ជាតិ
បទសម្ភាសន៍
២៣ឆ្នាំក្នុងភារកិច្ច លោក ខៀវ ច័ន្ទ មិនបានធ្វើអាក្រក់ចំពោះអង្គរ
05, Feb 2023 , 3:19 pm        
រូបភាព
សៀមរាប៖ លោក ខៀវ ច័ន្ទ មន្រ្តីនៃអាជ្ញាធរជាតិអប្សរា បានសិក្សាវគ្គ «តានៃ» ជាមួយលោក វណ្ណ មូលីវណ្ណ និងសាស្រ្តាចារ្យ អាំង ជូលាន។ លោក ខៀវ ច័ន្ទ បានបម្រើការងារជាមួយអាជ្ញាធរជាតិអប្សរា អស់រយៈពេល ២៣ឆ្នាំមកហើយ។ បុរាណវិទូរូបនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសិក្សាស្រាវជ្រាវជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមស្រាវជ្រាវមកពីបរទេស។
 
ដើម្បីជ្រាបច្បាស់ សូមទស្សនាបទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មាន នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក ខៀវ ច័ន្ទ មន្រ្តី នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖ 
 
 
វគ្គសិក្សាតានៃទី១ បានចាប់ផ្ដើមឡើងកាលពីខែវិច្ឆិកា ឆ្នាំ១៩៩៩ រហូតដល់ខែមេសា ឆ្នាំ២០០០។ កម្មសិក្សាការី ត្រូវរៀននៅក្នុងអាគារឈើមួយនៅប្រាសាទតានៃ។ វគ្គសិក្សាតានៃទី១នេះ មានសិស្សសរុបចំនួន ២០នាក់ ដែលមានសិស្សបុរាណវិទ្យា ៨នាក់ ស្ថាបត្យកម្ម ៨នាក់ និងវិស្វករ ៤នាក់។ វគ្គនេះ បង្រៀនដោយលោកសាស្រ្តាចារ្យ វណ្ណ មូលីវណ្ណ លោកបណ្ឌិតនរវិទ្យា អាំង ជូលាន និងលោកស្រី អាស្លី ថមសុន។ 
 
ជាសិស្សម្នាក់ ក្នុងចំណោមសិស្ស២០នាក់ នៃវគ្គតានៃទី១ លោក ខៀវ ច័ន្ទ បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា លោក វណ្ណ មូលីវណ្ណ ជាមនុស្សហ្មត់ចត់ខ្លាំង។ លោក វណ្ណ មូលីវណ្ណ ដែលធ្លាប់ជាប្រធានអាជ្ញាធរជាតិអប្សរា បានប្រាប់សិស្សទាំងអស់ឱ្យក្លាយជាមនុស្សមានការទទួលខុសត្រូវខ្ពស់។ 
 
ឆ្លើយនឹងសំណួរថាតើលោក ខៀវ ច័ន្ទ មានមោទកភាពបែបណា ដែលបានក្លាយជាសិស្សបិតាស្ថាបត្យកម្ម វណ្ណ មូលីវណ្ណ លោក ខៀវ ច័ន្ទ បានសម្រក់ទឹកភ្នែកភ្លាម។ បុរសដែលមើលទៅ ម៉ឺងម៉ាត់ និងរឹងមាំរូបនេះ ប្រែជាទុនជ្រាយមួយរំពេច។ 
 
«វាហួសពីការថ្លែង ដែលយើងមានឳកាសជួបជាមួយមនុស្សចាស់ ដែលមានកិត្តិយស មានចំណេះ។ ខ្ញុំមិនដឹងរកនិយាយយ៉ាងដូចម្ដេចឱ្យត្រូវ។ …មានមនុស្សមិនច្រើនទេ ដែលទទួលការអប់រំពីលោក»។ លោក ខៀវ ច័ន្ទ ថ្លែងទាំងទឹកភ្នែករលីងរលោងដូច្នេះ។ 
 
២៣ឆ្នាំ លោក ខៀវ ច័ន្ទ បានបំពេញការងារជាច្រើននៅក្នុងអាជ្ញាធរជាតិអប្សរា។ បុរាណវិទូរូបនេះ បានក្លាយជាអ្នកស្រាវជ្រាវដ៏សំខាន់ម្នាក់ជាមួយក្រុមការងារស្រាវជ្រាវដទៃទៀត។ ការងារ ដែលលោកបានចូលរួមសិក្សាជាមួយមន្រ្តី និងអ្នកស្រាវជ្រាវពីបរទេសកាលពីថ្មីៗនេះ គឺគម្រោងស្រាវជ្រាវ «ផ្លូវបុរាណ»៕ 


 

© រក្សាសិទ្ធិដោយ thmeythmey.com