ជាតិ
សិល្បះ
អ្នកស្រី ឌួង ម៉ារ៉ី៖ ពេញមួយជីវិត ភ្ជាប់ខ្លួនជាមួយវិស័យចម្រៀងបុរាណ
04, Feb 2023 , 6:59 pm        
រូបភាព
គ្រូបង្រៀន​ចម្រៀងបុរាណ ទម្រង់​មហោរី អ្ន​កស្រី ឌួង ម៉ារ៉ី (រូប​ពី​ហ្វេសប៊ុក ម៉ារ៉ី ឌួង)
គ្រូបង្រៀន​ចម្រៀងបុរាណ ទម្រង់​មហោរី អ្ន​កស្រី ឌួង ម៉ារ៉ី (រូប​ពី​ហ្វេសប៊ុក ម៉ារ៉ី ឌួង)
ភ្នំពេញ៖ ពេញមួយជីវិត ស្មោះស្ម័គ្រនឹងចម្រៀងបុរាណ បើទោះបីជាទម្រង់មួយនេះ មិនបានធ្វើឱ្យអ្នកស្រី ឌួង ម៉ារ៉ី គ្រូបង្រៀនចម្រៀងបុរាណ ទម្រង់មហោរី មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ និងត្រូវបានសង្គមទូទៅតម្កុំតម្កើងក្ដី។ ដោយហេតុអ្វី? គឺក្ដីស្រឡាញ់។
 
អ្នកស្រី ឌួង ម៉ារី ធ្លាប់បានផ្ដល់បទសម្ភាសដល់គម្រោងរបាំខ្មែរ (Khmer Dance Project) ថាអ្នកស្រី
 
កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៥០ (ប៉ុន្តែកូនប្រុសរបស់អ្នកស្រី គឺលោក ណុប ចំណាប់ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ កាលពីពេលដែលអ្នកស្រី ឌួង ម៉ារ៉ី ធ្លាក់ខ្លួនឈឺធ្ងន់ ក្នុងអំឡុងឆ្នាំ២០២២ ថាម្ដាយរបស់លោកមានជន្មាយុ៧៦ឆ្នាំ។ ទារិកា ឌួង ម៉ារ៉ី បានចាប់កំណើតក្នុងឃុំពោធិអង្ក្រង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (បច្ចុប្បន្នឃុំពោធិអង្ក្រង ស្ថិតក្នុងស្រុក បរសេដ្ឋ)។ 
 
ស្មោះស្ម័គ្រនឹងចម្រៀងបុរាណ នៃទម្រង់មហោរី
 
អង្គុយក្នុងបរិវេណប្រាសាទបុរាណខ្មែរមួយកន្លែង អ្នកស្រី ឌួង ម៉ារ៉ី បានប្រាប់គម្រោងរបាំខ្មែរ (Khmer Dance Project) ថា ក្រោយរួចរស់ជីវិតពីសម័យសង្គ្រាមខ្មែរក្រហម មានគ្រូសិល្បៈជាច្រើន បានព្យាយាមអូសទាញអ្នកស្រី ឱ្យទៅបង្រៀនក្នុងសាលារបស់អ្នកស្រី ដោយឱ្យច្រៀនចម្រៀងប្រពៃណី ប៉ុន្តែអ្នកស្រីមិនទៅ។ មិនទៅក៏ព្រោះតែអ្នកស្រីស្រឡាញ់ទម្រង់មហោរី។ ហើយអ្នកស្រីក៏មិនចង់ផ្លាស់ប្ដូរកន្លែងការងារច្រើនដែរ បើទោះជាកន្លែងថ្មីទទួលបាន ប្រាក់ចំណូលច្រើនជាកន្លែងចាស់ក៏ដោយ។
 
