ជាតិ
៥ឆ្នាំ៖ ខេត្តកំពង់ចាម មានរមណីយដ្ឋាន១១កន្លែង, ទាក់ទាញភ្ញៀវទេសចរបានជាង២លាននាក់
04, Feb 2023 , 5:19 pm        
រូបភាព
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
ដោយ:
ខេត្តកំពង់ចាម មានតំបន់រមណីយដ្ឋានប្រាសាទបុរាណតិចជាងបណ្តាខេត្តនានា ប៉ុន្តែអាជ្ញាធរខេត្ត និងមន្ទីរជំនាញ បានជំរុញការគ្រប់គ្រង និងលើកកម្ពស់តំបន់រមណីយដ្ឋាន ក៏ដូចជាបង្កើត និងប្រារព្ធពិធីជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

 
ខេត្តកំពង់ចាម បានទទួលភ្ញៀវទេសចរទៅកម្សាន្តលេងបានជាង២លាននាក់ ក្នុងនោះទេសចរជាតិប្រមាណ២លាន និងភ្ញៀវអន្តរជាតិជាង៤,៨ម៉ឺននាក់។ នេះបើតាមលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី«ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ» របស់រដ្ឋបាលខេត្តកំពង់ចាម។
 
អភិបាលខេត្តរូបនេះ បានរៀបរាប់យ៉ាងដូច្នេះ តំបន់រមណីយដ្ឋានមានចំនួន ១១កន្លែង ក្នុងនោះមានការគ្រប់គ្រងដោយរដ្ឋ ៥កន្លែង និងឯកជន ៦កន្លែង។ រមណីយដ្ឋានប្រវត្តិសាស្ត្រមាន ៤កន្លែង រួមមានប្រាសាទអង្គបាជ័យ ភ្នំហានជ័យ ភ្នំជើងព្រៃ និងភ្នំប្រុសភ្នំស្រី, រមណីយដ្ឋានធនជាតិប្រវត្តិសាស្ត្រមួយកន្លែង គឺប្រាសាទបាធាតុទឹកឆា, រមណីយដ្ឋានធម្មជាតិ ៣កន្លែង គឺបឹងធំ កោះប៉ែន ទំនប់តាកុច និងរមណីយដ្ឋានកែច្នៃ ៣កន្លែង មានកសិទេសចរណ៍ថ្មដាទឹកឆា នាគស្មៅ និងហាន់ជ័យរីស្សត់។
 
លោក ចាន់ដា បានលើកឡើងថា តំបន់រមណីយដ្ឋានទាំងនោះ បច្ចុប្បន្នមានការរំលាភបំពានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងក្រុមឈ្មួញមួយចំនួន ដែលបានចូលទៅកាន់កាប់នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទបុរាណ។ លោកបន្តថា ដោយមើលឃើញពីការអភិរក្ស និងអភិវឌ្ឍនៃប្រាសាទបុរាណនេះ រដ្ឋបាលខេត្ត បានសម្រេចបង្កើតក្រុមការងារ ដើម្បីគ្រប់គ្រង និងការពាររមណីយដ្ឋាន ដែលមានការចូលរួមពីមន្ទីរវប្បធម៌ មន្ទីរទេសចរណ៍ អាជ្ញាធរដែនដី រួមទាំងមន្ទីរពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ 
 
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា៖«ដំណើរការនៃការគ្រប់គ្រងនេះ គឺធ្វើបានល្អ ដែលទទួលបានការសាទរពីប្រជាពលរដ្ឋនៅទីនោះ ហើយក៏បានទាក់ទាញភ្ញៀវទេសចរភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនផងដែរ»។
 
លោក អ៊ុន ចាន់ដា បានបន្ថែមថា ដើម្បីធានាការគ្រប់គ្រងតំបន់រមណីយដ្ឋានឱ្យបានល្អ និងធានាការការពារបរិស្ថាន ឱ្យតម្លៃទៅលើបេតិកភណ្ឌ និងផ្នែកបុរាណវិទ្យា រដ្ឋបាលខេត្តកំពង់ចាម បានដំណើរការក្រុមការពារតំបន់ទាំងនោះ ដើម្បីចៀសវាងការទុកចោល ហើយរង់ចាំការបំផ្លាញពីជនខិលខូចដែលមិនបានយល់ពីតម្លៃវប្បធម៌។ លោកបន្តថា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ រដ្ឋាបាលខេត្តកំពង់ចាម បានរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីចូលររួមអបអរសាទរក្នុងពិធីបុណ្យនានាផងដែរ៕
 

Tag:
 ភ្ញៀវទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com