កីឡាអន្តរជាតិ
អន្តរជាតិ
Messi ថាពានរង្វាន់ World Cup ជាអ្នកជ្រើសរើសយកខ្លួន ដើម្បីលើក
31, Jan 2023 , 4:59 pm        
រូបភាព
Lionel Messi ឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ ក៏ព្រោះតែពានរង្វាន់មាសដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះបានជ្រើសរើសយករូបគេដើម្បីលើក។ នេះបើតាមសម្តីរបស់តារាបាល់ទាត់ឆ្នើមលំដាប់ពិភពលោកសញ្ជាតិអាហ្សង់ទីន ក្នុងកិច្ចសម្ភាស៍មួយ នៅថ្ងៃទី៣០​ ខែមករា ឆ្នាំ ២០២៣។


ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ បានជួយអាហ្សង់ទីន ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup កាលពីខែធ្នូ ឆ្នាំ ២០២២។ តារាបាល់ទាត់ឆ្នើមរូបនេះស៊ុតបាល់បញ្ចូលទីបាន ២គ្រាប់ និងការស៊ុតបាល់ និង១គ្រាប់នៅក្នុងការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រយកឈ្នះលើបារាំងក្នុងលទ្ធផល ៤-២ ក្រោយការប្រកួតស្មើ ៣-៣ រយៈពេល ១២០នាទីនៅប្រទេសកាតា។
 
នាកិច្ចសម្ភាស៍មួយជាមួយវិទ្យុអាហ្សង់ទីន Urbana Play ខ្សែប្រយុទ្ធក្រុមរហ័សនាមអ្នកមានបារាំង Paris Saint Germain បាននិយាយថាពានរង្វាន់ World Cup ជ្រើសរើសយករូបគេដើម្បីកាន់។
 
«ពានរង្វាន់នេះបានជ្រើសរើសយកខ្ញុំ ហើយវាបានប្រាប់ខ្ញុំថា មកចាប់លើកខ្ញុំមក ពេលនេះអ្នកអាចប៉ះនិងចាប់កាន់ខ្ញុំបានហើយ។ ខ្ញុំបានឃើញវាបញ្ជេញពន្លឺចែងចាំងដ៏ស្រស់ស្អាតនៅក្នុងកីឡដ្ឋាន ហើយខ្ញុំមិនស្ទាក់ស្ទើរទេក្នុងការថើបវា។»។ Messi បាននិយាយប្រាប់ក្នុងកិច្ចសម្ភាស៍មួយនោះបែបនេះ។
 
ទីបំផុត Messi អាចលើកពានរង្វាន់បាល់ទាត់ពិភពលោកតាមក្តីស្រម៉ៃក្នុងការបង្ហាញវត្តមានលើកទី៥ នៅព្រឹត្តិការណ៍ World Cup។ ៥លើកដែល Messi បានលេងនៅ World Cup បានឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រចំនួន ២លើក ដោយកាលពីឆ្នាំ ២០១៤ អាហ្សង់ទីនចាញ់អាល្លឺម៉ង់ ១-០ នៅប្រទេសប្រេស៊ីល។
 
ត្រឹមតែរយៈពេល ១ឆ្នាំ កន្លះជាមួយអាហ្សង់ទីននារយៈពេលចុងក្រោយមកនេះ Messi បានជួយអាហ្សង់ទីនឈ្នះពានរង្វាន់ធំៗចំនួន ៣ក្នុងនោះរួមមាន ពានរង្វាន់ Copa America 2021 ពានរង្វាន់ជើងឯករវាងម្ចាស់ពានទ្វីបអឺរ៉ុបនិងទ្វីបអាម៉េរិកខាងត្បូង Finalissima 2022 និងពានរង្វាន់ World Cup 2022។ មុនពេលឈានដល់ជោគជ័យបែបនេះ Messi ក៏ធ្លាប់បានបរាជ័យពានរង្វាន់ Copa America វគ្គផ្តាច់ព្រ័ត្រចំនួន ៣លើកផងដែរ។ 
 
ក្រៅពីពានរង្វាន់ World Cup អតីតខ្សែប្រយុទ្ធក្រុម ​Barcelona ក៏ក្លាយជាកីឡាករដំបូងគេបង្អស់ដែលបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ World Cup (The Golden Ball Award) ចំនួន ២លើកលើសកីឡាករផ្សេងៗណាទាំងអស់៕
 

Tag:
 Lionel Messi
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com