មិនចង់ដូរពីទម្រង់មហោរី ទៅទម្រង់ប្រពៃណី ឬទម្រង់ផ្សេងៗទៀត ក៏ព្រោះតែក្រោយប្រទេសមានសន្តិភាពភ្លាមៗ អ្នកចម្រៀងបុរាណ នៅសល់មនុស្សតិចតួចបំផុត គឺប្រមាណតែ៣រូបប៉ុណ្ណោះ។ ហើយចាប់ពីពេលនោះ អ្នកស្រីដាក់ចិត្តដាក់កាយ ស្មោះស្ម័គ្រនឹងចម្រៀងបុរាណ រហូតដល់ថ្ងៃដែលអ្នកស្រីធ្លាក់ខ្លួនឈឺ មិនអាចច្រៀងបានបន្តទៀត។
 
អ្នកស្រីបន្ថែម៖«អ្នកបុរាណមិនមានទេ គេមិនចង់ហាត់រៀនទេ។ គេមិនចូលចិត្តបុរាណ ព្រោះអង្គុយបត់តែជើង មិនបានចេញមុខចេញមាត់អី ដូចក្មេងឥឡូវ។ ពិសេសគឺលុយកាក់។ ខាងបុរាណហ្នឹងមិនសូវមានតម្លៃទេ គេមិនសូវគិតគូរទេ។ រាល់ថ្ងៃគិតតែធ្វើការទេ ប៉ុន្តែបើឱ្យគ្រប់គ្រាន់ដូចជាប្រាក់ខែអី គឺគ្មានទេ។ ប៉ុន្តែវាស្រឡាញ់ទៅហើយ ជាជំនាញរបស់យើង យើងចេះតែធ្វើទៅ។ ប៉ុន្តែឱ្យមានបាន គឺមិនមានទេ ទៅមិនរួចទេ»។ 
 
ពិបាកទទួលបានភាពល្បីល្បាញ មិនធ្វើឱ្យមានទ្រព្យស្ដុកស្ដម្ភ មិនសូវទទួលបានកិត្តិយសពីសង្គមទូទៅ បន្ថែមភាពលំបាកក្នុងការហាត់ច្រៀងទៀតនោះ ជាឧបសគ្គរាំងស្ទះទម្រង់ចម្រៀងបុរាណ រីកសុសសាយ។ គ្រូបង្រៀនចម្រៀងបុរាណ ឌួង ម៉ារី ពន្យល់បន្ថែម«ចម្រៀងបុរាណច្រៀងមិនដូចចម្រៀងសម័យទេ។ យើងមិនអាចប្រើសំឡេងខ្មោចទេ យើងប្រើតែសំឡេងធម្មជាតិ។ ដូចជាបទធំៗ យើងស្រែកឱ្យអស់សំឡេង។ ប៉ុន្តែឥឡូវហ្នឹងភ្លេងហ្នឹងទៀត គេធៀបរបៀបអន្តរជាតិទៀត។ ហើយច្រៀងស្រែកឡើងខូចសំឡេង។ បើយើងច្រៀងបែបបុរាណ គេថាយើងនិយាយ។ ឥឡូវធ្វើម៉េច បើចូលក្នុងហ្នឹងទៅហើយ ចេះតែទៅៗ»។
 
ចូលចិត្តច្រៀងតាំងពីនៅក្មេង
 
អ្នកស្រី ម៉ារ៉ី អះអាងថា គាត់មានឧបនិស្ស័យ និងចេះច្រៀងតាំងតែពីក្មេង គឺប្រហែលជាអាយុ១១-១២ឆ្នាំ ដោយផ្ដើមចេញពីការច្រៀងបទចម្រៀងសម័យ។ ប្រហែលអាយុ១៤ឆ្នាំ កុមារី ឌួង ម៉ារ៉ី ត្រូវបានគេអញ្ជើញឱ្យទៅច្រៀងចម្រៀងសម័យ ហើយកាលនោះនាងច្រៀងផងរៀនផង។ ក្រោយមកទៀត ដោយសារតែមានសម្លេងល្អ កុមារី ម៉ារ៉ី ក៏ត្រូវបានរោងល្ខោនបាសាក់មួយ អញ្ជើញឱ្យទៅចូលរួមក្នុងក្រុមល្ខោននោះ ដោយដើរតួកូន។ 
 
