កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកប៉ារីស បង្ហាញនិមិត្តសញ្ញានៃប្រភេទកីឡាសម្រាប់ប្រកួតឆ្នាំ ២០២៤
10, Feb 2023 , 8:29 am        
រូបភាព
អ្នករៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ នៅថ្ងៃទី៨ ខែកុម្ភៈ បានបង្ហាញនិមិត្តសញ្ញាតំណាងតាមប្រភេទកីឡានីមួយៗ សម្រាប់ការប្រកួតប្រជែង។ រូបភាពតំណាងកីឡាទាំងនោះលាយឡំទៅដោយពណ៌ចម្រុះដ៏ស្រស់ស្អាតតាមប្រភេទកីឡា និងសំណុំរូបតំណាងថ្មីដែលខុសប្លែកពីអូឡាំពិកមុនៗ។


ប្រធានគណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិកប៉ារីសលោក Tony Estanguet បាននិយាយថា ការចេញផ្សាយនៃការរចនានិមិត្តសញ្ញាប្រភេទកីឡា គឺជាសញ្ញាសម្គាល់នៃការរាប់ថយក្រោយនៃព្រឹត្តិការណ៍ដែលនឹងបើកប្រកួតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤។ 
  


រូបតំណាងប្រភេទកីឡាទាំងអស់នោះភាគច្រើនមានផ្ទៃពណ៌ ផ្កាឈូក ខៀវ និងស្វាយ ដែលស្ទើខុសប្លែកពីការប្រកួតលើកមុនៗទាំងស្រុង។
 
«វាជារូបរាងថ្មីសម្រាប់ការប្រកួត ជាការប្រមូលផ្តុំគ្នានៃពណ៌ ដោយភាគច្រើនជាពណ៌ផ្កាឈូក ខៀវ និងពណ៌ស្វាយ ដើម្បីរៀបចំតុបតែងអាគារអូឡាំពិក។ គ្រប់ទីកន្លែងនានានឹងស្ថិតក្រោមរូបភាពដ៏គួរឱ្យរីករាយ ព្រោះថានេះគឺមិនដូចការប្រកួតពីមុនៗនោះទេ។»។ លោក Estanguet បាននិយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍។
 
លោក ​Estanguet ក៏បានបង្ហាញអំពីរូបភាពតំណាងប្រភេទវិញ្ញាសារកីឡាទាំងអស់ផ្សេងៗទៀត ក្នុងចំនួនសរុប ៦២ប្រភេទផងដែរក្នុងពេលធ្វើសេចក្តីថ្លែងការណ៍នោះ។ 
 
រូបតំណាងប្រភេទកីឡា ឬ(Pictograms) និងនិមិត្តសញ្ញា ត្រូវបានប្រើប្រាស់ដំបូងគេបង្អស់នៅក្នុងការប្រកួតអូឡាំពិកទីក្រុងតូក្យូឆ្នាំ ១៩៦៤ ដើម្បីជាផ្លូវក្នុងការបង្ហាញនិងកំណត់អត្តសញ្ញាណនៃប្រភេទកីឡាអូឡាំពិកផ្សេងៗ។
 
ចំពោះស្លាកសញ្ញាថ្មីទាំងនេះ មគ្គុទ្ទេសក៍ស្លាកសញ្ញាអូឡាំពិក នឹងផលិតហើយចែកចាយទៅដល់ក្រុមអ្នកផ្សព្វផ្សាយដើម្បីជួយឱ្យពួកគេកំណត់បានយ៉ាងងាយស្រួលនូវអត្តសញ្ញាណរូបតំណាងប្រភេទកីឡាបែបថ្មីទាំងនេះ៕
 

Tag:
 Olympic
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com