កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន៖ សុំអគ្គិកីឡានៅអង្គរស័ក្តិសមបំផុត ដូចដែលក្រិកធ្វើលើកំពូលភ្នំអូឡាំព្យា
07, Feb 2023 , 11:30 am        
រូបភាព
ដោយ:
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ថាការរៀបចំពិធីសុំភ្លើងព្រះអគ្គិកីឡានៅតំបន់អង្គរ ពិតជាស័ក្តិសម និងស្របតាមគោលការណ៍របស់កីឡាអូឡាំពិកអន្តរជាតិ ដែលតែងតែសុំភ្លើងអគ្គិកីឡាពីលើកំពូលភ្នំអូឡាំព្យា នាប្រទេសក្រិក។
 
ពិធីសុំភ្លើងព្រះអគ្គិកីឡាសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលមានព្រះរាជាធិបតីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នឹងធ្វើឡើងនៅបរិវេណប្រាសាទអង្គរ ក្នុងខេត្តសៀមរាប នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។  ក្រោយការផ្តល់ភ្លើងអគ្គិកីឡា (ភ្លើងគប់) នឹងចាប់ផ្តើមហែចេញពីខេត្តសៀមរាប ឆ្លងតាមខេត្តជាប់ដងទន្លេសាប និងប្រទេសតំបន់អាស៊ាន១០ផ្សេងទៀត មុនត្រឡប់មកកម្ពុជាវិញនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ 
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់ថាការប្រារព្ធពិធីសុំភ្លើងអគ្គិកីឡា នៅទឹកដីអង្គរជាការជ្រើសរើសដ៏ស័ក្តិសមបំផុត ក្នុងនាមជាម្ចាស់ផ្ទះ ដ្បិតនឹងធ្វើឱ្យពិភពលោកស្គាល់ពីអរិយធម៌របស់កម្ពុជាកាន់តែច្រើន។
 
«យើងដឹងហើយថាអង្គរជាដែនដីពិសិដ្ឋមួយរបស់ព្រះរាជាណាចក្រកម្ពុជា ហើយជានិមិត្តរូបរបស់អត្តសញ្ញាណជាតិរបស់យើង»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន មុនបន្ថែមថាការរៀបចំពិធីសុំភ្លើងព្រះអគ្គិកីឡានៅតំបន់អង្គរពិតជាសាកសម និងស្របតាមគោលការណ៍របស់កីឡាអូឡាំពិកអន្តរជាតិ ដែលតែងតែសុំភ្លើងអគ្គិកីឡាពីលើកំពូលភ្នំអូឡាំព្យា ក្នុងប្រទេសក្រិក។
 
ពិធីសុំភ្លើងព្រះអគ្គិកីឡាក៏នឹងមានវត្តមានកីឡាករ-កីឡាការិនី ដែលជាម្ចាស់ក្បាច់គុនកីឡាអត្តសញ្ញាណជាតិរបស់កម្ពុជាផងដែរ។ លោក វ៉ាត់ ចំរើន ក្រើនរំលឹកថា ការសុំភ្លើងអទិទេព(ព្រះអគ្គិកីឡា) សម្រាប់ដំណើរការកីឡាស៊ីហ្គេមឆ្នាំ២០២៣ នេះ ត្រូវមានចិត្តស្មោះសរ ទើបទទួលបានជោគជ័យ។
 
«ពិធីសុំភ្លើងអទិទេព គេតែងធ្វើនៅកន្លែងណាដែលស័ក្តិសិទ្ធិ។ តំបន់អង្គរនេះមានការប្រកួតកីឡាមួយចំនួនដែលមានលក្ខណៈស្តង់ដារអន្តរជាតិ»។ លោក វ៉ាត់ ចំរើន ថានេះជាការបន្សល់ទុករបស់បុព្វបុរសអង្គរដែលមានទីលានល្អទាំងអង្គរវង់តូច និងអង្គរវង់ធំ ពិសេសភ្នំគូលែនជាទីតាំងសម្រាប់ការប្រកួតវិញ្ញាសាកង់ភ្នំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។
 
លោក វ៉ាត់ ចំរើន លើកឡើងថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា នឹងបង្ហាញឱ្យភ្ញៀវទេសចរយល់ដឹងពីសក្តានុពល ទេសចរណ៍ ប្រវត្តិសាស្រ្ត វប្បធម៌ របស់កម្ពុជា តាំងពីភ្នំគូលែន រហូតមកដល់រាជធានីអង្គរ។ 
 
លោកអគ្គលេខាធិការ CAMSOC ចង់បង្ហាញសក្តានុពល វប្បធម៌ឱ្យអស់ពីសមត្ថភាពដែលកម្ពុជាអាចធ្វើទៅបាន ហើយម្ចាស់ផ្ទះត្រូវតែធ្វើយ៉ាងណាឱ្យពិភពលោកស្គាល់អំពីវប្បធម៌, អរិយធម៌ និងភាពរុងរឿង ស្របពេលនេះជាឳកាសមាស ឳកាសប្រាក់ របស់កម្ពុជារៀបព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ៕
 

Tag:
 ស៊ីហ្គេម២០២៣
 វ៉ាត់ ចំរើន
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com