កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ខេស៊ី បាណេត សាទរការរៀបចំជើងឯកចំបាប់ថ្នាក់ជាតិ និងជឿជាក់ឈ្នះមេដាយស៊ីហ្គេម២០២៣
30, Jan 2023 , 7:59 pm        
រូបភាព
ការប្រកួតកីឡាចំបាប់វិញ្ញាសាចំបាប់សេរីបុរស។
ការប្រកួតកីឡាចំបាប់វិញ្ញាសាចំបាប់សេរីបុរស។
ដោយ:
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ខេស៊ី បាណេត លើកឡើងថាការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២២ រៀបចំបានល្អ ទាំងគណៈកម្មការរៀបចំ មន្រ្តីអាជ្ញាកណ្តាល និងកម្រិតគុណផលអត្តពលិក ដែលនេះជាផលវិជ្ជមាននាស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ ខាងមុខ។
 
«ការប្រកួតនេះ គឺជាជំហានបន្តសម្រាប់ការបង្ហាញសមត្ថភាពរបស់កីឡាករ-កីឡាការិនី ព្រមទាំងពង្រឹងជំនាញបច្ចេកទេស ដល់មន្រ្តីអាជ្ញាកណ្តាល ចៅក្រម។ ការប្រកួតជើងឯកទូទាំងប្រទេសនេះគឺជាជំហានថ្មីមួយដ៏សំខាន់ ដើម្បីត្រៀមបេសកកម្មចំពោះមុខ គឺការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅខែឧសភា»។ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និយាយដូច្នេះ ក្រោយបញ្ចប់ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ នាថ្ងៃទី២៩ ខែមករា។
 
លោក ខេស៊ី បាណេត បានបន្ថែមថា ស៊ីហ្គេមនៅកម្ពុជា គឺបានកំណត់វិញ្ញាសា៣ធំៗ គឺវិញ្ញាសាក្រិករ៉ូម៉ាំង វិញ្ញាសាចំបាប់សេរីបុរស និងវិញ្ញាសាចំបាប់សេរីនារី។ វិញ្ញាសានីមួយៗមាន ១០ប្រភេទទម្ងន់ដែលត្រូវលេងផងដែរ។ លោក ខេស៊ី ជំរុញឱ្យអត្តពលិកពង្រឹងវិញ្ញាសាដែលត្រូវប្រកួតឱ្យកាន់តែខ្លាំងដើម្បីប្រជែងដណ្តើមមេដាយជូនជាតិ និងដើម្បីឧត្តមភាពជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។ 
 

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា។
 
គួបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ក្រសួងមហាផ្ទៃ ឈ្នះមេដាយសរុប២២ មេដាយមាស៨ ប្រាក់៩ និងសំរឹទ្ធ៥ ឈរលេខ១ ខណៈលេខ២ ក្រសួងការពារជាតិ មេដាយសរុប៩ មាស៣ ប្រាក់៣ និងសំរឹទ្ធ៣។ ចំណែក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ៣ មេដាយសរុប៤ មាស២ និងសំរឹទ្ធ២ លេខ៤ ខេត្តកំពង់ឆ្នាំង មេដាយសរុប៣ មាស២ និងសំរឹទ្ធ១ និងលេខ៥ ខេត្តពោធិ៍សាត់ មេដាយសរុប៨ មាស១ និងសំរឹទ្ធ៧៕
 

Tag:
 កីឡាចំបាប់
 ខេស៊ី បាណេត
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com