កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គុនខ្មែរ៖ Thiago ថានឹងវាយ ធឿន ធារ៉ា សន្លប់លើសង្វៀន
07, Feb 2023 , 4:51 pm        
រូបភាព
កីឡាករប្រេស៊ីល Thiago (ឆ្វេង) និងកីឡាករកម្ពុជា ធឿន ធារ៉ា (ស្តាំ)។
កីឡាករប្រេស៊ីល Thiago (ឆ្វេង) និងកីឡាករកម្ពុជា ធឿន ធារ៉ា (ស្តាំ)។
ដោយ:
Thiago Teixeira កីឡាករប្រដាល់ជនជាតិប្រេស៊ីល សន្យាថានឹងផ្តួលកីឡាករគុនខ្មែរ ធឿន ធារ៉ា ឱ្យសន្លប់នៅលើសង្វៀនប្រដាល់ Town ខេត្តស្វាយរៀង ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ IPCC នៅទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
 
«ធារ៉ា ជានិមិត្តរូបកំពូលតារាកម្ពុជាបច្ចុប្បន្ន តែការហ្វឹកហាត់របស់ខ្ញុំខ្លាំង ខ្ញុំនឹងមិនផ្តល់ឱកាសឱ្យគាត់ទេ ចាំតែសន្លប់ទៅ»។ កីឡាករ Thiago Teixeira ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិកហ្វេសប៊ុកដូច្នេះ។ មិនត្រឹមតែប៉ុណ្ណឹងអ្នកប្រដាល់រហស្សនាម កណ្តាប់ដៃថ្មមកពីប្រេស៊ីល បានប្រាប់ទៅកាន់ អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា ថា ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់។
 
កីឡាករ Thiago Teixeira ហ្វឹកហាត់នៅក្លិបប្រដាល់ Super 8 Muay Thai នាប្រទេសថៃ ជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន WMC ៣សម័យ និងស្ថាប័ន WMF ១សម័យកាលផងដែរ។ Thiago មានប្រវត្តិប្រកួត ១០៧លើក ឈ្នះ៨៤ ចាញ់២០ និងស្មើ៣ ធ្លាប់ផ្តួលដៃគូប្រកួតឱ្យសន្លប់លើសង្វៀន ៣៦លើកផងដែរ ក្នុងនោះប្រកួតចុងក្រោយឈ្នះកីឡាករអាល្លឺម៉ង់ Pascal Schroth ដោយពិន្ទុ។ សម្រាប់Thiago កណ្តាប់ដៃជាគុនវុធសម្លាប់ស្នៀតគូប្រកួតរបស់គេនៅលើសង្វៀន។
 
ចំណែកកីឡាករ ធឿន ធារ៉ា ជាម្ចាស់ខ្សែក្រវាត់ស្តេចថៃ King Of Muay Thai ក្រោយឈ្នះកីឡាករ សៃយុគ ភុមផាន់មឿង កាលពីឆ្នាំ២០២២ នៅសង្វៀន Thai Fight ប្រទេសថៃ។ ប្រវត្តិប្រកួតនៅលើសង្វៀន ១១០លើក ឈ្នះ៨៥លើក ចាញ់១០លើក និងស្មើ១៥លើក ប្រកួតចុងក្រោយស្មើកីឡាករថៃ សាមី បេនឆាមេក។
 
គួបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់ IPCC  រវាងកីឡាករគុនខ្មែរអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា និងកីឡាករប្រេស៊ីលកណ្តាប់ដៃថ្ម Thiago Teixeira លើប្រភេទទម្ងន់ ៧៧គីឡូក្រាម នឹងធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នាសង្វៀនប្រដាល់ Town៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ធឿន ធារ៉ា
  Thiago Teixeira
© រក្សាសិទ្ធិដោយ thmeythmey.com