កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អ្នកលេងបាល់ទះក្រៅផ្លូវការ កំពុងបំផ្លាញវិស័យកីឡានេះ!
08, Feb 2023 , 11:29 am        
រូបភាព
ការប្រកួតបាល់ទះនៅក្រៅផ្លូវការកន្លងមក។
ការប្រកួតបាល់ទះនៅក្រៅផ្លូវការកន្លងមក។
អ្នកលេងបាល់ទះក្រៅផ្លូវការ មួយចំនួនធំ ដែលលេងជាលក្ខណៈមិត្តភាព និងភ្នាល់ដាក់ប្រាក់នោះ កំពុងបំផ្លាញទម្រង់ និងបច្ចេកទេសលេង នៅក្នុងការប្រកួត។ ពួកគេទាំងនោះ ហាក់ពុំទាន់ដឹងថា ការលេងខុសទម្រង់ដើមបែបនេះ វាជះឥទ្ធិពលបែបណា ដល់វិស័យបាល់ទះនោះទេ។


ទម្រង់លេងបាល់ក្រៅផ្លូវការបច្ចុប្បន្ន មានទាំងការចាប់បាល់បោក ទាំងម្រាមដៃប្រាំ ឬម្រាមដប, ការចាប់បាល់ជាប់នឹងដៃ មុននឹងប៉ះសេទៅស្មាត់។ ចំណែកអ្នកប៉ះសេខ្លះ ចាប់អូសបាល់ពីឆ្វេងបោះទៅស្ដាំ និងចាប់បាល់អូសពីស្ដាំបោះទៅឆ្វេង ឬអូសពីក្រោមឡើងលើ ប៉ះទៅស្មាត់វាយផ្ដាច់ជាដើម។ នេះមិនទាន់រាប់ទាំងការលេង ដោយការប្រើកៅអី ដើមឫស្សី និងក្ដាជាដើម សម្រាប់វាយបាល់ទះ ជំនួសដៃផង។
 
ដោយសារតែជាការប្រកួតក្រៅផ្លូវជាលក្ខណៈមិត្តភាព និងភ្នាល់ប្រាក់នោះ ទើបអ្នកលេងភាគច្រើន មិនបានគិតពីបច្ច័យអាក្រក់ ដល់វិស័យបាល់ទះកម្ពុជា ក៏ដូចជាបាល់ទះសាកល។ លទ្ធផលអាក្រក់នោះ គឺវាធ្វើឱ្យក្មេងជំនាន់ក្រោយ ដែលឃើញពួកគេលេងបែបនេះ យកគំរូ និងអនុវត្តតាមពួកគេបន្ដិចម្ដងៗ រហូតដល់ភ្លេចទម្រង់បច្ចេកទេសដើម។
 
ការណ៍នេះ វាក៏ធ្វើឱ្យវិស័យបាល់ទះកម្ពុជា ដែលកំពុងរីកចម្រើនបច្ចុប្បន្ន ប្រែជាចុះខ្សោយវិញ។ ជាពិសេសវាធ្វើឱ្យបរទេសមើលងាយដល់វិស័យបាល់ទះស្រុកខ្មែរផងដែរ។ កន្លងមក ធ្លាប់មានបរទេសយកវីដេអូនៃការប្រកួតក្រៅផ្លូវការរបស់កីឡាករខ្មែរ ដែលលេងខុសទម្រង់ដើមនេះ ទៅTroll ចំអកលេងសើច និងជេរប្រមាថទៀតផង។
  


ទំនងជាអ្នកលេងបាល់ទះក្រៅផ្លូវការទាំងនោះ មិនមានការឈឺចាប់នោះទេ នៅពេលបរទេសមើលងាយ និងសើចចំអកចំពោះការលេងខុសវិជ្ជាជីវៈបែបនេះ។ ប៉ុន្តែសម្រាប់អ្នកស្នេហាវិស័យបាល់ទះ និងគោរពវិជ្ជាជីវៈនៃការលេងនោះ ពួកគេប្រាកដជាមានអារម្មណ៍ឈឺចាប់ នៅពេលបរទេសសើចចំអកមកលើការលេងក្រៅផ្លូវការ ដោយខុសទម្រង់ដើមនេះ។
 
