កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អគ្គលេខាធិការភ្នំពេញក្រោន៖ លិខិតអបអរពី FIFA ជាការទទួលស្គាល់ពីអន្តរជាតិ
01, Feb 2023 , 4:59 pm        
រូបភាព
ក្លិបភ្នំពេញក្រោន លើកពានរង្វាន់​ Cambodian Premier League 2022 រូបពី CPL
ក្លិបភ្នំពេញក្រោន លើកពានរង្វាន់​ Cambodian Premier League 2022 រូបពី CPL
លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា ការទទួលបានលិខិតអបអរពីប្រធាន FIFA លោក Gianni Infantino ចំពោះការគ្រងជើងឯក Cambodian Premier League 2022 (លីគកំពូលកម្ពុជា) គឺជាមោទកភាពយ៉ាងធំសម្រាប់ក្លិប ព្រោះវាបង្ហាញថាអន្ដរជាតិ បានទទួលស្គាល់នូវគុណភាពនៃវិស័យកីឡាបាល់ទាត់ នៅកម្ពុជា។


អគ្គលេខាធិការក្លិបភ្នំពេញក្រោន បានប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាមថា សហព័ន្ធបាល់ទាត់អន្ដរជាតិ (FIFA) តែងផ្ញើរលិខិតអបអរសាទរដល់ក្រុមម្ចាស់ជើងឯកលីគកំពូល នៅតាមប្រទេស ដែលជាសមាជិក FIFA ទាំងអស់។ 
  

ប្រធានក្លិប គ្រូបង្វឹក កីឡាករ និងមន្ដ្រីក្លិបភ្នំពេញក្រោន អបអរក្នុងការឈ្នះពានរង្វាន Cambodian Premier League 2022រូបពី CPL
 
បើតាមលោក លី ហៀង ភ្នំពេញក្រោន ទទួលបានលិខិតនេះ ជាមោទកភាពមួយ សម្រាប់គ្រូបង្វឹក កីឡាករ និងក្រុមការងារក្លិបទាំងអស់ ដើម្បីពង្រឹងវិស័យបាល់ទាត់ រួមទាំងធនធានកីឡាករ-កីឡាការិនី នៅកម្ពុជា។
 
«នេះ គឺជាផ្នែកមួយ ដែលយើងមានមោទកភាព ព្រោះវា ជាការទទួលស្គាល់ផ្លូវការមួយ ទាក់ទងនិងការឈ្នះជើងឯករបស់យើង។ គោលការណ៍សំខាន់របស់ភ្នំពេញក្រោន គឺការអភិវឌ្ឍ។ គ្រប់គ្នា ដឹងថាទាំងថ្នាក់ដឹកនាំ កីឡាករ ក៏ដូចជាក្រុមគ្រូបង្វឹក ចង់អភិវឌ្ឍក្លិបឲ្យក្លាយជាក្លិបអាជីព យើងអភិវឌ្ឍកីឡាករ។ យើង ចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ទាំងអស់គ្នា សម្រាប់ប្រទេសរបស់យើង ហើយអ្វីដែលសំខាន់ គឺការអភិវឌ្ឍធនធានមនុស្ស ទៅរកភាពជាអាជីព ដែលទាក់ទងទៅនិងការប្ដេជ្ញាចិត្ត ជាគោលបំណងរួម ឬក៏ឆន្ទៈក្រុម ក្នុងការសហការគ្នា ដើម្បីឲ្យយើងទទូលបានជោគជ័យ។»។ លោក លី ហៀង បាននិយាយដូច្នេះ។



ក្រៅពីការប្រកួតប្រជែងក្នុងប្រទេស ក្លិបជើងឯកលីគកម្ពុជាមួយនេះ ក៏សម្លឹងមើលការប្រកួតអន្ដរជាតិផ្សេងៗ ជាមួយក្លិបនៃប្រទេសជិតខាង។ ភ្នំពេញក្រោន នឹងត្រូវប្រកួតវគ្គជម្រុះបឋម (Primary Stage Play-off) នៃពានរង្វាន់ AFC Cup ២០២៣-២៤ នៅខែសីហា ខាងមុខ។ ក្លិបកម្ពុជា មានត្រឹមតែកន្លះកៅអីប៉ុណ្ណោះ។
 
លោក លី ហៀង បាននិយាយដូច្នេះថា៖«នេះ គឺជាផ្នែកមួយ ដែលសំខាន់ជាងគេ មិនមែនតែសម្រាប់ក្លិបភ្នំពេញក្រោន ប៉ុន្ដែជាតំណាងប្រទេសកម្ពុជា។ នេះ មានន័យថាប្រសិនភ្នំពេញក្រោនធ្វើបានល្អ កៅអីកាន់តែច្រើន បូករួមជាមួយពិន្ទុក្រុមជម្រើសជាតិទៀត ដែលធ្វើបានល្អដែរ គឺយើងមានកៅអីច្រើន សម្រាប់លេង AFC Cup។ អ៊ីចឹងបានន័យថា មិនមែនមានតែមួយ ឥឡូវយើងមានកន្លះកៅអី ប៉ុន្ដែបើយើងធ្វើបានល្អ យើងអាច ១កៅអីកន្លះ ឬ២កៅអី ដោយស្វ័យប្រវត្តិ អ៊ីចឹងអាចជួយដល់ក្រុមផ្សេងទៀតរបស់កម្ពុជា បានលេងពាននេះ។ ម្យ៉ាងវិញទៀត វាជួយលើកស្ទួយ មុខមាត់បាល់ទាត់របស់កម្ពុជាយើងផងដែរ។ នេះ គឺជាគោលដៅទី១ សម្រាប់យើង។»៕
 
 
 

Tag:
 បាល់ទាត់
  ភ្នំពេញក្រោន
© រក្សាសិទ្ធិដោយ thmeythmey.com