កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Man Utd រីករាយដែល Rashford-Sancho ជួយក្រុមវាយបកតាមស្មើ Leeds
09, Feb 2023 , 11:20 am        
រូបភាព
Marcus Rashford និង Jadon Sancho រកបានម្នាក់មួយគ្រាប់ជួយ Manchester United វាយបកតាមស្មើ Leeds United ២-២ ក្នុងការប្រកួត Premier League នៅរាត្រីថ្ងៃទី៨ ខែកុម្ភៈ។ លោក Erik ten Hag ជាអ្នកចាត់ការបិសាចក្រហមរីករាយសម្រាប់ការវាយបកយកស្មើ ប៉ុន្តែខកចិត្តបាត់២ពិន្ទុ។


Leeds United ចាប់ផ្តើមការប្រកួតដំបូងបង្ហាញទម្រង់លេងយ៉ាងល្អ ខណៈដែលក្រុមម្ចាស់ផ្ទះមានភាពថ្វេប្រហែសខ្លាំង។ ត្រឹមតែ ១នាទីប៉ុណ្ណោះនៃការប្រកួត កីឡាករ Degnand Wilfried Gnonto ស៊ុតបើកឆាកនាំមុខរួចទៅហើយសម្រាប់ក្រុមភ្ញៀវ មុនពេលចាប់ផ្តើមវគ្គទីពីរដែលគ្រាប់បាល់ទី២ នាំមុខបានកើតឡើងក្រោយពេលខ្សែការពារបិសាចក្រហម Raphael Varane បង្កកំហុសឱ្យចូលទីខ្លួនឯង។ ​
 
ទោះប្រហែសរហូតរបូតឱកាសច្រើននៃបច្ចេកទេសលេងក្នុងវគ្គទីមួយក្តី ប៉ុន្តែខ្សែប្រយុទ្ធកំពុងតែឡើងទម្រង់លេងខ្លាំង Marcus Rashford បានជួយ​ស្វែករកគ្រាប់បាល់តាមពីក្រោយ ១គ្រាប់មកវិញដែលជាការសហការគ្នាដ៏ល្អជាមួយខ្សែការពារស្លាប Diogo Dalot នៅនាទី៦២។ ៨នាទីបន្ទាប់ Jadon Sancho ដែលទើបវិលត្រលប់មកជួយក្រុមវិញ ក្រោយអវត្តមានដោយសាររបួស រកបានគ្រាប់តាមស្មើ ២-២។ លទ្ធផល ២-២ បានអូសបន្លាយរហូតចប់ការប្រកួត ដោយក្រុមសងខាងចែកគ្នាម្នាក់ ១ពិន្ទុ។
 
ក្រោយបញ្ចប់ការប្រកួតដោយទទួលបានត្រឹម ១ពិន្ទុក្នុងទឹកដី លោក Erik ten Hag ជាអ្នកចាត់ការក្រុមបានបង្ហាញអារម្មណ៍មិនពេញចិត្តនឹងលទ្ធផលប៉ុន្មាននោះទេ ប៉ុន្តែរីករាយនឹងរបៀបលេងវាយបក។
 
«ខ្ញុំមានអារម្មណ៍ច្របូកច្របល់ ពិតណាស់ចុងក្រោយយើងសប្បាយចិត្តដែលអាចដណ្តើមបាន ១ពិន្ទុ ប៉ុន្តែយើងបានជ្រុសបាត់ ២ពិន្ទុ។ វាគឺជាការចាប់ផ្តើមដែលយើងពិតជាធ្វើមិនបានល្អទាល់តែសោះ ពិបាកនឹងទទួលយក ជាពិសេសនោះគឺនៅពេលជំនួប Derby អ្នកត្រូវតែត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការប្រយុទ្ធ និងមានទំនួសខុសត្រូវ។»។ លោក Ten hag បាននិយាយប្រាប់ទៅកាន់អ្នកកាសែតបែបនេះ។
 
នាការប្រកួតក្នុងទឹកដី ​Old Trafford ក្រុមម្ចាស់ផ្ទះបង្ហាញការស្រែកឃ្លានរកជ័យជម្នះពីការវាយបកដ៏ជក់ចិត្តរបស់ក្រុមកីឡាករនៅចុងវគ្គហៀបនឹងបញ្ចប់។ ប៉ុន្តែក្រុមម្ចាស់ផ្ទះហាក់បន្ថយកម្តៅប្រយុទ្ធទៅវិញ ព្រោះកុំឱ្យថ្វេប្រហែសរបូតគ្រាប់បាល់វិញ ហើយបរាជ័យរកបានជ័យជម្នះក្នុងទឹកដី ១៤លើកជាប់គ្នាលើកដំបូងនៅក្នុងការប្រកួតប្រជែង។
 
រកបាន ១ពិន្ទុ Man United ឈរនៅចំណាត់ថ្នាក់លេខ ៣ មានគម្លាតពិន្ទុនាំមុខពីក្រុមលេខ ៤ Newcastle United ត្រឹម ៣ពិន្ទុប៉ុណ្ណោះ។ ចំណែកក្រុមដែលខ្វះការគ្រប់គ្រងល្អ Leeds United ឡើងមកឈរនៅចំណាត់ថ្នាក់លេខ ១៦ ដែលមានគម្លាតពិន្ទុត្រឹម ១ពិន្ទុប៉ុណ្ណោះពីក្រុមស្ថិតនៅតំបន់កាត់ចោល៕
 

Tag:
 Manchester United
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com