ជាតិ
បុរាណវិទូ ពន្យល់ពី អក្សរ ជប៉ុន ចិន និងភូមា នៅអង្គរវត្ត
05, Feb 2023 , 4:39 pm        
រូបភាព
ព្រះបរមវិស្ណុលោក ជាឈ្មោះដើមរបស់ប្រាសាទអង្គរវត្ត។ ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ដើម្បីឧទ្ទិសជូនព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។  
 
ដើម្បីជ្រាបច្បាស់ សូមទស្សនាការពន្យល់របស់លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និងលោក សែម វណ្ណា អ្នកសារព័ត៌មាន នៃសារព័ត៌មានឌីជីថលថ្មីៗ ដូចខាងក្រោម៖
 
 
នៅសតវត្សរ៍ទី១៦ ព្រះបាទអង្គច័ន្ទទី១ ឬព្រះបាទច័ន្ទរាជា បានយាងមកអង្គរ ដើម្បីរៀបចំបុរាណស្ថានមួយចំនួន ឱ្យបានសមរម្យឡើងវិញ។ ចាប់តាំងពីពេលនោះមក អង្គរវត្ត បានក្លាយជាទីគោរពបូជាដ៏ល្បីល្បាញខាងព្រះពុទ្ធសាសនា មិនត្រឹមតែខ្មែរប៉ុណ្ណោះទេ មានទាំងជនជាតិបរទេសមកពីទីជិត ឆ្ងាយ មកគោរពប្រត្តិបត្តិ និងទស្សនាអង្គរផងដែរ។
 
នៅអង្គរវត្ត មានគំនូរជាច្រើនប្រភេទ។ គំនូររូបទាំងអស់ មានជិត២០០ផ្ទាំង  ដែលលោក អ៊ឹម សុខរិទ្ធី បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានវិភាគ ដោយប្រើប្រាស់ការថតរូបបែបឌីជីថល និងប្រើកម្មវិធីវិភាគរបស់អង្គការ Nasa។ នៅរូតព្រះពាន់ និង ជាន់បាកាណ ក៏មានគំនូសអក្សរចិន ជប៉ុន ភូមា និងខ្មែរ ដែលមានអាយុកាលតាំងសតវត្សរ៍ ទី១៥ និង១៦ មក។ 
 
លោក អ៊ឹម សុខរិទ្ធី បានថ្លែងថា គំនូរអក្សរទាំងអស់នេះ គឺជាភស្តុតាងសំខាន់សម្រាប់អ្នកស្រាវជ្រាវគ្រប់ជំនាន់។ អក្សរប្រទេសនៅអាស៊ី និងអឺរ៉ុប ទាំងនោះ បញ្ជាក់ថា អង្គរវត្តមិនត្រូវបានបោះបង់ចោលនោះទេ ទោះបីព្រះមហាក្សត្រខ្មែរ បានប្ដូររាជធានីជាច្រើនលើកក៏ដោយ។ 
 
នាអំឡុងសតវត្សរ៍ទី១៦ អង្គរវត្ត បានក្លាយជាប្រាសាទពុទ្ធសាសនាដ៏ធំមួយនៅអាស៊ី។ អ្នកកាន់សាសនាព្រះពុទ្ធ បានមកធ្វើបុណ្យតាមពិធីសាសនាព្រះពុទ្ធនាពេលនោះ។ យោងតាមឯកសារអឺរ៉ុប នៅពាក់កណ្ដាលទី២នៃសតវត្សរ៍ទី១៩ មានជនជាតិ កូឡា (ភូមា) ជាច្រើនបាន មករស់នៅ និងធ្វើជំនួញនៅភាគឦសាននៃស្រុកសៀម និងបាត់ដំបង។
 
«អក្សរភូមានេះ មិនមែនជនជាតិភូមា ធ្វើដំណើរពីប្រទេសភូមាមកចារទេ។ អ្នកចារអក្សរនេះ គឺជាជនជាតិភូមា ដែលមកធ្វើជំនួញនៅខេត្តប៉ៃលិន»។ នេះជាការថ្លែងរបស់លោកបុរាណវិទូ អ៊ឹម សុខរិទ្ធី៕ 
 

Tag:
 គំនូរអាថ៌កំបាំង
  អក្សរចិននៅអង្គរ
  អក្សរជប៉ុននៅអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com