ជាតិ
សង្គមជាតិ
កម្រិតពុករលួយ៖ កម្ពុជា ជាប់លេខ១៥០ ល្អជាងឆ្នាំមុន តែរដ្ឋ នៅតែមិនពេញចិត្ត
31, Jan 2023 , 5:53 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជាជាប់ចំណាប់ថ្នាក់លេខ១៥០ ដែលមាន២៤ពិន្ទុ ក្នុងចំណោមប្រទេស១៨០ លើពិភពលោក ដែលមានអំពើពុករលួយខ្ពស់ ។ តួលេខនេះ បើធៀបនឹងឆ្នាំមុន គឺល្អប្រសើរបន្តិច។ ប៉ុន្តែភាគីរដ្ឋាភិបាល អះអាងថា កម្ពុជាគួរតែបានពិន្ទុល្អជាងនេះ ទើបសមនឹងការខិតខំរបស់រដ្ឋ ក្នុងការកាត់បន្ថយអំពើពុករលួយ។
 
អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានធ្វើសន្ទស្សន៍នៃអំពើពុករលួយឆ្នាំ២០២២ ដែលបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥០ ក្នុងចំណោមប្រទេស១៨០ទៀតលើពិភពលោក។ ចំណាត់ថ្នាក់នេះ គឺមានការថយចុះ បើធៀបនឹងឆ្នាំ២០២១ ដែលកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥៧។ បើគិតជាពិន្ទុវិញ កម្ពុជាកើនតែមួយពិន្ទុប៉ុណ្ណោះ។ យោងតាមមាត្រដ្ឋានរបស់អង្គការតម្លាភាព បើប្រទេសណាទទួលបាន ០ ពិន្ទុ មានន័យថា ពុករលួយខ្លាំង ហើយបើបាន១០០ ពិន្ទុ គឺស្អាតស្អំខ្លាំង។ 
 
របាយការណ៍ដដែល ក៏បានបង្ហាញដែរថា ក្នុងតំបន់អាស៊ាន កម្ពុជាជាប្រទេសទេសពុករលួយជាងគេ បន្ទាប់ពី មីយ៉ាន់ម៉ា ខណៈប្រទេសព្រុយណេ ពុំមានការវាយតម្លៃឡើយ ព្រោះគ្មានឯកសារព័ត៌មានគ្រប់គ្រាន់។ ចំណែក ប្រទេសដែលជាប់ចំណាត់ថ្នាក់ល្អជាងគេ ដាណឺម៉ាក ដែលមានពិន្ទុ៩០។ 
  
ជុំវិញការរកឃើញនេះ លោក ប៉ិច ពិសី នាយកប្រតិបត្តិថ្មីនៃអង្គការតម្លាភាពកម្ពុជា បានបញ្ជាក់ក្នុងការធ្វើបទបង្ហាញពីរបាយការណ៍ខាងលើ នៅសណ្ឋាគារហីម៉ាវ៉ារី នាថ្ងៃទី៣១មករា ថា ៥ឆ្នាំចុងក្រោយនេះ ស្ថានភាពពុករលួយនៅកម្ពុជា មានភាពល្អប្រសើរជាងមុន ព្រោះតែការខិតខំកែទម្រង់របស់រដ្ឋាភិបាល។ បើតាមលោក ពិសី កត្តាសំខាន់ពីរយ៉ាង ដែលនាំឲ្យកម្ពុជាទទួលបានពិន្ទុកើនឡើង គឺការផ្ទេរអំណាចជាតិ ទៅថ្នាក់ក្រោម។ ចំណែក កត្តាមួយទៀត រដ្ឋាភិបាលបានបញ្ចេញច្បាប់ថវិកាជាតិឆ្នាំ២០២៣ ដោយមានភាពត្រឹមត្រូវ។ 
 

ពិន្ទុនៃកម្រិតអំពើពុករលួយដែលកម្ពុជាទទួលបាន គឺ២៤ បើធៀបនឹងឆ្នាំមុន គឺ២៣ពិន្ទុ។ 

«ស្ថានភាពពុករលួយនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ ក្នុងនោះ មានពីរយ៉ាង គឺពុករលួយខ្នាតធំ ដែលមានលក្ខណជាប្រព័ន្ធ ដើម្បីរក្សាតួនាទីឬអំណាច ហើយប្រើអំណាចទៅធ្វើជំនួយ។ មួយទៀត ខ្នាតតូច គឺការគប់គិតឲ្យលុយក្រៅលើសេវាផ្សេង»។ នេះជាស្ថានភាពពុករលួយរបស់កម្ពុជា ដែលលោក ពិសី បានលើកឡើង។ 
 