ចម្រើនវ័យបន្តិច ឌួង ម៉ារ៉ី បានឈប់ពីក្រុមល្ខោន ដោយនៅបន្តច្រៀងចម្រៀងសម័យ នៅតាមរោងការ។ ដោយសារតែមានសំឡេងល្អហើយពីរោះ ភាពល្បីល្បាញនេះបានឮទៅដល់ សាលាតូរ្យតន្ត្រីមួយនៅរាជធានីភ្នំពេញ។ ម៉ារ៉ី ត្រូវបានសាលានោះស្នើឱ្យនាង ទៅរៀនពត់សំឡេងបន្ថែម ក្នុងអំឡុងឆ្នាំ ១៩៦៧-៦៨។ ប៉ុន្តែនាងបដិសេធ។ ជាកូនស្រីកំព្រាម្ដាយ ខណៈពេលនោះឪពុករបស់ ម៉ារ៉ី បានជំរុញឱ្យនាងចេញទៅភ្នំពេញ ក្រែងទទួលបានភាពត្រចះត្រចង់។ 
 
«គេសួរខ្ញុំ ខ្ញុំថាខ្ញុំមិនទៅទេ។ ប៉ុន្តែឪពុកខ្ញុំថា ទៅក៏ទៅៗ ក្រែងលោមាននិស្ស័យ។ ខ្ញុំមិនមានម្ដាយទេ។ ខ្ញុំនៅតែថាមិនទៅទេ ប៉ុន្តែម្ដាយធំខ្ញុំថា ទៅៗ ចាំគាត់ជូនទៅ។ ខ្ញុំក៏មក ហើយសាកច្រៀង។ ពីដើមគេថតជាថាស»។ នេះជាការបញ្ជាក់របស់អ្នកស្រី ឌួង ម៉ារ៉ី ដែលស្ថិតក្នុងជន្មាយុប្រមាណជាង៥០ឆ្នាំ។
 
យុវតីមកពីខេត្តកំពង់ស្ពឺរូបនេះ បានចូលរៀនក្នុងសាលាតូរ្យតន្ត្រីឯរាជធានីភ្នំពេញ ជាមួយសិស្សដទៃទៀតមកពីខេត្តបាត់ដំបង ដោយមានការទំនុកបម្រុង ពីម្ចាស់សាលានោះផ្ទាល់តែម្ដង គឺលោក ម៉ៅ វិណ្ណា។ អ្នកស្រីបន្ថែមទៀតថា ដោយពេញចិត្តនឹងសំឡេងរបស់អ្នកស្រីខ្លាំង លោក ម៉ៅ វិណ្ណា បានព្យាយាមឃាត់អ្នកស្រី មិនឱ្យត្រឡប់ទៅស្រុកវិញឡើយ។
 
បន្ថែមពីនោះ ក្នុងអំឡុងឆ្នាំ១៩៦៨-៦៩ លោក ម៉ៅ វិណ្ណា បានអញ្ជើញគ្រូជាបុរស ពីព្រះបរមរាជវាំង ឱ្យមកបង្រៀនចម្រៀងបុរាណ ទម្រង់មហោរី ដល់ កញ្ញា ម៉ារ៉ី ក្រោយពីនាងនិយាយថា នាងចង់រៀនច្រៀងបុរាណ។
 
«កាលនៅរៀន ខ្ញុំរៀនមិនសូវចូលទេ(ចម្រៀងបុរាណ) ព្រោះនៅតូចដែរ។ ប៉ុន្តែខ្ញុំឆាប់ចាំ បទតូចៗអីហ្នឹងខ្ញុំឆាប់ចាំ។ ដល់ពេលដែល ពូ សាមុត និង សុទ្ធា ច្រៀងបទ “អូនអើយមើលនោះសត្វទីទុយ” នោះ ខ្ញុំបន្ទរហើយ។ លោកគ្រូគាត់ឱ្យទៅ ព្រោះជាបទរបស់គាត់(លោក ម៉ៅ វិណ្ណា) ហើយបទ “អាធ្រាត្រឆ្មាក្អក” អីហ្នឹង។ គាត់លក់ឱ្យចិន។ ចិនមកស្ដាប់រាល់យប់ ហើយយើងហាត់រាល់យប់»។ នេះជាការបញ្ជាក់បន្ថែមលោកអ្នកស្រី ឌួង ម៉ារ៉ី។
 
