កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាំទីតួកគីម្នាក់ Turkaslan ​ស្លាប់ក្នុងគ្រោះរញ្ជួយដីនៅតួកគី
08, Feb 2023 , 3:39 pm        
រូបភាព
​Ah Met Eyub Turkaslan អ្នកចាំទីសញ្ជាតិតួកគីបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះរញ្ជួយដី អំឡុងពេលរូបគេស្ថិតនៅក្នុងផ្ទះនាប្រទេសតួកគី។ នេះបើតាមការបញ្ជាក់ពីក្លិប Yeni Malatyaspor​ ដែល Turkaslan ប្រកបអាជីព នៅថ្ងៃទី៧ ខែកុម្ភៈ។


ហេតុការណ៍គ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរ៊ី តាំងពីថ្ងៃទី៥ ខែកុម្ភៈ នោះ យ៉ាងហោចណាស់មកដល់ពេលនេះមានមនុស្សជាង ៥០០០នាក់ហើយបានបាត់បង់ជីវិត។ ​
 
កម្រិតរញ្ជួយដីនៅតួកគី និងស៊ីរ៊ី មានប្រមាណ ៧,៦រ៉ិចទ័រ ហើយបានបង្កឱ្យមានអាគារជាច្រើនបានបាក់រលំ ហើយមនុស្សរងគ្រោះច្រើននាក់បន្តបន្ទាប់ត្រូវបានរកឃើញ ខណៈក្រុមជួយសង្គ្រោះ កំពុងបន្តការរុករក មនុស្សដែលកប់ជាប់ក្នុងគំនរអាគាររលំនោះ។
 
បន្ទាប់ទទួលបានដំណឹងថាកីឡាករខ្លួនបាត់បង់ជីវិត ក្លិប Yeni Malatyaspor នៃលីគកីឡាបាល់ទាត់កម្រិតទី២តួកគី បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter រំលែកទុក្ខ។ 
 
«អ្នកចាំទីរបស់យើង Ahmet Eyup Turkaslan បានបាត់បង់ជីវិតដោយសារតែគ្រោះរញ្ជួយដី សូមចូលរួមរំលែកទុក្ខ។ យើងនឹងមិនភ្លេចរូបអ្នកឡើយ អ្នកជាមនុស្សដ៏ស្រស់ស្អាតនិងមានចិត្តល្អខ្លាំងណាស់។»។ ក្លិប Yeni Malatyaspor បានបង្ហោះសារលើ Twitter បែបនេះ។
 
Turkaslan មានវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនឱ្យក្រុម Yeni Malatyaspor បន្ទាប់ពីចូលរួមក្រុមតាំងពីឆ្នាំ ២០២១ មក។
 
ទាក់ទងនិងការស្លាប់របស់អ្នកចាំទីរូបនេះ អតីតកីឡាករក្រុម Crytal Palace និង Everton ខ្សែបម្រើស្លាប Yannick Bolasie ដែលបច្ចុប្បន្នលេងនៅលីគទី២ តួកគីក្រុម Caykur Rizespor បានផ្ញើសាររំលែកទុក្ខដល់ Turkaslan ក៏ដូចជាកីឡាករជាច្រើនទៀតនៅលីគបាល់ទាត់ប្រទេសតួកគីផងដែរ៕
 

Tag:
 Turkey
  Ahmet Eyup Turkaslan
© រក្សាសិទ្ធិដោយ thmeythmey.com