ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន ត្រៀមធ្វើសមាជរៀបចំយុទ្ធសាស្រ្តនិងកម្លាំង ចូលប្រកួតក្នុងការបោះឆ្នោត
31, Jan 2023 , 3:59 pm        
រូបភាព
ថ្នាក់ដឹកនាំនិងសមាជិកសមាជិកគណបក្សភ្លើងទៀន នាំគ្នាកាន់ទៀន ដែលជានិមិត្តសញ្ញាគណបក្សខ្លួន ក្នុងពិធីរម្លឹកខួបកំណើត២៧ឆ្នាំនៃការបង្កើតគណបក្សនេះ (រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន)។
ថ្នាក់ដឹកនាំនិងសមាជិកសមាជិកគណបក្សភ្លើងទៀន នាំគ្នាកាន់ទៀន ដែលជានិមិត្តសញ្ញាគណបក្សខ្លួន ក្នុងពិធីរម្លឹកខួបកំណើត២៧ឆ្នាំនៃការបង្កើតគណបក្សនេះ (រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន)។
ដោយ៖ ទេពញាណ 

គណបក្សភ្លើងទៀន នឹងរៀបចំសមាជលើទឹកដីខេត្តសៀមរាប នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីធ្វើសេចក្តីសម្រេចសំខាន់ៗមួយចំនួន ខណៈការបោះឆ្នោតជាតិ កាន់តែខិតជិតមកដល់។ នេះបើតាមព័ត៌មានពីលោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន។


ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក គីមសួរ ភីរិទ្ធ លើកឡើងថា សមាជ គឺជាអង្គការកំពូលរបស់គណបក្សភ្លើងទៀន ដែលអាចធ្វើសេចក្តីសម្រេចសំខាន់ៗ រួមមាន គោលនយោបាយ និងយុទ្ធសាស្រ្ត ជាដើម។ លោក បន្តថា សមាជខាងមុខនេះ ក៏នឹងពង្រីកកម្លាំងបន្ថែមក្នុងជួរថ្នាក់ដឹកនាំគណបក្សភ្លើងទៀនផងដែរ ដើម្បីជំរុញការងារគណបក្សឲ្យកាន់តែមានប្រសិទ្ធភាព។    
 
អ្នកនាំពាក្យគណបក្សភ្លើងទៀន បញ្ជាក់ដូច្នេះថា៖«គោលបំណង គឺបុណ្ណឹង។ ការបោះឆ្នោត នឹងប្រពឹត្តទៅនៅខែ៧ អ៊ីចឹងយើង ត្រូវមានការត្រៀមខ្លួនឲ្យរួចរាល់ មានការសម្រេចចិត្ត មានគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់»។ 
 
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទើបនឹងធ្វើមហាសន្និបាតរួច កាលពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា។ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់កសាងប្រទេសរយៈពេល៥ឆ្នាំទៅមុខទៀត (២០២៣-២០២៨) ត្រូវបានអនុម័តក្នុងមហាសន្និបាតនេះ។ 

អត្ថបទទាក់ទង
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃមហាសន្និបាត យ៉ាងដូច្នេះថា៖«យើង មានសុទិដ្ឋិនិយមយ៉ាងឧដុង្គឧត្តមថា  ឆន្ទៈប្រជាពលរដ្ឋ នឹងប្រគល់ឲ្យគណបក្សប្រជាជន បន្តបេសកកម្ម និងការដឹកនាំប្រទេសកាន់តែមានការរីកចម្រើនទៅមុខទៀត»។ 
 
ការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ 
 
 

Tag:
 គណបក្សភ្លើងទៀន
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com