ខកខានច្រៀងជាមួយអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ព្រោះរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ
 
ក្នុងឆ្នាំ១៩៧០ កញ្ញា ម៉ារ៉ី អាចមានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួន នៅលើកញ្ចក់ទូរទស្សន៍ ដោយត្រៀមច្រៀងជាមួយលោក ស៊ីន ស៊ីសាមុត ដែលអ្នកស្រីហៅថា (ពូសាមុត) ប៉ុន្តែដោយសារតែរដ្ឋប្រហារទម្លាក់ សម្ដេច នរោត្តម សីហនុ ឱកាសនោះក៏បាត់បង់ទៅវិញ ដោយនាងនៅតែច្រៀងដាក់ថាសដដែល។ 
 
អ្នកស្រីបញ្ជាក់៖«គាត់(លោក ម៉ៅ វិណ្ណា) ប្រុងឱ្យខ្ញុំច្រៀងជាមួយពូ សាមុត ហើយពូ សាមុត ក៏និយាយអ៊ីចឹងដែរ ថាកុំឱ្យមានតែ សុទ្ធា អ៊ីចឹងណា។ ដល់ទៅសាក ក៏ច្រៀងបាន គាត់ចង់តម្កើងយើងអ៊ីចឹងណា។ ប៉ុន្តែចំពេលទម្លាក់សម្ដេច គេក៏បិទចម្រៀងស្នេហា ខ្ញុំក៏ត្រឡប់ទៅស្រុកវិញ»។
 
ទៅស្រុកមិនទាន់បានមួយឆ្នាំផង គឺនៅក្នុងអំឡុងឆ្នាំ១៩៧០ ម៉ារ៉ី ក៏វិលត្រឡប់មករាជធានីភ្នំពេញវិញ ដើម្បីជួបគ្រូរបស់ខ្លួនគឺលោក ម៉ៅ វិណ្ណា។ ក្រោយពីបានជួបគ្រូ កញ្ញា ម៉ារ៉ី ក៏ចូលរៀនក្នុងវង់តន្ត្រីបុរាណ ព្រោះយល់ថាខ្លួនឯង ពិបាកនឹងចូលក្នុងក្រុមសម័យ។ ម្យ៉ាងគ្រូរបស់នាង ក៏ផ្ដល់យោបល់ឱ្យនាងរើសបុរាណដែរ ព្រោះត្រូវនឹងកិរិយារមទមរបស់នាងនោះឯង។
ចាប់ពីពេលនោះមក នាងបានទៅរស់នៅនិងរៀនសូត្រ ជាមួយអ្នកស្រី ប៉ែន ថាច ជាគ្រូចម្រៀងបុរាណ ក្នុងព្រះបរមរាជវាំង។ នារីសុភាពរាបសារូបនេះ បានចូលប្រឡូកក្នុងវិស័យចម្រៀងបុរាណជាប់លាប់ តាំងពីចុងឆ្នាំ១៩៧០ រហូតដល់ថ្ងៃដែលប៉ុលពោត វាយបែករាជធានីភ្នំពេញ។ 
 
អ្នកស្រីពន្យល់បន្ថែម៖«កាលសម័យនោះមិនមានបែងចែក ចម្រៀងប្រពៃណីផ្សេង បុរាណផ្សេងដូចឥឡូវទេ ដូច្នេះយើងច្រៀងទាំងអស់។ កាលនោះមានគ្នា៣-៤-៥នាក់ដែរ ប៉ុន្តែឥឡូវស្លាប់អស់ហើយ។ ខ្ញុំច្រៀងរហូតទាល់តែដល់សម័យប៉ុលពត ទើបខ្ញុំឈប់។ កាលនោះខ្ញុំឈប់ច្រៀងសម័យហើយ គឺច្រៀងតែបុរាណទេ»។
 
