កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គម្រោងសាមគ្គីអូឡាំពិក៖ អ្នកជំនាញ សង្ឃឹមកីឡាអត្តពលកម្មកម្ពុជា នឹងមានផ្លែផ្កាក្នុងតំបន់អាស៊ី 02, Feb 2023 , 12:29 pm
Oliver Scheer អ្នកជំនាញកីឡាអត្តពលកម្មពិភពលោក។
× លោក Oliver Scheer ជនជាតិអូស្ត្រាលី អ្នកជំនាញការកីឡាអត្តពលកម្មពិភពលោក សង្ឃឹមថាការចូលរួមរបស់សហព័ន្ធអត្តពលកម្មកម្ពុជា ជាមួយគម្រោងសាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម ឆ្នាំ២០២២-២០២៣ នឹងទទួលបានលទ្ធផលល្អទាំងក្នុងតំបន់អាស៊ាន និងតំបន់អាស៊ី។ លោក Oliver Scheer លើកឡើងដូច្នេះក្នុងសន្និសីទសារព័ត៌មាន គម្រោងសាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម នាទីស្នាក់ការ NOCC ថ្ងៃទី៣១ ខែមករា។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្មនេះ គឺជាគម្រោងអភិវឌ្ឍសហព័ន្ធកីឡាជាតិសម្រាប់ប្រភេទកីឡាអូឡាំពិក ក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិកតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយសហការបច្ចេកទេសជាមួយស្ថាប័នអត្តពលកម្មពិភពលោក World Athletics និងសហព័ន្ធខ្មែរកីឡាអត្តពលកម្ម។
គោលបំណងនៃការរៀបចំគម្រោងនេះ គឺដើម្បីឱ្យគណៈកម្មាធិការជាតិអូឡាំពិកអភិវឌ្ឍ និងពង្រឹងរចនាសម្ព័ន្ធនៃការបង្វឹកជាមូលដ្ឋាន និងប្រព័ន្ធគ្រប់គ្រងសហព័ន្ធ កីឡាជាតិតាមរយៈការដាក់ចេញនូវផែនការសកម្មភាព ការបណ្តុះបណ្តាល រយៈពេលមធ្យម ឬ រយៈពេលវែងសម្រាប់ប្រភេទកីឡាដែលមានក្នុងកម្មវិធីការប្រកួតកីឡាអូឡាំពិក។
ជាមួយគ្នានោះដែរ លោក Oliver Scheer អ្នកជំនាញការកីឡាអត្តពលិកម្មពិភពលោក វាយតម្លៃខ្ពស់ចំពោះការចូលរួមសហការយ៉ាក្លាវក្លារបស់មន្រ្តីសហព័ន្ធ ទោះបីមានកិច្ចការរវល់ច្រើនក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ក៏ដូចជាមានការប្រឈមបន្តិចបន្តួចក្នុងការរៀបចំរចនាសម្ព័ន្ធសមាជិកក្តី។
លោក Oliver Scheer និយាយថា៖«សហព័ន្ធមានការសហការបានយ៉ាងល្អពាក់ព័ន្ធនឹងការអភិវឌ្ឍគម្រោងនេះ ទោះបីសហព័ន្ធមានភាពមមារញឹកច្រើនពាក់ព័ន្ធនឹងការត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ខ្ញុំសង្កេតឃើញថាការចូលរួមនេះគឺបានល្អ»។ លោក Oliver បន្ថែមថា ទោះបីជាមានការយឺតយ៉ាវបន្តិចមែនតែការអនុវត្តន៍គឺបានទៅមុខប្រកបដោយភាពរលូនល្អ ហើយអ្នកជំនាញការអត្តពលកម្មពិភពលោករូបនេះ ក៏សង្ឃឹមថាអត្តពលកម្មកម្ពុជា នឹងទទួលបានលទ្ធផលល្អក្នុងកម្រិតតំបន់អាស៊ី។
លោក Oliver Scheer និយាយថា៖«ខ្ញុំសង្ឃឹមថាបន្ទាប់ពីអនុវត្តន៍គម្រោងនេះទៅសហព័ន្ធនឹងទទួលបានលំដាប់ថ្នាក់ទី៥ ក្នុងចំណោមសហព័ន្ធទាំងអស់នៅទូទាំងប្រទេសដែលជាសហព័ន្ធមានការគ្រប់គ្រងអភិបាលកិច្ច ក៏ដូចជាការរៀបចំប្រព័ន្ធមានលក្ខណៈល្អគ្រប់ជ្រុងជ្រោយ។ ខ្ញុំសង្ឃឹមថាសហព័ន្ធនឹងអាចឈានដល់កម្រិតចំណាត់ថ្នាក់ទី៦ ទៅទី៨ក្នុងតំបន់អាស៊ាន ឬក៏អាស៊ី»៕
Tag:
កីឡាអត្តពលកម្ម
Oliver Scheer
ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com