កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ការ៉ាតេ៖ មន្រ្តីសហព័ន្ធ ជំរុញអត្តពលិកពង្រឹងបច្ចេកទេសបន្ថែម ស្របពេលស៊ីហ្គេមជិតមកដល់
07, Feb 2023 , 3:02 pm        
រូបភាព
ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២។ រូបពីសហព័ន្ធកីឡាការ៉ាតេកម្ពុជា
ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២។ រូបពីសហព័ន្ធកីឡាការ៉ាតេកម្ពុជា
ដោយ:
លោក សាមឺឌី ស៊ីសុវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាជំរុញឱ្យកីឡាករ-កីឡាការិនីពង្រឹងសមត្ថភាពបន្ថែម ពិសេសបច្ចេកទេស ដើម្បីបង្កើនលទ្ធភាពប្រជែងមេដាយនៅស៊ីហ្គេមឆ្នាំ២០២៣។ លោក ស៊ីសុវឌ្ឍនា លើកឡើងដូច្នេះក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែកុម្ភៈ នាសាលដំបូលទូក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោយមើលឃើញភាពខ្វះខាតរបស់អត្តពលិក ស្របពេលព្រឹត្តិការណ៍ជិតមកដល់។
 
«កីឡាករ-កីឡាការិនី និងថ្នាលទាំងអស់ត្រូវបន្តស្វែងយល់បន្ថែមទៀតលើបច្ចេកទេសវិញ្ញាសាប្រកួតរបស់ខ្លួនដើម្បីលើកកម្ពស់សមត្ថភាពក្នុងការដណ្តើមជ័យលាភី ជូនជាតិរបស់យើង»។ លោក សាមឺឌី ស៊ីសុវឌ្ឍនា និយាយដូច្នេះ ក្រោយមើលឃើញកីឡាករ-កីឡាការិនីថ្នាលនៅមានចំនុចខ្វះខាត ជាពិសេសបច្ចេកទេស ដែលត្រូវពង្រឹងបន្ថែម សម្រាប់ការប្រកួតស៊ីហ្គេម និងការប្រកួតលើឆាកអន្តរជាតិនានា។ 
 
ក្រោយបញ្ចប់ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ គេរកឃើញអត្តពលិកមកពីក្រសួងការពារជាតិទទួលបានមេដាយច្រើនជាងគេ ក្នុងចំណោមការចូលរួមពីបណ្តាលក្លិប-សមាគម ចំនួន២១។ 
 
ក្រសួងការពារជាតិឈរលេខ១ ក្នុងនោះមេដាយមាស១០ ប្រាក់៥ និងសំរិទ្ធ៤, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ក្នុងនោះមេដាយមាស៦ ប្រាក់១ និងសំរឹទ្ធ៦ ខណៈក្លិបហនុមាន ឈរលេខ៣ ក្នុងនោះមេដាយមាស៥ ប្រាក់៩ និងសំរឹទ្ធ៨។
 
ចំណែកក្រសួងមហាផ្ទៃ ឈរលេខ៤ ក្នុងនោះមេដាយមាស៤ ប្រាក់៤ និងសំរឹទ្ធ៦ លេខ៥ បានទៅក្លិបរស្មីព្រះអាទិត្យ មេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ២ សាកលវិទ្យាល័យផារ៉ាហ្គន ឈរលេខ៦ មេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ៦ និងលេខ៧ សម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេ មេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១។
 
ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី៣-៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានកីឡាករ-កីឡាការិនី ២៤៨នាក់ មកពីបណ្តាលក្លិប-សមាគម ចំនួន២១ នៅសាលដំបូលទូក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
 

Tag:
 កីឡាការ៉ាតេ
 សាមឺឌី ស៊ីសុវឌ្ឍនា
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com