កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយក្រែនរិះគន់ IOC៖ រុស្ស៊ី អាចចូលរួមប្រកួតអូឡាំពិកវិញ ដូចលើកទឹកចិត្តរុស្ស៊ី ឈ្លានពានអ៊ុយក្រែន
31, Jan 2023 , 12:15 pm        
រូបភាព
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ពិចារណាបើកភ្លើងខៀវឱ្យអត្តពលិករុស្ស៊ី និងបេឡារុសអាចវិលចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអន្តរជាតិនានា រួមទាំងអូឡាំពិកផង។ អ៊ុយក្រែនមិនពេញចិត្តទង្វើនេះឡើយ ដោយចោទ IOC ផ្សព្វផ្សាយសង្គ្រាមឱ្យរុស្ស៊ី។ ស្ថាប័ន IOC បានច្រានចោលការរិះគន់ ហើយថាភាគីអ៊ុយក្រែនលើកឡើងបែបនេះជាការបង្ខូចកេរិ៍្តឈ្មោះខ្លួន។
 
លោក Mykhaylo Podolyak ដែលជាជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក ​Volodymyr Zelensky នាថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៣ បានរិះគន់ទៅកាន់ IOC ថាបានផ្សព្វផ្សាយបញ្ហាសង្គ្រាម បន្ទាប់ពីស្ថាប័នកីឡាដ៏ធំនៅលើពិភពលោកមួយនេះ​​បានពិចារណាបើកផ្លូវឱ្យអត្តពលិករុស្ស៊ី និងបេឡារុសអាចចូលរួមការប្រកួតឡើងវិញនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤។ 
 
លោក Podolyak បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Twitter ដូច្នេះថា៖«IOC កំពុងតែផ្សព្វផ្សាយសង្គ្រាម ការសម្លាប់ ការរបំផ្លាញ។ IOC បានមើលដោយភាពរីករាយដែលរុស្ស៊ីបំផ្លាញអ៊ុយក្រែន ហើយបន្ទាប់មកបានផ្តល់ឱកាសដល់រុស្ស៊ីដើម្បីលើកកម្ពស់អំពីទង្វើរដែលពួកគេធ្វើ និងជាការលើកទឹកចិត្តបន្ថែមទៀតទៅពួកគេ។[…]។»។ 
 
បញ្ហាបានចាប់ផ្តើមបណ្តាលឱ្យកើតមានវិវាទរវាង IOC និងអ៊ុយក្រែន បន្ទាប់ពីកាលពីសប្តាហ៍មុនស្ថាប័នមួយនេះចង់ផ្តល់ការការអនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុសអាចវិលមកកាន់ការប្រកួតវិញ ក្រោមទង់កីឡាអូឡាំពិក។ នាកិច្ចប្រជុំរបស់ក្រុមប្រឹក្សាប្រតិបត្តិ IOC នោះក៏បានអនុញ្ញាតឱ្យអត្តពលិកមកពីប្រទេសទាំងពីរវិលត្រលប់ទៅកាន់ការប្រកួតនៅក្នុងតំបន់អាស៊ីឡើងវិញ បន្ទាប់ពីពួកគេត្រូវបានដកចេញជាពិសេសពីការប្រកួតអូឡាំពិកនេះចាប់តាំងពីពេលរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២។
 
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy កាលពីថ្ងៃទី២៩ ខែមករា ក៏បាននិយាយអំពីបញ្ហាដែលកំពុងកើតមានឡើងដ៏ក្តៅកគុកផ្នែកវិស័យកីឡាមួយនេះ ហើយបានអំពាវនាវមិនឱ្យមានវត្តមានរបស់រុស្ស៊ីនៅក្នុងការប្រកួតអូឡាំពិកនោះឡើយ។
 
«ជនបង្កហេតុ និងបង្កការភ័យខ្លាច ប្រែក្លាយជាអ្វីដែលអាចត្រូវបានគេទទួលយកបានទៅវិញ។ សូមបើកភ្នែកមើលប្រទេសអ៊ុយក្រែនដែលរងការបំផ្លាពីរុស្ស៊ី។ បញ្ហាមួយនេះយើងត្រូវតែប្រាកដថារុស្ស៊ីនឹងមិនអាចប្រើប្រាស់វា (កីឡាអូឡាំពិក) ឬព្រឹត្តិការណ៍កីឡាអន្តរជាតិណាមួយដើម្បីលើកកម្ពស់ដល់ការឈ្លានពាន ឬលទ្ធិប្រជាធិប្បតេយ្យរដ្ឋដទៃឡើយ។»។ លោក Zelenskyy បាននិយាយបែបនេះ។
 
កាលពីសប្តាហ៍មុនទៀតរដ្ឋមន្ត្រីកីឡារបស់អ៊ុយក្រែនក៏បានប្រមានទៅកាន់ IOC ថា ប្រទេសអ៊ុយក្រែនអាចនឹងដកខ្លួនចេញពីការប្រកួតអូឡាំពិករដូវក្តៅទីក្រុងប៉ារីសក្នុងឆ្នាំ ២០២៤ ប្រសិនបើមានវត្តមានរុស្ស៊ី និងបេឡារុស។
 
ដោយឡែកបន្ទាប់តែពីមានការរិះគន់ចោទប្រកាន់ខ្លាំងបែបនេះ ក្រោយមិនបានប៉ុន្មានម៉ោងផងនោះ IOC ក៏បានចេញមុខច្រានចោលការរិះគន់ពីសំណាក់រដ្ឋមន្ត្រីអ៊ុយក្រែន។ IOC បាននិយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះថា៖« IOC សូមច្រានចោលការិះគន់ដែលមានលក្ខខណ្ឌដ៏ខ្លាំងមួយនេះ ហើយដែលជាការបង្ខូចកេរិ៍្តឈ្មោះនៅក្នុងសេចក្តីថ្លែងការណ៍មួយនោះ។ ពួកគេមិនអាចធ្វើជាមូលដ្ឋានសម្រាប់កិច្ចពិភាក្សាក្នុងន័យស្ថាបនាណាមួយឡើយ។»៕
 
 
 
 

Tag:
 IOC
  Olympic
  Ukraine
© រក្សាសិទ្ធិដោយ thmeythmey.com