ដូច្នេះដើម្បីចូលរួមការពារ និងលើកកម្ពស់វិស័យបាល់ទះនៅកម្ពុជា នោះអ្នកលេងក្រៅផ្លូវការទាំងអស់ ត្រូវប្រកួតតាមបច្ចេកទេសឱ្យបានត្រឹមត្រូវ ពោលគឺមិនត្រូវចាប់បោក ឬប៉ះសេជាប់ដៃឡើយ។ អ្នកប៉ះសេ ត្រូវបាញ់បាល់ឱ្យលឿន សម្រាប់ស្មាត់វាយផ្ដាច់ ដោយមិនត្រូវចាប់បាល់ជាប់ ហើយរេរង់តាមអេឡង់ស្មាត់នោះទេ។
 
ចំណែកស្មាត់វិញ ក៏មិនត្រូវចាប់បាល់បោក ទាំងម្រាមដៃប្រាំ ឬម្រាមដប និងយកដៃទ្របាល់ទម្លាក់ចុះ ក្នុងតំបន់គូប្រកួតដែរ ពោលគឺត្រូវវាយបាល់ខ្លាំង ឬវាយស្រាល , វាយបាល់កៀក និងខ្ពស់-ទាប , វាយចម្ងាយ៣ម៉ែត្រ ឬវាយត្រាវែលខ្លី-វែង តាមបច្ចេកទេសជាដើម។ ហើយបើចង់ប្រើបច្ចេកទេស លួចស៊ីគូប្រកួតនោះ ត្រូវប្រើក្រញាំឥន្ទ្រីយ៍ ឬម្រាម២បានហើយ ។ នេះគ្រាន់តែជាបច្ចេកទេសខ្លះៗ ក្នុងចំណោមបច្ចេកទេសជាច្រើនទៀត ក្នុងវិស័យបាល់ទះ ដែលកីឡាករប្រកួតក្រៅផ្លូវការ គួរប្រកាន់ខ្ជាប់។
 
កន្លងមកសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានហាមមិនឱ្យលេងបាល់ទះខុសបច្ចេកទេសដើម នៅក្នុងការប្រកួតក្រៅផ្លូវការផងដែរ។ លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា សហព័ន្ធបាល់ទះកម្ពុជា កំពុងរៀបចំ​លក្ខន្តិកៈទាក់ទងនឹង​ការ​ប្រកួតក្រៅផ្លូវការ «លេង​បាយ​បាន» នៅតាម​ក្លិប​ក្នុងរាជធានីភ្នំពេញ និង​បណ្តា​ខេត្ត។ ជាពិសេស​មិនអនុញ្ញាតឲ្យ​កីឡាករលេង «ចាប់បាល់បោក» ដែល​បង្ហាញ​គំរូមិនល្អ និងមិនមាន​ស្តង់ដារត្រឹមត្រូវ។
  


អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជារូបនេះ ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា ៖«យើងក្នុងនាមជាសហព័ន្ធ តែងតែអំពាវនាវ ធ្វើយ៉ាងណាឱ្យមាន​ការ​លេង​តាមស្តង់ដារ ព្រោះការផ្សាយ​ផ្ទាល់ [Live] ធ្វើឱ្យប៉ះពាល់​ដល់​ការ​លេង​តាមបែបបច្ចេក​ទេសត្រឹមត្រូវ និងប៉ះពាល់ដល់សហព័ន្ធផ្ទាល់»។
 
លោក ពិសិដ្ឋ ក៏ទទួលស្គាល់វិស័យបាល់ទះនៅកម្ពុជា ពិតជាមានការរីកចម្រើនមែន ប៉ុន្តែការលេងក្រៅផ្លូវការ ហើយខុសទម្រង់ដើមនេះ វាបានធ្វើឱ្យប៉ះពាល់ដល់វិស័យមួយនេះ។ «យើងក៏មានការចងក្រងច្បាប់​ជិតចប់ដែរហើយ ដល់ពេលនោះអ្វីៗយើងនឹងអនុវត្តទៅតាមច្បាប់ ហើយអាចឈានទៅដល់ការបិទក្លិប និងដកអាជ្ញាប័ណ្ណដែលចេញតែម្តង»។ នេះបើតាមអគ្គលេខាធិការសហព័ន្ធបាល់ទះ ដែលបានបន្ថែមថា ការរឹតបន្តឹងការលេងបែបចាប់បាល់បោក ប៉ះសេជាប់ (លើកជាប់ៗ) គឺសហព័ន្ធគ្រាន់តែចង់ឱ្យយុវជនជំនាន់ក្រោយ លេងដោយភាពត្រឹមត្រូវតាមបច្ចេកទេសកីឡាបាល់ទះ៕
 

Tag:
 បាល់ទះ
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com