ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វ័យ៧២ឆ្នាំ លោក សាន បុនិកា បង្កើតម៉ាស៊ីនស្ទូង និងព្រោះស្រូវ ជួយដល់កសិករ
06, Feb 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ មានវ័យ៧២ឆ្នាំ លោក សាន បុនិកា មានគំនិតបង្កើតគ្រឿងយន្តកសិកម្ម ដើម្បីសម្រួលដល់កសិករដែលធ្វើស្រែ។ បើតាមបណ្ឌិតកសិកម្ម ផ្នែកសាកវប្បកម្ម មកពីអាម៉េរិករូបនេះ ម៉ាស៊ីនព្រោះ និងម៉ាស៊ីនស្ទូង ជាផ្នែកមួយជួយកាត់បន្ថយការចំណាយ ពេលវេលា រួមទាំងកម្លាំងពលកម្ម។

 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកានៃសារព័ត៌មាន Thmey Thmey 25 ជាមួយលោក សាន បុនិកា អ្នកបង្កើតម៉ាស៊ីនព្រោះ និងស្ទូងស្រូវដូចតទៅ៖

 
 
នៅឆ្នាំ២០១៣ លោក សាន បុនិកា បណ្ឌិតកសិកម្ម ផ្នែកសាកវប្បកម្ម មកពីអាម៉េរិក បានបង្កើតម៉ាស៊ីនព្រោះស្រូវឡើង ក្រោយជួបផលលំបាកក្នុងការប្រមូលមនុស្សមកជួយស្ទូងស្រូវរបស់លោក។ ដើម្បីស្ទូងស្រូវ១ហិកតា លោក បុនិកា ត្រូវការកសិករប្រមាណ ៤០នាក់ និងត្រូវជិះរថយន្តទៅដឹកកសិករពីតាមផ្ទះមកស្ទូង។ 
 
«ដើម្បីឱ្យបានរួចរាល់១ហិកតា គឺត្រូវការនារី ៤០នាក់ ដល់អ៊ីចឹងទៅ ខ្ញុំអង្គុយគិតថា ចុះបើយើងយកមកធ្វើអ៊ីចឹង ខ្ញុំក៏ខាត នារីក៏ខាត តើយើងធ្វើដើម្បីអ្វី។ ខ្ញុំត្រូវតែរកដំណោះស្រាយមួយ អ៊ីចឹងក៏ខ្ញុំមានគំនិតមួយ នៅឆ្នាំ២០១៣ បង្កើតម៉ាស៊ីនព្រោះស្រូវជាជួរ»។ នេះជាការរៀបរាប់របស់លោក សាន បុនិកា ពីសាវតារដែលនាំឱ្យបង្កើតគ្រឿងយន្តកសិកម្មនេះ។
 
លោក សាន បុនិកា អះអាងថា ការបង្កើតគ្រឿងយន្តកសិកម្មនេះ គឺជួយសម្រួលដល់កសិករ ជាពិសេសកាត់បន្ថយស្រ្តី៤០នាក់ នៅក្នុងស្រែ ឱ្យមានតែបុរស២នាក់វិញ។ លើសពីនេះ កាត់បន្ថយពេលវេលាពី៨ម៉ោង មកសល់ត្រឹម២ម៉ោង តាមរយៈការប្រើប្រាស់គ្រឿងយន្តកសិកម្ម។

ម៉ាស៊ីនស្ទូងស្រូវរបស់លោក សាន បុនិកា ដែលប្រជាកសិករកំពុងប្រើប្រាស់
 
បន្ទាប់ពីជោគជ័យលើការផលិតម៉ាស៊ីនព្រោះស្រូវ លោក សាន បុនិកា បានចាប់ផ្ដើមបង្កើតម៉ាស៊ីនស្ទូងស្រូវ ដើម្បីស្របតាមការប្រែប្រួលអាកាសធាតុ។ នាពេលថ្មីៗនេះ ម៉ាស៊ីនស្ទូងរបស់លោក បុនិកា ត្រូវបានដាក់ឱ្យកសិករនៅខេត្តកំពង់ឆ្នាំង ប្រើប្រាស់សម្រាប់ស្ទូងស្រូវ។
 
បុរសវ័យចំណាស់រូបនេះ លើកឡើងពីមូលហេតុផលិតម៉ាស៊ីនស្រូវដូច្នេះ៖ «ដោយសារឆ្នាំទៅ ភ្លៀងមិនឈប់ កសិករព្រោះមិនបាន ដែលធ្វើឱ្យគាត់ធ្វើស្រែមិនបាន។ ដូច្នេះខ្ញុំមានគំនិតបង្កើតម៉ាស៊ីនស្ទូង។ ខ្ញុំបានទិញម៉ាស៊ីនស្ទូងដៃពីចិន និងវៀតណាមយកមកបំបែក ដើម្បីជួយសម្រួលដល់កសិករ»។ 
 
បើតាមលោក បុនិកា ចំពោះម៉ាស៊ីនស្ទូងនេះ កសិករចំណាយពូជតែ ៤០គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយហិកតា។ ជាមួយគ្នានេះ ជួយកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់ស្មៅ, ថ្នាំសម្លាប់សត្វល្អិត និងជួយនៅពេលស្រែមានទឹកច្រើន មិនអាចព្រោះបានផងដែរ។ លោក បុនិកា បន្តថា ម៉ាស៊ីនទាំងនេះ មិនមានតម្លៃខ្ពស់ឡើយ ពោលម៉ាស៊ីនស្ទូង មានតម្លៃ ១២៥០ដុល្លារ និងម៉ាស៊ីនព្រោះ មានតម្លៃ ១៧៨០ដុល្លារ។

ម៉ាស៊ីនស្ទូងស្រូវរបស់លោក សាន បុនិកា
 
«ខ្ញុំរស់នឹងកសិកម្ម»។ បណ្ឌិតកសិកម្មរូបនេះ យល់ថាវិស័យកសិកម្មមានតម្លៃសម្រាប់លោក។ ក្រោយបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ផ្នែកសាកវប្បកម្ម នៅអាម៉េរិក លោក បុនិកា បានវិលត្រឡប់មាតុភូមិវិញ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ លោក បរិយាយពីអារម្មណ៍ចំពោះវិស័យកសិកម្មបែបនេះ៖ «ខ្ញុំរស់នឹងកសិកម្ម ហើយខ្ញុំស្លាប់នឹងកសិកម្ម។ មិត្តភក្តិខ្ញុំមកពីអាម៉េរិកច្រើនណាស់ តែគេមិនមែនជាកសិករ គេមិនស្គាល់តម្លៃកសិកម្ម គេប្រឡូកក្នុងនយោបាយ តែខ្ញុំប្រឡូកនឹងភក់ »។ 
 
លោក បុនិកា ស្វាគមន៍ចំពោះការសហការរបស់ពលរដ្ឋគ្រប់រូប ដែលចង់កែប្រែ និងចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម។ ក្រៅពីនេះ លោក សាន បុនិកា ក៏រីករាយនឹងចុះទៅដាំស្រូវជូនប្រជាកសិករ ប្រសិនបើមានការសហការពីអង្គការ ឬអាជ្ញាធរមូលដ្ឋាននានា។ ទន្ទឹមនឹងនេះ លោក បុនិកា បានសំណូមពរដល់ក្រសួងកសិកម្ម និងរដ្ឋាភិបាល ជួយសម្រួលដល់លោក ជាពិសេសពាក់ព័ន្ធនឹងទុននៃការបង្កើតគ្រឿងយន្តទាំងនេះ៕
 

Tag:
 កសិកម្ម
  គ្រឿងយន្តកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com