ពាក់ព័ន្ធនឹងករណីនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល យល់ថា កម្ពុជាសមនឹងទទួលបានចំណាត់ថ្នាក់ និងពិន្ទុល្អជាងរបាយការណ៍ដែលអង្គការតម្លាភាព រកឃើញ។ លោកអះអាងថា រដ្ឋាភិបាល ប្រឹងទប់ស្កាត់បញ្ហាពុករលួយយ៉ាងខ្លាំង នារយៈពេលចុងក្រោយនេះ ពុំមែនមានតែប៉ុន្មានចំណុច ដូចភាគី TI លើកឡើងនោះទេ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ផៃ ស៊ីផាន បានលើកឡើងបែបនេះ ៖«កម្ពុជា គួរតែបានលទ្ធផលល្អប្រសើរច្រើនជានេះ(ពិន្ទុច្រើនជាងមុន) ព្រោះកម្ពុជាបានធ្វើកំណែទម្រង់លើគោលនយោបាយ តម្លាភាពនិងគណនេយ្យភាព ដែលរួមគ្នាប្រឆាំងនឹងអំពើពុករលួយ»។ 
 
លោក បន្ថែមទៀតថា រដ្ឋាភិបាលបានខិតខំកែប្រែជាហូរហែ ដើម្បីឲ្យកម្ពុជាប្រសើរឡើង ពោលគឺមានការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិ ការគ្រប់គ្រងថវិការរបស់រដ្ឋ លំហូសាច់ប្រាក់វិនិយោគ ការចាប់ខ្លួនមន្ត្រីពុករលួយ រួមទាំងការរឹបអូសទ្រព្យសម្បត្តិផងដែរ។ ទាំងនេះ សុទ្ធតែរដ្ឋយកចិត្តទុកដាក់ តាមដាន និងដោះស្រាយ។ 
 
បន្ថែមពីនេះ លោកចាត់ទុករបាយការណ៍របស់សង្គមស៊ីវិលខាងលើ ពុំមានគុណភាព និងឥទ្ធិពលអ្វីលើកម្ពុជាឡើយ ព្រោះវាមិនមានភាពជាក់លាក់ ហើយខ្វះព័ត៌មានលម្អិតពីខាងរដ្ឋាភិបាល។ 
 
​ការវាយតម្លៃ​របស់ TI ពាក់ព័ន្ធ​ស្ថានភាព​ពុករលួយ​នៅ​កម្ពុជា គឺធ្វើឡើង​តាម​ប្រភព​ទិន្នន័យ​ចំនួន​៨​។ ប្រភព​ទាំង​៨​នេះ រួមមាន ការស្ទង់មតិ​ពី​ធុរជន​របស់​វេទិការ​សេដ្ឋកិច្ចពិភពលោក​, Asian Intelligence, ចំណាត់ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស​ស្ដីពី​ការយល់ដឹង​ជាស​កល​, ចំណាត់ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស​របស់​ទីភ្នាក់ងារ​សេដ្ឋវិទូ ប្រភព​នៃ​ស​ន្ទ​ស្សន៍​ប្រជាធិបតេយ្យ និង​គោលនយោបាយ​ពី​ធនាគារពិភពលោក​ជាដើម​។​

យ៉ាងណាក្ដី ខាងអង្គការតម្លាភាព ក៏បានស្នើរដ្ឋាភិបាល បើកលំហរសេរីភាពបញ្ចេញមតិ ពន្លឿនការអនុម័តលើសេចក្ដីព្រាងច្បាប់ទទួលបានព័ត៌មាន និងជួយកែលម្អប្រព័ន្ធយុត្តធម៌ ឲ្យមានភាពប្រសើរឡើងវិញ។ លើសពីនេះ គឺពង្រឹងសិទ្ធិអំណាចស្ថាប័ន និងបុគ្គល ដើម្បីឲ្យទទួលខុសត្រូវច្បាស់លាស់ និងពង្រឹងការត្រួតពិនិត្យការអនុវត្តរបស់ពួកគេផងដែរ៕ 
 



Tag:
 ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com