ស្រមោលអតីត នៅតែជារបួសមិនអាចព្យាបាលជា
 
គ្រូចម្រៀងបុរាណដែលមានសក់ខ្លីត្រឹមករូបនេះ និយាយទាំងស្រងេះស្រងោចថា ក្រោយពីប៉ុលពតកាន់អំណាច អ្នកស្រីបានធ្វើដំណើរទៅផ្ទះម្ដាយឪពុកក្មេក នៅខេត្តព្រៃវែង ទាំងដែលមានកូនក្នុងផ្ទៃ៧ខែ។ ទៅដល់ផ្ទះបានតែ៧ថ្ងៃ ស្វាមីនិងឪពុកក្មេកអ្នកស្រី ត្រូវបានទាហានប៉ុលពតចាប់យកទៅ។ អ្នកស្រីត្រូវសម្រាលកូនជាមួយម្ដាយក្មេក និងមើលថែកូនដោយគ្មានប្ដីនៅក្បែរ។

គ្រូបង្រៀន​ចម្រៀងបុរាណ ទម្រង់​មហោរី អ្ន​កស្រី ឌួង ម៉ារ៉ី (រូប​ពី​ហ្វេសប៊ុក ម៉ារ៉ី ឌួង)
 
អួលដើមករគាំងស្ដីទៅមុខមិនរួច ឈប់ស្ងៀមមួយស្របក់ ហើយភ្នែកខំទប់ទឹក ដែលហូរចេញឯងមិនជាប់ ត្រូវយកដៃជូតវាសចេញយ៉ាងលឿន អ្នកស្រីបន្តទាំងយំខ្សឹកខ្សួល ៖«សម័យប៉ុលពតពិបាកណាស់ ឱ្យតែនឹកដល់ ខ្ញុំពិបាកនិយាយ។ កម្សត់ពេក។ ពេលគេយកប្ដីខ្ញុំទៅ គេថាយកទៅរៀនសូត្រតែមួយអាទិត្យទេ។ ប៉ុន្តែចេះតែចាំបាត់ៗ»។ 
 
បានមួយរយៈក្រោយ មានអ្នកដែលធ្លាប់ជួបស្វាមីរបស់អ្នកស្រី នៅជិតទល់ដែន។ ប្ដីរបស់អ្នកស្រី បានផ្ដាំអ្នកដំណើរថា ប្រសិនបើថ្ងៃក្រោយទៅមានគ្រោះថ្នាក់ណាមួយ គាត់សុំជួបមុខកូនបានតែម្ដងក៏អស់ចិត្ត។ ពេលឮបែបនេះ ស្រ្តីកូនខ្ចីដែលទើបតែសម្រាលកូន បានប្រហែលជាង២ខែ ម៉ារ៉ី បានបីកូនទៅរកប្ដី ដោយមានជំនួយពីស្ត្រីម្នាក់ ដែលបានជួបស្វាមីរបស់អ្នកស្រី។ អ្នកស្រីបានយកសំពុតអាវ ជាថ្លៃឈ្នួលសម្រាប់ស្ត្រីនាំផ្លូវនោះ។ ទៅដល់កន្លែងប្ដីស្នាក់នៅហើយ ក្រុមភ្នាក់ងារខ្មែរក្រហម បដិសេធមិនឱ្យអ្នកស្រីជួបប្ដីឡើយ ដោយលើកហេតុផលថា មិនមានឈ្មោះ ណុប សំអាង ដែលរកនោះទេ។
 
រង់ចាំមួយថ្ងៃមួយយប់នៅតែមិនបានជួបប្ដី អ្នកស្រីក៏បីកូនត្រឡប់ទៅផ្ទះវិញ។ លុះក្រោយមកម្ដាយក្មេករបស់អ្នកស្រី ក៏បានទៅរកកូនប្រុសម្ដង។ អ្នកស្រី ម៉ារ៉ី បានដំណាលពីអ្វីដែលម្ដាយក្មេកប្រាប់ ទាំងអួលណែន៖«ម្ដាយខ្ញុំបានជួបប្ដីខ្ញុំតាមផ្លូវ ប៉ុន្តែគាត់មិនស្គាល់កូនទេ។ គាត់គិតក្នុងចិត្តថា ចិនមកពីណា បានមកជាប់នៅទីនោះដែរ។ ព្រោះប្ដីខ្ញុំគាត់ខ្ពស់ កម្ពស់ជាង១.៧០ម៉ែត្រ។ ប្ដីខ្ញុំស្គមពេក ម្ដាយខ្ញុំមើលមិនស្គាល់»។ 
 
