ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ មេប៉ុស្តិ៍នគរបាលកំពង់ស្វាយ ស្នើពលរដ្ឋឱ្យរាយការណ៍ករណីសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន
01, Feb 2023 , 6:59 pm        
រូបភាព
 លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ ដែលស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ ដែលស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ដោយ៖ ឡាន យាកលិញ (យុវជនឃុំកំពង់ស្វាយ)
 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ បានស្នើឱ្យប្រជាពលរដ្ឋនៅក្នុងឃុំ ចូលរួមនៅក្នុងការរាយការណ៍ករណីសង្ស័យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងបញ្ហាផ្សេងៗទៀត មកកាន់អាជ្ញាធរ។
 
សម្រាប់ លោកមេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ ការចូលរួមរបស់ប្រជាពលរដ្ឋ មានប្រយោជន៍ណាស់ នៅក្នុងការកសាងឱ្យភូមិឃុំ មានសុវត្ថិភាព គ្មានគ្រឿងញៀន។ «ក្នុងនាមខ្ញុំជាប៉ុស្តិ៍នគរបាល ខ្ញុំសំណូមពរដល់ប្រជាពលរដ្ឋ ទី១ បើថាយើងដឹងថាក្មេងមានអាការៈអសីលធម៌ មិនសូវល្អ ដើរលេងផ្ដេសផ្ដាសដល់ម៉ោង១០ (ឬ)១១(យប់)  ឈ្វាត់ឆ្វែល​ ត្រូវរាយការណ៍មកសមត្ថកិច្ច ដើម្បីឲ្យសមត្ថកិច្ចចុះស្រាវជ្រាវបន្ត តើក្មេងហ្នឹង ពិតជាមានការពាក់ព័ន្ធសារធាតុញៀន ឬមួយគ្រាន់តែជាក្មេងដើរលេងយប់។ យើងត្រូវឱ្យមានការចូលរួមពីអាជ្ញាធរ ពីប្រជាពលរដ្ឋទាំងអស់ ទើបយើងអាចទប់ស្កាត់បានទាំងអស់។ បើមិនចង់ធ្វើតែអាជ្ញាធរម្នាក់ ក៏ទៅមិនរួចដែរ»។
 
​​វត្តមាននៃគ្រឿងញៀននៅក្នុងមូលដ្ឋាន អាចបង្កឱ្យមានអំពើចោរកម្ម ការប្រើប្រាស់ហិង្សាធ្ងន់​ធ្ងរក្នុងគ្រួសារ ​ និងជាពិសេសប៉ះពាល់ជះឥទ្ធិពលអាក្រក់ដល់ការសិក្សា និងសុខភាពអ្នក​ ប្រើប្រាស់។ លើសពីនេះ វាអាចបង្កអសុត្ថិភាពដល់ស្ត្រី និងកុមារផងដែរ។ លោក ប៉ាង ម៉េង លើកឡើងបែបនេះ រួចលោកបន្ថែមថា ៖ «​បញ្ហាគ្រឿងញៀនវាកើតឡើងនៅក្នុងឃុំ វាពិបាក។

អ៊ីចឹង​ហើយ ត្រូវខំធ្វើម៉េចបំបិទឱ្យបានទាំងស្រុង កុំឱ្យមានករណីនេះកើតឡើងក្នុងឃុំ។ យើងព្យាយាមទី១ គឺការសហការជាមួយអាជ្ញាធរគ្រប់ភូមិទាំងអស់ ឲ្យចុះទៅបង្ក្រាបក្មេងទំនើង​ហើយយកមកធ្វើតេស្ត ដើម្បីចង់ដឹងថាមានមានពាក់ព័ន្ធជាមួយគ្រឿងញៀនឬ​អត់? យើងបង្ក្រាបបាន ហៅឪ​ពុកម្ដាយមកអប់រំ ហើយប្រាប់ថាក្មេងពិតជាបានប្រើប្រាស់ ហើយយើងហ្នឹងពង្រឹងអាជ្ញាធរ​ឱ្យ​សហការជាមួយយើង ដើម្បីយើងទប់ស្កាត់ក្មេងដែលប្រើប្រាស់គ្រឿងញៀនបានច្រើន​»។
 
ក្រៅពីស្នើសុំការចូលរួមពីពលរដ្ឋហើយនោះ ក្នុងនាមជាអាជ្ញាធរដែនដី លោក ប៉ាង ម៉េង បានបង្ហាញការប្តេជ្ញាចិត្ត នៅក្នុងការទប់ស្កាត់បទស្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន ឱ្យ កាន់តែល្អថែមទៀត ​ដើម្បីធ្វើឲ្យបានល្អភូមិ-ឃុំមានសុវត្ថិភាព។ សម្រាប់លោក ក្នុងឃុំគ្មានគ្រឿងញៀន គ្មានក្មេងទំនើង គឺជាមោទកភាពមួយ ក្នុងនាមជាកម្លាំងមានសមត្ថកិច្ចដែលមានតួនាទី ការពារសុវត្ថិភាពជូនពលរដ្ឋ។
 
​សូមជម្រាបថា ក្នុងឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចឃុំ សហការជាមួយកម្លាំងជំនាញស្រុក បង្ក្រាបបានបានករណីជួញដូរគ្រឿងញៀន ធំៗចំ​នួន៥ករណី និងការអប់រំណែនាំអ្នកដែលបានប្រើប្រាស់​ជាង ១០ករណីផ្សេងទៀត៕
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

© រក្សាសិទ្ធិដោយ thmeythmey.com