អន្តរជាតិ
មន្ត្រី​កំពូល​អាមេរិក​ខាង​បក្ស​សាធារណរដ្ឋ​ថា​មាន​ឱកាស​«ខ្ពស់​ខ្លាំង»​ដែល​យោធា​អាមេរិក​អាច​មាន​ជម្លោះ​ជាមួយ​ចិន
31, Jan 2023 , 7:29 pm        
រូបភាព
រូបឯកសារ សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Mike McCaul និយាយ ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Mike McCaul និយាយ ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។
ដោយ: VOA
សមាជិក​រដ្ឋសភា​កំពូល​មួយ​រូប​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Mike McCaul បាន​និយាយថា ឱកាស​នៃ​ការ​មាន​ជម្លោះ​ជាមួយ​នឹង​ប្រទេស​ចិន​ទាក់ទិន​នឹង​រឿង​តៃវ៉ាន់ «គឺ​ខ្ពស់​ខ្លាំង»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
 
លោក McCaul បាន​អះអាង​ដូច្នេះ បន្ទាប់ពី​នាយ​ឧត្តមសេនីយ៍​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​បញ្ជាក់​នៅ​ក្នុង​សារ​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ថា សហរដ្ឋ​អាមេរិក​អាច​ប្រយុទ្ធ​ជាមួយ​នឹង​ប្រទេស​ចិន​នៅ​ក្នុង​រយៈពេល ២ ឆ្នាំ​ខាង​មុខ។
 
នៅ​ក្នុង​សារ​មួយ​ចុះ​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ប៉ុន្តែ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ២៨ ខែ​មករា លោក​នាយ​ឧត្តមសេនីយ៍ Mike Minihan ដែល​ដឹកនាំ​បញ្ជាការដ្ឋាន​ទ័ព​អាកាស​ចល័ត បាន​សរសេរ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​នៃ​បញ្ជាការ​ដ្ឋាន​ដែល​មាន​សមាជិក​ប្រហែល ១១០.០០០ នាក់​នេះ​ថា៖ «អារម្មណ៍​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​ថា យើង​នឹង​ប្រយុទ្ធ​នៅ​ឆ្នាំ ២០២៥ ខាង​មុខ»។
 
លោក McCaul ដែល​ជា​ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ទូរទស្សន៍ Fox News កាលពី​ថ្ងៃ​ទី ៣០ ខែ​មករា​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​វា​មិន​ពិត...ប៉ុន្តែ​ខ្ញុំ​គិត​ថា លោក [Mike Minihan] និយាយ​ត្រឹមត្រូវ»។
 
ទស្សនៈ​របស់​លោក​នាយ​ឧត្តមសេនីយ៍ Minihan នេះ​មិន​តំណាង​ឱ្យ​ទស្សនៈ​របស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​នោះ​ទេ ប៉ុន្តែ​បាន​បង្ហាញ​ក្ដី​បារម្ភ​កម្រិត​ខ្ពស់​បំផុត​របស់​យោធា​សហរដ្ឋ​អាមេរិក​ទាក់ទិន​នឹង​ការ​ប៉ុនប៉ង​ដែល​អាច​ទៅ​រួច​របស់​ចិន​នៅ​ក្នុង​ការ​ដាក់​ការ​ត្រួតត្រា​លើ​កោះ​តៃវ៉ាន់ ដែល​ជា​កោះ​ដែល​ចិន​អះអាង​ថា​ជា​ខេត្ត​ពិបាក​គ្រប់គ្រង​មួយ​របស់​ខ្លួន។
 
ទាំង​សហរដ្ឋ​អាមេរិក​និង​កោះ​តៃវ៉ាន់​សុទ្ធតែ​នឹង​ធ្វើការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤ ខាង​មុខ ដែល​អាច​បង្កើត​ឱកាស​សម្រាប់​ចិន​នៅ​ក្នុង​ការ​ចាត់​វិធានការ​យោធា។ នេះ​បើ​យោង​តាម​សារ​របស់​លោក Minihan។
 
