ជាតិ
ឆ្នាំនេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍អន្តរជាតិ និងថ្នាក់ជាតិធំៗចំនួន៤
31, Jan 2023 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣នេះ កម្ពុជា បានរៀបចំយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ក្រោមប្រធានបទ «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព»។  យុទ្ធនាការនេះ នឹងមានការប្រារព្ធនូវព្រឹត្តិការណ៍អន្តរជាតិ និងថ្នាក់ជាតិធំៗចំនួន៤ រួមមាន ព្រឹត្តិការណ៍វប្បធម៌ សាសនា និងប្រវត្តិសាស្រ្តចំ​នួន៧, ពិធីបុណ្យចំនួន៤  , ព្រឹត្តិការណ៍កីឡាចំនួន៩ និងព្រឹត្តិការណ៍MICEចំនួន២ផងដែរ។


ការរៀបចំយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» គឺដើម្បីលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖​ ព្រះរាជាណាចក្រអច្ឆរិយៈ - ផ្តល់ភាពកក់ក្តៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា។ ការណ៍នេះ គឺជាការទាក់ទាញទេសចរអន្តរជាតិឱ្យច្រើនជាអតិប្បរិមា និងជាការផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើទី១២ផងដែរ។
  

ពិធីបើក ព្រឹត្តិការណ៍កីឡាជាតិលើកទី៣

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ បានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីរៀបចំបង្កើតឱ្យមានជាព្រឹត្តិការណ៍កម្រិតជាតិ-អន្តរជាតិ និងថ្នាក់មូលដ្ឋាន ​ស្របតាមចក្ខុវិស័យ «មួយខែ យ៉ាងតិចមួយព្រឹត្តិការណ៍» និង «មួយខេត្ត-ក្រុង យ៉ាងតិចមួយព្រឹត្តិការណ៍»។
 
ចំពោះ ព្រឹត្តិការណ៍ដែលប្រារព្ធក្នុងរាជធានីភ្នំពេញ រួមមាន ពិធីបុណ្យមាឃបូជា នឹងធ្វើក្នុងខែកុម្ភៈ។ ព្រឹត្តិការណ៍អង្គរសង្រា្កន្ត នាខែមេសាលើទឹកដី ខេត្តសៀមរាប, ពិធីបុណ្យពិសាខបូជា និងព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រារព្ធក្នុងខែឧសភា។ ចំណែកខែវិច្ឆិកា គឺប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រីឯខែធ្នូ នឹងប្រារព្ធពិធីបុណ្យរម្លឹកគុណអង្គរ នៅខេត្តសៀមរាប។
 
ដោយឡែក ព្រឹត្តិការណ៍ធំទី២ របស់កម្ពុជារួមមាន ពិធីបុណ្យទន្លេ នឹងធ្វើនៅខែមីនា ក្នុងខេត្តកំពង់ធំ, ព្រឹត្តិការណ៍បុណ្យអេកូទេសចរណ៍ នាខែវិច្ឆិកា ក្នុងខេត្តមណ្ឌលគិរី។ ចំណែកព្រឹត្តិការណ៍ក្នុងខែធ្នូ មានពិធីបុណ្យសមុទ្រ ធ្វើក្នុងខេត្តកែប និងពិធីបុណ្យឆ្លងឆ្នាំសកលផងដែរ។


ព្រឹត្តិការណ៍ «រាត្រីចងចាំ» នាពិធីរំលឹកគុណអង្គរ

ព្រឹត្តិការណ៍កីឡាទាំង៩ ក្នុងឆ្នាំ២០២៣នេះ មានដូចជា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ «Angkor Ultra Trail» នាខែកុម្ភៈ, ព្រឹត្តិការណ៍កីឡា(Raid Amazones) នាខែមីនា, ទិវាអន្តរជាតិកីឡាយ៉ូហ្គា នាខែមិថុនា, ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នាខែធ្នូ។ សម្រាប់ព្រឹត្តិការណ៍ទាំង៤នេះ នឹងធ្វើក្នុងខេត្តសៀមរាប។ 
 
ព្រឹត្តិការណ៍កីឡាបន្ទាប់ដែលធ្វើនៅភ្នំពេញ មានព្រឹត្តិការណ៍កីឡា(Cambodia Open) នាខែមីនា, ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាខែឧសភា, ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាខែមិថុនា និងការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ លើកទី៧ នាខែធ្នូ។ និងព្រឹត្តិការណ៍ក្រកួតកីឡាទូកក្តោង នាខែវិច្ឆិកា និងធ្វើក្នុងខេត្តព្រះសីហនុ។ សម្រាប់ព្រឹត្តិការណ៍MICE ចំនួន២ ដែលនឹងធ្វើនៅភ្នំពេញ រួមមាន​វេទិកាទេសចរណ៍មេគង្គ នាខែមេសា និងពិព័រណ៍ CamHotels & CamFoods នាខែធ្នូ។
 
សូមបញ្ជាក់ថា ឆ្នាំ២០២២-២០២៣ គឺជាឆ្នាំនៃដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។ សម្រាប់ឆ្នាំ២០២៣ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងហោចណាស់៤លាននាក់ ដែលក្នុងនោះ មានទេសចរជនជាតិចិនប្រមាណ១លាននាក់។ ក្តីរំពឹងនេះ ត្រូវបានបង្ហាញឡើងបន្ទាប់ពី ប្រទេសចិនប្រកាសដកចេញនូវ«គោលនយោបាយគ្មានកូវីដ« (Zero-Covid Policy)  កាលពីថ្ងៃទី៨មករាផងដែរ៕
 

Tag:
 ThmeyThmey25
  ទេសចរណ៍
  ព្រឹត្តការណ៍អន្តរជាតិ និងថ្នាក់ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com