ដូចលើកមុនដែរ ម្ដាយក្មេកអ្នកស្រី ម៉ារ៉ី មិនបានជួបកូនទេ ព្រោះភ្នាក់ងារនៅទីនោះមិនព្រមឱ្យជួប ក្រោមហេតុផលដដែល។ អស់សង្ឃឹមម្ដាយក្មេកអ្នកស្រី បានដើរត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែជាសំណាងល្អ មានអ្នកធ្វើស្មៅក្បែរនោះ បាននាំដំណឹងទៅប្រាប់លោក ណុប សំអាង។ ក្នុងពេលកំពុងងូតទឹកក្បែរផ្លូវ លោក សំអាង បានរត់ទៅរកម្ដាយយ៉ាងរហ័ស។ គ្រាន់តែឃើញម្ដាយភ្លាម លោកបានលុតជង្គង់ថ្វាយបង្គំម្ដាយភ្លែត ព្រោះខ្លាចថានៅពេលស្លាប់បាត់ គ្មានឱកាសនោះ។ 
 
«គ្រាន់តែឃើញកូនភ្លាមគាត់យំ(ម្ដាយក្មេក) ប៉ុន្តែមិនហ៊ានមើលមុខគ្នាទេ។ ម្ដាយខ្ញុំបានឱ្យបាយទៅប្ដីខ្ញុំ ហើយគាត់ក៏ត្រឡប់មកវិញ។ ម្ដាយខ្ញុំគាត់យំរហូត។ ប្ដីខ្ញុំគាត់មិនចេះលួចអ្វីទេ គេឱ្យគាត់ហូបប៉ុណ្ណា គាត់ក៏ហូបប៉ុននោះ» នេះជាការដំណាលបន្តពីម្ដាយក្មេក។
 
ក្រោយមកទៀតអ្នកស្រី ឌួង ម៉ារ៉ី តែងតែព្យាយាមបីកូន ទៅរកប្ដីជាច្រើនលើកច្រើនសា បើទោះបីជាមិនបានជួបប្ដីក៏ដោយ។ ដំណើរនោះត្រូវក្រោកពីម៉ោង៣ទៀបភ្លឺ រៀងរាល់ពេលទៅរកប្ដីនៅទល់ដែន។ ទីបំផុតអ្នកស្រីបានជួបប្ដីដូចបំណង។ អ្នកស្រីបានលើកទឹកចិត្តប្ដី កុំឱ្យព្រួយបារម្ភ។ ហើយប្ដីអ្នកស្រីក៏ពុំបានធ្វើឱ្យអ្នកស្រីព្រួយចិត្តដែរ ដោយលោកបានប្រាប់ថា លោកនឹងខំប្រឹងប្រែងធ្វើការងារ ក្រែងឆាប់បានទៅជួបប្រពន្ធកូនវិញ។
 
បានជួបគ្នាតែប៉ុន្មានដងប៉ុណ្ណោះ ប្ដីអ្នកស្រីក៏ទទួលមរណភាព។ ដំបូងអ្នកស្រីមិនបានដឹងដំណឹងនោះឡើយ ប៉ុន្តែអ្នកស្រីបានសុបិនឃើញថា ប្ដីអ្នកស្រីបានស្លាប់ ដោយខ្លួនដេកលើដី។ ទោះជាយ៉ាងណា អ្នកស្រីបែរជាគិតថា ប្ដីរបស់អ្នកស្រីប្រហែលជាមិនអីទេ។ អ្នកស្រីសម្រេចចិត្តទៅជួបប្ដីជាថ្មីទៀត នៅព្រឹកបន្ទាប់។ ដំណើរលើកនេះ អ្នកស្រីបានលីងសាច់មាន់យកទៅឱ្យប្ដីផង។ ប៉ុន្តែពេលទៅដល់ គាត់ពុំបានជួបប្ដីឡើយ ឃើញតែថង់ច្រករបស់របរ ដែលអ្នកស្រីបានយកទៅផ្ញើប្ដីកាលពីដំណើរលើកមុន។ ក្រោយពីសួរអ្នកនៅតំបន់ជាមួយប្ដីច្រើនលើក ទើបគេហ៊ានប្រាប់ថា ប្ដីរបស់អ្នកស្រីបានស្លាប់ហើយ។
 