លោក McCaul បាន​និយាយ​ថា ប្រសិនបើ​ចិន​បរាជ័យ​នៅ​ក្នុង​ការ​ដណ្ដើម​ត្រួតត្រា​តៃវ៉ាន់​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម នោះ «ចិន​នឹង​ងាក​ទៅ​រក​វិធី​ឈ្លានពាន​បែប​យោធា។ យើង​ត្រូវតែ​ត្រៀម​ខ្លួន​សម្រាប់​រឿង​នេះ»។
 
លោក McCaul បាន​ចោទ​ប្រកាន់​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថា​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​ទន់ខ្សោយ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ដក​កងទ័ព​ដោយ​មិន​ទំនង​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​អាច​ធ្វើ​ឱ្យ​សង្គ្រាម​ជាមួយ​នឹង​ចិន​អាច​ទំនងជា​នឹង​កើតឡើង។
 
លោក McCaul បញ្ជាក់​ដូច្នេះ​ថា៖ «ឱកាស​គឺ​មាន​ខ្ពស់​ខ្លាំង​ដែល​យើង​អាច​ឃើញ​មាន​ជម្លោះ​រវាង​ចិន​និង​តៃវ៉ាន់​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។
 
សេតវិមាន​បាន​បដិសេធ​មិន​ធ្វើ​ការ​បញ្ចេញ​យោបល់​ណា​មួយ​ទាក់ទិន​នឹង​ការ​លើកឡើង​របស់​លោក McCaul នេះ​ទេ។
 
សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Adam Smith ដែល​ជា​អនុ ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិ​នៃ​រដ្ឋសភា បាន​និយាយ​ថា លោក​មិន​យល់ស្រប​ជាមួយ​នឹង​ការ​វាយ​តម្លៃ​របស់​លោក Minihan ទេ។
 
លោក Smith បាន​ប្រាប់​ទូរទស្សន៍ Fox News កាលពី​ថ្ងៃ​ទី ២៩ ខែ​មករា​ថា សង្គ្រាម​ជាមួយ​នឹង​ចិន «មិន​ត្រឹមតែ​អាច​បញ្ចៀស​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មិន​ទំនង​នឹង​កើតឡើង​ទៀត​ផង។ យើង​ឃើញ​មាន​ស្ថានការណ៍​គ្រោះថ្នាក់​នៅ​ក្នុង​ប្រទេស​ចិន។ ប៉ុន្តែ ខ្ញុំ​គិត​ថា នាយ​ឧត្តមសេនីយ៍ [សហរដ្ឋ​អាមេរិក] ចាំបាច់​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​ការ​និយាយ​ថា​យើង​នឹង​ធ្វើ​សង្គ្រាម»។
 
លោក Smith បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​ចាំបាច់​ត្រូវ​ស្ថិត​នៅ​ក្នុង​ជំហរ​កម្លា​រារាំង​ប្រទេស​ចិន​កុំ​ឱ្យ​ធ្វើ​សកម្មភាព​យោធា​ប្រឆាំង​នឹង​តៃវ៉ាន់ «ប៉ុន្តែ ខ្ញុំ​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា យើង​អាច​បញ្ចៀស​ជម្លោះ​នេះ​បាន ប្រសិនបើ​យើង​ចាត់​វិធានការ​ត្រឹមត្រូវ»។
 
រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​ថ្លែង​កាលពី​ដើម​ខែ​មករា​ថា លោក​មិន​យល់​ថា​ការ​បង្កើន​សកម្មភាព​យោធា​របស់​ចិន​នៅ​ជិត​ច្រក​សមុទ្រ​តៃវ៉ាន់​គឺ​ជា​សញ្ញា​នៃ​ការ​ឈ្លានពាន​ដែល​ជិត​កើតឡើង​ណា​មួយ​របស់​ចិន​លើ​កោះ​តៃវ៉ាន់​នោះ​ទេ។
 
មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​ទី ២៨ ខែ​មករា​ថា ការ​លើកឡើង​របស់​លោក​នាយ​ឧត្តមសេនីយ៍ Minihan ខាង​លើ​មិន «តំណាង​ឱ្យ​ទស្សនៈ​របស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន​នោះ​ឡើយ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com