អន្តរជាតិ
ណាតូ ចង់ពង្រឹងទំនាក់ទំនងជាមួយជប៉ុនឱ្យកាន់តែរឹងមាំ
31, Jan 2023 , 9:29 pm        
រូបភាព
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ។ រូបភាព AP
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ។ រូបភាព AP
ប្រមុខអង្គការណាតូ (NATO) លោក Jens Stoltenberg នៅថ្ងៃទី៣១ ខែមករា បានអំពាវនាវឱ្យមានការពង្រឹងទំនាក់ទំនងរវាងអង្គការណាតូ និងជប៉ុន ស្របពេលមានសង្រ្គាមនៅអ៊ុយក្រែន និងការគំរាមកំហែងដោយកម្លាំងយោធា។ ត្រង់ចំណុចនេះ លោក Stoltenberg យល់ថា សន្តិសុខរបស់ភាគីទាំងពីរ គឺមានការពឹងផ្អែកគ្នាទៅវិញទៅមក។
ក្រោយចាកចេញពីកូរ៉េខាងត្បូង អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បានបន្តទស្សនកិច្ចនៅជប៉ុនថែមទៀត ដើម្បីជជែកពីបញ្ហាក្នុងតំបន់ និងពិភពលោក ជាពិសេសសង្រ្គាមនៅអ៊ុយក្រែន។ 
 
«សង្រ្គាមនៅអ៊ុយក្រែន បានបង្ហាញថា សន្តិសុខរបស់យើង គឺមានការពឹងផ្អែកគ្នាយ៉ាងជិតស្និទ្ធ»។​ លោក Stoltenberg បានសង្កត់ធ្ងន់បែបនេះ ក្នុងដំណើរទស្សនកិច្ចនៅមូលដ្ឋានកម្លាំងស្វ័យការពារអាកាសជប៉ុន Iruma Air Base ស្ថិតនៅភាគខាងជើងក្រុងតូក្យូ ក្នុងថ្ងៃទី៣១ ខែមករា។ ទន្ទឹមនេះ ប្រមុខសម្ព័ន្ធយោធា ណាតូ បានយល់ថា សង្រ្គាមនៅអ៊ុយក្រែនពិតជាសំខាន់សម្រាប់ណាតូ និងជប៉ុនណាស់។ 
 
ត្រង់ចំណុចនេះ លោក Stoltenberg បានបញ្ជាក់ថា ទស្សនកិច្ចរបស់លោកនៅជប៉ុន គឺមានបំណងចង់ពង្រឹងភាពជាដៃគូរវាងណាតូ និងដៃគូដ៏មានតម្លៃជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។​
 
ទន្ទឹមនេះ មេដឹកនាំអង្គការណាតូ ក៏បានយល់ឃើញផងដែរថា ប្រសិនបើរុស្ស៊ី ឈ្នះសង្រ្គាម វានឹងជាមហន្តរាយសម្រាប់ប្រជាជនអ៊ុយក្រែន ហើយវាក៏ជាសារដ៏គ្រោះថ្នាក់ទៅកាន់មេដឹកនាំផ្តាច់ការផ្សេងទៀតនៅជុំវិញពិភពលោក ដោយសារនោះ​ ជាការអះអាងថា ដើម្បីសម្រេចគោលដៅ មេដឹកនាំផ្តាច់ការទៅតែប្រើប្រាស់កម្លាំងយោធា។ 
 
ជប៉ុន​ ជាប្រទេសមួយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធយោធាណាតូ។ នៅក្នុងឆ្នាំ២០២២ កន្លងមក នាយករដ្ឋមន្រ្តីជប៉ុន ក៏ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំយោធាមួយនេះផង ដែលធ្វើឱ្យចិនរិះគន់យ៉ាងខ្លាំង។ 
 
មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយ ជប៉ុនបានពង្រីកទំនាក់ទំនងយោធាជាប្រទេសនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកយ៉ាងខ្លាំង ហើយថែមទាំងពង្រឹងទំនាក់ទំនងជាមួយអង់គ្លេស​ អឺរ៉ុប និងណាតូ ស្របពេលមានការកើនឡើងនៃការគំរាមកំហែងពីសំណាក់ចិន និងកូរ៉េខាងជើង។ 
 
គួររំឭកថា ក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង ប្រមុខសម្ព័ន្ធយោធាណាតូ ក៏បានជំរុញឱ្យរដ្ឋាភិបាលក្រុងសេអ៊ូលផ្តល់ជំនួយយោធាទៅអ៊ុយក្រែន ដែលកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់រុស្ស៊ីផងដែរ៕ 
 
 

Tag:
 ណាតូ
  ជប៉ុន
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com