កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស​ម្តេច ទៀ បាញ់ ជំរុញពន្លឿនការសាងសង់ភូមិកីឡាឱ្យទាន់ស៊ីហ្គេម ដ្បិតបច្ចុប្បន្នយឺតយ៉ាវ
01, Feb 2023 , 10:49 am        
រូបភាព
ការចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ភូមិកីឡាដោយមន្រ្តីគណៈកម្មកាធិការជាតិCAMSOC។
ការចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ភូមិកីឡាដោយមន្រ្តីគណៈកម្មកាធិការជាតិCAMSOC។
ដោយ:
សម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) បារម្ភចំពោះការសាងសង់ភូមិកីឡាយឺតយយ៉ាវ ស្របពេលកីឡាស៊ីហ្គេមឆ្នាំ២០២៣ជិតមកដល់។ សម្តេច បានជំរុញឱ្យគណៈកម្មការជំនាញផ្នែកស្នាក់នៅហូបចុក ត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងពន្លឿនការសាងសង់ភូមិកីឡាឱ្យបានរួចរាល់មុនព្រឹត្តិការណ៍។
 
នាកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងការចុះត្រួតពិនិត្យផ្ទាល់នៃការសាងសង់ភូមិកីឡា នៅថ្ងៃទី៣១ ខែមករា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC) លើកឡើងថា ស​ម្តេច ទៀ បាញ់ ប្រធាន CAMSOC ជំរុញគណៈកម្មការផ្នែកស្នាក់នៅត្រួតពិនិត្យភូមិកីឡា ដើម្បីធានាឱ្យរួចរាល់មុនស៊ីហ្គេម២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែឧសភា។
 


«ក្រោយបញ្ចប់ពិធីរាប់ថយក្រោយ ១០០ថ្ងៃគឺជាពេលវេលាដែលត្រូវពន្លឿនការងារទាំងអស់ដែលនៅសេសសល់ អ៊ីចឹងព្រឹកនេះគឺការចុះត្រួតពិនិត្យដោយផ្ទាល់ពីសម្តេចពិជ័យសេនា នៅក្នុងភូមិកីឡាជាមួយនឹងប្រតិភូកីឡាទាំងអស់បានពិនិត្យជាក់ស្តែង និងមើលឃើញពីវឌ្ឍនភាពនៃការសាងសង់ភូមិកីឡានេះតើទាន់ពេលវេលាតាមការគ្រោងទុកឬក៏អត់»។ លោក វ៉ាត់ ចំរើន និយាយដូច្នេះ។
 
លោកអគ្គលេខាធិការបានបញ្ជាក់ថា ការរួចរាល់សម្រាប់ភូមិកីឡាដែលត្រៀមទទួលកីឡាករ-កីឡាការិនី ជាង៧០០០នាក់ នឹងរួចរាល់តាមពេលកំណត់ និងការគ្រោងទុក នៅខែមីនា ឆ្នាំ២០២៣ ខាងមុខ មុននឹងការមកដល់នៃព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដំបូងនៅកម្ពុជាកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
 
លោក វ៉ាត់ ចំរើន និយាយថា៖«ភូមិកីឡាដែលត្រៀមទទួលកីឡាករ-កីឡាការិនី ពី៦០០០ ទៅ៧០០០នាក់ដែលត្រូវស្នាក់នៅទីនោះ តាមផែនការកំណត់ក្នុងខែមករា ទទួលបានជាង១៨៣០គ្រែ ខែកុម្ភៈ ទទួលបានជាង២០០០គ្រែ ហើយចុងបញ្ចប់នៅខែមីនា គឺជាការកំណត់ទទួលបានគ្រែសរុបជាង ៦០០០គ្រែ»។
 
តែយ៉ាងណាលោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ការសាងសង់ភូមិកីឡានៅតែជាកង្វល់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ពិសេសការអញ្ជើញចុះត្រួតពិនិត្យផ្ទាល់ដោយសម្តេចពិជ័យសេនា ប្រធានគណៈកម្មាធិការជាតិ CAMSOC បានជំរុញឱ្យគណៈកម្មការជំនាញត្រួតពិនិត្យឱ្យបានដិតដល់និងស៊ីជម្រៅលម្អិត។
 
លោ វ៉ាត់ ចំរើន និយាយថា៖«អ្វីដែលបារម្ភ គឺថាដំណើរការនៃការវិវត្តន៍គឺយឺតដែលធ្វើឱ្យថ្នាក់ដឹកនាំមានការបារម្ភ។ សម្តេចពិជ័យសេនា លោកបានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា ឱ្យគណៈកម្មការជំនាញផ្នែកស្នាក់នៅហូបចុកនេះទៅត្រួតពិនិត្យរាល់ថ្ងៃ ឱ្យយោបល់រាលថ្ងៃ តើខ្វះអី បើខ្វះមនុស្សថែម មនុស្ស»។ លោក វ៉ាត់ ចំរើន និយាយដូច្នេះ៕
 
 

Tag:
 CAMSOC
  សម្តេច ទៀ បាញ់
 វ៉ាត់ ចំរើន
 ស៊ីហ្គេម២០២៣)
© រក្សាសិទ្ធិដោយ thmeythmey.com