កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កម្ពុជា បញ្ជូនម្ចាស់មេដាយស៊ីហ្គេមលន បញ្ញា ទៅប្រកួតឃីកបុកសីងនៅចិន ដើម្បីទាញសេដ្ឋកិច្ច-ទេសចរ
03, Feb 2023 , 10:59 am        
រូបភាព
 លោកហេង សុខឃន ប្រធានសហព័ន្ធឃីកបុកស៊ីងកម្ពុជា (ឆ្វេង) និងលន បញ្ញា កីឡាករប្រដាល់ឃីកបុកសីងកម្ពុជា
លោកហេង សុខឃន ប្រធានសហព័ន្ធឃីកបុកស៊ីងកម្ពុជា (ឆ្វេង) និងលន បញ្ញា កីឡាករប្រដាល់ឃីកបុកសីងកម្ពុជា
កីឡាករប្រដាល់ឃីកបុកសីងជម្រើសជាតិកម្ពុជា លន បញ្ញា បានទៅដល់ប្រទេសចិនហើយ ដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ WES ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ។ លោក ហេង សុខឃន ប្រធានសហព័ន្ធឃីកបុកស៊ីងកម្ពុជា បញ្ជូនកីឡាករទៅប្រកួតនៅចិន ដើម្បីពង្រឹងទំនាក់ទំនងរវាងចិន-កម្ពុជា និងទាញសេដ្ឋកិច្ច និងទេសចរចិន តាមរយៈកីឡាមួយនេះ។

ការប្រកួតកីឡាប្រដាល់ឃីកបុកសីងកម្មវិធី WES ដែលចិនរៀបចំ មានការចូលរួមពីបណ្តាប្រទេសមួយចំនួនក្នុងនោះក៏មានកម្ពុជា និងថៃផងដែរ។ លន បញ្ញា ម្ចាស់មេដាយប្រាក់ស៊ីហ្គេមនៅវៀតណាម ជាកីឡាករកម្ពុជាម្នាក់គត់ដែលមានឈ្មោះក្នុងកម្មវិធិនេះ ដោយត្រូវប៉ះកីឡាករម្ចាស់ផ្ទះចិនក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម។ ដោយឡែក ៥គូទៀត ជាការជួបគ្នារវាងកីឡាករថៃ ទល់ចិន ក្នុងប្រភេទទម្ងន់ផ្សេងគ្នា។

នាសន្និសីទសារព័ត៌មាននៅភ្នំពេញថ្ងៃទី៣០ ខែមករា លោក ហេង សុខឃន ប្រធានសហព័ន្ធឃីកបុកស៊ីងកម្ពុជា អះអាងថាការចូលរួមរបស់កម្ពុជាក្នុងការប្រកួតនៅចិន មិនត្រឹមតែរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសថ្មីមួយក្នុងការលើកកម្ពស់ប្រដាល់គុនខ្មែរ ឃីកបុកសីង និងប្រដាល់សេរីផងដែរ។
លោក ហេង សុខឃន បន្តថា វត្តមានកីឡាករកម្ពុជាលើទឹកដីចិន នឹងជួយទាក់ទាញទេសចរ និងសេដ្ឋកិច្ច ថែមទៀតផង។

«មានតែកីឡាទេ ដែលអាចបង្កើតទំនាក់ទំនងល្អ សាមគ្គីភាព មិនថាប្រទេសជិតខាង និងប្រទេសដទៃទៀត ហើយនេះជាគោលបំណងកីឡា។ យើងនឹងយកកីឡានេះ បង្ហាញឱ្យគេស្គាល់ ដើម្បីទាញទេសចរ-សេដ្ឋកិច្ចមកកម្ពុជាវិញ» នេះជាការលើកឡើងរបស់លោកប្រធានសហព័ន្ធឃីកបុកសីងកម្ពុជា។

ការបញ្ជូនកីឡាករកម្ពុជាទៅចិន ធ្វើទៅបានដោយសារការសហការរវាងសហព័ន្ធកម្ពុជានិងក្លិបប្រដាល់ចិន LoongHai ដែលមានលោក Guo Yang ជាប្រធាន។

មិនត្រឹមប្រទេសចិនឡើយ សហព័ន្ធក៏គ្រោងនឹងបញ្ជូនអត្តពលិកកម្ពុជាទៅចូលរួមការប្រកួតនៅប្រទេសក្រិកផងដែរ។ ដោយឡែកនាខែមិថុនា ឆ្នាំ ២០២៣ អត្តពលិកកម្ពុជា៤រូបនឹងចូលរួមក្នុងការប្រកួតនៅទឹកដីអាម៉េរិក និង ៤នាក់ផ្សេងទៀតទៅប្រកួតនៅសង្វៀនប្រទេសបារាំង។

លោក ហេង សុខឃន បញ្ជាក់ថា ការបញ្ជូនអត្តពលិកទៅប្រកួតក្រៅប្រទេស ដើម្បីវាស់ស្ទង់សមត្ថភាព ស្របពេលសហព័ន្ធកំពុងផលិតកីឡាករ កីឡាការិនី ដើម្បីប្រកួតប្រជែងមេដាយក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខ៕


Tag:
 ឃីកបុកសីង
  ឡន បញ្ញា
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com