ជាតិ
គ្រូចម្រៀង​បុរាណផ្នែកមហោរី ឌួង ម៉ារ៉ី ទទួល​មរណភាពក្នុងជន្មាយុ៧៧​ឆ្នាំ ដោយ​រោគាពាធ
02, Feb 2023 , 2:39 pm        
រូបភាព
រូបពីហ្វេសប៊ុក ម៉ារ៉ី ឌួង
រូបពីហ្វេសប៊ុក ម៉ារ៉ី ឌួង
ភ្នំពេញ៖ អ្នក​គ្រូ ឌួង ម៉ារ៉ី ដែល​ជា​សិល្បការិនី និង​ជា​គ្រូ​ចម្រៀង​បុរាណ​ ផ្នែក​មហោរី​ បាន​ទទួល​មរណភាព​ នៅ​ថ្ងៃ​ទី​២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​នេះ ក្នុង​ជន្មាយុ​ ៧៧​ឆ្នាំ ដោយ​រោគាពាធ​​។ សព​នឹង​ត្រូ​វ​បូជា​នៅ​ថ្ងៃ​សុក្រ​ ទី​៣ កុម្ភៈ​ វេលាម៉ោង​៣​រសៀល​។ នេះ​បើ​តាម​ហ្វេស​ប៊ុក​របស់​លោក ណុប ចំណាប់​ ដែល​ត្រូវ​ជា​កូន​ប្រុស​ទោល​។
 
លោក ណុប ចំណាប់​ បាន​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​របស់​លោក​​ថា សព​​របស់​អ្នក​ស្រី ឌួង​ ម៉ារ៉ី តម្កល់​ធ្វើ​បុណ្យ​ តាម​ប្រពៃណី នៅ​ផ្ទះ​របស់​លោក​​ ស្ថិត​ក្នុង​ភូមិ​ព្រែកហូរកើត១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​។ លោកក៏​បាន​ប្រកាស​ក្នុង​ហ្វេសប៊ុក​ផង​ដែរ ដោយ​អញ្ជើញ​​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ ចូល​រួម​ពិធី​បុណ្យ​សព​ម្ដាយ និង​ពិធី​រំលាយ​សព​ផង​ដែរ​។
 
លោក ណុប​ ចំណាប់​ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ម្ដាយ​របស់​លោក​ មាន​ជំងឺ​ពុក​ឆ្អឹង​​ អស់​រយៈ​ពេល​២​ឆ្នាំ​មក​ហើយ​។ ហើយ​​១​ឆ្នាំ​ចុង​ក្រោយ​នេះ​ អ្នក​គ្រូ​ត្រូវ​សម្រាន្ត​​លើ​កន្ទេល​រហូត​។ ដោយ​ឡែក​នៅ​មួយ​រយៈ​ពេល​ចុង​ក្រោយ ជំងឺ​នេះ​កាន់​តែ​វិវឌ្ឍន៍​អាក្រក់​ឡើង​។ 
 
ស្ថិត​ក្នុង​ជន្មាយុ​​៧៦​ឆ្នាំ​​អ្នក​គ្រូ ឌួង ម៉ារ៉ី ធ្លាប់​បាន​ឆ្លង​កាត់​ការ​វះ​កាត់​​​គីស​ក្នុង​ថ្លើម​​ម្ដង កាល​ពី​ច្រើន​​ឆ្នាំ​មុន​​។ អ្នក​គ្រូ​ ឌួង​ ម៉ារ៉ី គឺ​ជា​​គ្រូ​ចម្រៀង​មហោរី​ និង​ចម្រៀង​បុរាណ​។ សិល្បការិនី ឌួង ម៉ារ៉ី បាន​ចូល​សិល្បៈ​ តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ ហើយ​ក្រោយ​​សម័យ​សង្គ្រាម​ អ្នក​គ្រូ​បាន​ចូល​សិល្បៈ​ជា​ថ្មី​ចាប់​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ថ្ងៃ​ដែល​អ្នក​គ្រូ​ឈឺ​ក្រោក​មិន​រួច​​។ ចំពោះ​ជីវភាព​វិញ​ លោក​ ណុប ចំណាប់​ ធ្លាប់​បាន​អះអាង​ថា ក៏​ជួប​ការ​លំបាក​ដែរ ព្រោះ​លោក​ជាប់​នៅ​ថែ​ម្ដាយ មិន​អាច​ទៅ​ធ្វើ​ការ​ងារ​បាន​​៕
 

Tag:
 សិល្បៈ​
  ចម្រៀង​
  សិល្បៈ​បុរាណ
  មហោរី​
  មរណភាព​
 
© រក្សាសិទ្ធិដោយ thmeythmey.com