អួលដើមក៏និយាយសឹងស្ដាប់មិនបាន អ្នកស្រីបន្ថែម៖«ខ្ញុំគ្រាន់តែឮភ្លាមខ្ញុំយំ។ ខ្ញុំថាបើប្ដីខ្ញុំបានកាន់កាំភ្លើងតែម្ដងខ្ញុំក៏អស់ចិត្ត ចុះម្ដេចប្ដីខ្ញុំត្រូវមកស្លាប់ដោយគ្មានកំហុសបែបនេះ? ខ្ញុំដើរចេញមក មានគេម្នាក់ដើរមកតាមខ្ញុំ ហើយហៅខ្ញុំឈប់។ គេប្រាប់ថា ប្ដីខ្ញុំបានផ្ដាំ កុំឱ្យខ្ញុំគិត ឱ្យខំនៅខំមើលថែកូន»។
 
ក្រោយពីប្ដីស្លាប់ ខ្មែរក្រហមបានជម្លៀសអ្នកស្រីទៅខេត្តពោធិសាត់។ ទៅទីនោះ អ្នកស្រីថាគាត់កាន់តែជួបការវេទនាទ្វេដង។ រស់នៅពោធិសាត់បានមួយរយៈ ខ្មែរក្រហមបានចាញ់សង្គ្រាម ប្រទេសជាតិត្រូវបានរំដោះ។ អ្នកស្រីបានធ្វើដំណើរត្រឡប់ទៅភ្នំពេញ ជាមួយកូន ម្ដាយក្មេង និងប្អូនថ្លៃ ដោយស្នាក់នៅទួលគោក ហើយចាប់ផ្ដើមចូលសិល្បៈបុរាណវិញ ចាប់ពីពេលនោះ។ 
 
កសាងជីវិតថ្មី ដោយសិល្បៈចម្រៀងបុរាណ
 
ដោយសារតែចេះច្រៀនបុរាណបានគ្រប់ទម្រង់ ទាំងល្ខោន ទាំងរបាំ ទាំងប្រពៃណី និងមហោរី ទើបបានជាអ្នកស្រីមានការងារធ្វើមិនដាច់ នៅក្នុងក្រសួងវប្បធម៌។ អ្នកស្រីរំលឹកថា ក្រោយសម័យសង្គ្រាមផុតរលត់ទៅ អ្នកចម្រៀងបុរាណ(មហោរី)ក៏នៅសល់តិចដែរ គឺនៅសល់តែ៣រូបប៉ុណ្ណោះ ដែលចូលមករាជធានី និងបម្រើការឱ្យរដ្ឋ។ 
ក្រោយមកក្នុងអំឡុងឆ្នាំ១៩៩០ អ្នកស្រីមានជំងឺឈឺក មិនអាចនិយាយបានអស់រយៈពេល២ឆ្នាំ។ គ្រានោះអ្នកស្រីរំលឹកថា មានកម្មវិធីទៅសម្ដែងនៅក្រៅប្រទេសជាច្រើន ដូចជាអាមេរិក និងអង់គ្លេសជាដើម ប៉ុន្តែអ្នកស្រីមិនបានទៅនឹងគេឡើយ ព្រោះតែជំងឺនោះ។ 
 
បើតាមអ្នកស្រី ឌួង ម៉ារ៉ី ចម្រៀងមហោរី មានរាប់ពាន់បទ ហើយអ្នកស្រីចាំមិនអស់ឡើយ។ អ្នកស្រីថា ក្នុងរឿងល្ខោនបុរាណមួយ មានចម្រៀងប្រមាណជា២០ទៅ៣០បទ។ ពីមួយជំនាន់ទៅមួយជំនាន់ ចេះតែសល់តិចទៅៗ។ អ្នកច្រៀងចាំបានប៉ុន្មាន ក៏ច្រៀងប៉ុណ្ណោះ ព្រោះបទនេះពិបាកចាំ។ អ្នកស្រីបានកត់បទចម្រៀងនោះទុកដែរ ដើម្បីទុកជាឯកសារសម្រាប់ក្មេងជំនាន់ក្រោយ។ 
 
