាំ បើបើកបុកឪពុកម្តាយឬអាណាព្យាបាលពួកគេឲ្យស្លាប់
30, Jan 2023 , 4:59 pm        
រូបភាព
កំប៉ុងទឹកដោះគោរបស់ក្មេងតូច ដែលបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារកាលពីចុងឆ្នាំ២០២២ (រូបពីបណ្តាញសង្គម)។
កំប៉ុងទឹកដោះគោរបស់ក្មេងតូច ដែលបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារកាលពីចុងឆ្នាំ២០២២ (រូបពីបណ្តាញសង្គម)។
ដោយ៖ ទេពញាណ 

កម្ពុជា ចង់ធ្វើតាមអាម៉េរិក គឺតម្រូវឲ្យជនបង្កហេតុ ត្រូវចិញ្ចឹមក្មេងៗឲ្យធំដល់អាយុ១៨ឆ្នាំ បើបើកបុកឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេឲ្យស្លាប់។
 


សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់គំនិតថ្មីមួយដែលមិនធ្លាប់មាននៅកម្ពុជា ទៅឲ្យមន្រ្តីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធ យកទៅសិក្សារួមគ្នា ដើម្បីអាចឈានទៅបង្កើតចេញជាច្បាប់ ឬជាគតិយុត្តក្នុងក្របខ័ណ្ឌណាមួយ នោះគឺការកំណត់ឲ្យអ្នកបើកបរ ដែលបើកបុកគេ ត្រូវចិញ្ចិមកូនៗរបស់គេរហូតដល់អាយុ១៨ឆ្នាំ។ សម្តេច សង្កត់ធ្ងន់ថា ការកំណត់បែបនេះ គឺដើម្បីដាក់បន្ទុកបន្ថែមលើអ្នកបង្កគ្រោះថ្នាក់លើដងផ្លូវ និងដើម្បីដាស់តឿនអ្នកបើកបរ ឲ្យកាន់តែប្រុងប្រយ័ត្ន។

ធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ សម្តេច ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងនោះ បានថ្លែងដូច្នេះថា៖«តាមព័ត៌មាន ដែលខ្ញុំក្តាប់បាន នៅសហរដ្ឋអាម៉េរិក មានចេញច្បាប់មួយ កាលណាអ្នកបើកបរ បើកទៅគ្រោះថ្នាក់ដល់អ្នកដែលមានអ្នកក្នុងបន្ទុកជាអនីតិជន អ្នកនោះឯង ត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់ ថែរក្សាអនីតិជននេះ រហូតដល់អាយុ១៨ឆ្នាំ។ សូមឲ្យឯកឧត្តម លោកជំទាវ អស់លោក ស្រាវជ្រាវករណីនេះ»។


សម្តេច ស ខេង ថ្លែងក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

សម្តេច ប្រើពាក្យ «អ្នកដែលមានអ្នកក្នុងបន្ទុក» ទំនងជាសំដៅទៅលើឪពុកម្តាយ ឬអាណាព្យាបាល ដែលរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍។ យ៉ាងណា សម្តេច ពុំបានបញ្ជាក់លម្អិតឡើយថា ឪពុកម្តាយ ឬអាណាព្យាបាល រងគ្រោះដល់កម្រិតណា ទើបជនបង្កហេតុ ត្រូវទទួលកាតព្វកិច្ចចិញ្ចឹមកូនៗរបស់ពួកគេ ឬជាក្មេងៗ ដែលស្ថិតក្នុងបន្ទុករបស់ពួកគេ កាលពីពួកគេ មិនទាន់ជួបគ្រោះថ្នាក់ចរាចរណ៍។

រដ្ឋមួយនៅសហរដ្ឋអាម៉េរិក គឺរដ្ឋថេនីស៊ី (Tennessee) ចែងក្នុងច្បាប់ថា អ្នកដែលបើកបរក្នុងស្ថានភាពស្រវឹង បើបុកគេឲ្យស្លាប់ ត្រូវទទួលខុសត្រូវក្នុងការចិញ្ចឹមកូនៗរបស់គេដែលមានអាយុក្រោម១៨ឆ្នាំ ឲ្យធំរហូតដល់អាយុ១៨ឆ្នាំ។

ក្នុងពិធីខាងលើ សម្តេច ស ខេង មានប្រសាសន៍ថា ចំណុចមួយនេះ ដែលមានក្នុងច្បាប់របស់អាម៉េរិក គឺជាជំនួយស្មារតីមួយសម្រាប់កម្ពុជា។ សម្តេច បន្តថា កម្ពុជា គួរសិក្សារៀនសូត្រពីគេ លើចំណុចណា ដែលមានប្រយោជន៍ និងសមស្របតាមស្ថានភាពនៅកម្ពុជា។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ហ៊ាង សុទ្ធាយុត្ត អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញការយល់ឃើញរបស់លោកថា ការកំណត់ឲ្យជនដែលបើកបុកគេ ត្រូវទទួលខុសត្រូវចិញ្ចឹមកូនៗរបស់គេក្រោមអាយុ១៨ឆ្នាំឲ្យធំនេះ គឺជាចំណុចល្អសម្រាប់កម្ពុជា ហើយអាចនឹងបញ្ចូលជាគតិយុត្ត ដើម្បីអនុវត្ត។ ដោយសារទើបតែឮប្រសាសន៍របស់សម្តេច ស ខេង ជាលើកបូង អ្នកនាំពាក្យក្រសួងសាធារណការរូបនេះ ពុំទាន់អាចនិយាយអ្វីឲ្យលម្អិតឡើយ ដោយលោក គ្រាន់តែអាចបញ្ជាក់ថា ការកំណត់បែបនេះ គឺដើម្បីឲ្យជនបង្កហេតុ ជាប់កាតព្វកិច្ច «យូរអង្វែង» និងដើម្បីដាស់តឿនអ្នកបើកបរឲ្យកាន់តែប្រយ័ត្ន៕

Tag:
 ស ខេង
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com