អ្នកម្ដាយដែលបានក្លាយជាស្ត្រីមេម៉ាយ តាំងពីអាយុ២៨ឆ្នាំរូបនេះ បានរស់នៅជាមួយកូនប្រុសតែម្នាក់របស់ខ្លួន គឺលោក ណុប ចំណាប់ តាំងពីប្ដីលាចាកលោកទៅ ដោយមិនយកគ្រួសារថ្មីឡើយ។ អ្នកម្ដាយរូបនេះ បានចងក្រងនិងថតឯកសារចម្រៀងបុរាណ ទុកឱ្យកូនប្រុសរៀន ប្រសិនបើកូនចង់ ប៉ុន្តែកូនអ្នកស្រីស្រឡាញ់សិល្បៈសម័យ។
 
«ខ្ញុំបានច្រៀង ហើយបានថតបទមហោរីទុកឱ្យកូន បើអស់ពីខ្ញុំទៅ គឺទុកឱ្យកូនរៀន។ ប្រសិនបើកូនចង់រៀន។ ប៉ុន្តែកូនខ្ញុំថាមិនចង់រៀនទេ។ គាត់ស្រឡាញ់ចម្រៀងសម័យ។ កូនខ្ញុំក៏ជាអ្នកចម្រៀងដែរ តែចម្រៀងសម័យ»។ នេះជាការបញ្ជាក់បន្ថែមរបស់គ្រូចម្រៀងមហោរី ឌួង ម៉ារ៉ី។
 
អ្នកគ្រូ ឌួង ម៉ារ៉ី ដែលជាសិល្បការិនី និងជាគ្រូចម្រៀងបុរាណ ទម្រង់មហោរី បានទទួលមរណភាព នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
លោក ណុប ចំណាប់ ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា ម្ដាយរបស់លោក មានជំងឺពុកឆ្អឹង អស់រយៈពេល២ឆ្នាំមកហើយ។ ហើយ១ឆ្នាំចុងក្រោយនេះ អ្នកគ្រូត្រូវសម្រាន្តលើកន្ទេលរហូត។ ដោយឡែកនៅមួយរយៈពេលចុងក្រោយ ជំងឺនេះកាន់តែវិវឌ្ឍន៍អាក្រក់ឡើង។ 
 
ស្ថិតក្នុងជន្មាយុ៧៦ឆ្នាំអ្នកគ្រូ ឌួង ម៉ារ៉ី ធ្លាប់បានឆ្លងកាត់ការវះកាត់គីសក្នុងថ្លើមម្ដង កាលពីច្រើនឆ្នាំមុន។ អ្នកគ្រូ ឌួង ម៉ារ៉ី គឺជាគ្រូចម្រៀងមហោរី និងចម្រៀងបុរាណ។ សិល្បការិនី ឌួង ម៉ារ៉ី បានចូលសិល្បៈ តាំងពីសម័យសង្គមរាស្ត្រនិយម ហើយក្រោយសម័យសង្គ្រាម អ្នកគ្រូបានចូលសិល្បៈជាថ្មីចាប់ពីឆ្នាំ១៩៧៩ រហូតដល់ថ្ងៃដែលអ្នកគ្រូឈឺក្រោកមិនរួច។ ចំពោះជីវភាពវិញ លោក ណុប ចំណាប់ ធ្លាប់បានអះអាងថា ក៏ជួបការលំបាកដែរ ព្រោះលោកជាប់នៅថែម្ដាយ មិនអាចទៅធ្វើការងារបាន៕
 

Tag:
 សិល្បៈ
  ចម្រៀង
  បុរាណ
  ចម្រៀងបុរាណ
  មហោរី
  ឌួង ម៉ារ៉ី
© រក្សាសិទ្ធិដោយ thmeythmey.com