កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន ៖ វង់តូច-វង់ធំទីក្រុងអង្គរ សម្រាប់រត់ម៉ារ៉ាតុន ហាក់ដូចបុព្វបុរសខ្មែរ ដឹងមុន
10, Feb 2023 , 11:18 am        
រូបភាព
ផ្លូវវង់តូច និងវង់ធំ ដែលជាផ្លូវបុរាណនឹងជាសរសៃឈាមដ៏សំខាន់នៃទីក្រុងអង្គរ គឺជាទីតាំងអំណោយផលខ្លាំងសម្រាប់រៀបចំប្រភេទកីឡាអត្តពលកម្ម (រត់ម៉ារ៉ាតុន និងពាក់កណ្តាលម៉ារ៉ាតុន​) នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ ទីតាំងនេះ ត្រូវបានដូនតាខ្មែររៀបចំឡើងសម្រាប់មនុស្សជំនាន់ក្រោយ ហាក់ដូចបានស្រមើស្រមៃដឹងមុន ។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម (CAMSOC) បាននិយាយថា តំបន់អង្គរ នឹងរួមចំណែកសម្រាប់ការរៀបចំស៊ីហ្គេមលើកទី៣២​ ក៏ដូចជាទាក់ទាញវិស័យទេសចរណ៍ មកកាន់តំបន់អង្គរកាន់តែខ្លាំងឡើង។ បើតាមលោក វ៉ាត់ ចំរើន ផ្លូវវង់តូចមានប្រវែង ២១គីឡូម៉ែត្រ និងវង់ធំមានប្រវែង ៤២គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ទីក្រុងអង្គរ គឺជាទីតាំងដ៏ល្អបំផុតសម្រាប់ការប្រកួតវិញ្ញាសារត់ម៉ារ៉ាតុន, ពាក់កណ្តាលម៉ារ៉ាតុន និងវិញ្ញាសាដើរ។ 


 
«[…] សៀមរាបរបស់យើង ជាទីតាំងអំណោយផលបំផុត សម្រាប់រត់ម៉ារ៉ាតុន ព្រោះដូនតាយើងហាក់បីដូចដឹងមុនអ៊ីចឹង រត់ពាក់កណ្តាលម៉ារ៉ាតុន ២១គីឡូម៉ែត្រ វង់តូចគាត់រៀបហើយស្រេច ហើយ ៤២គីឡូម៉ែត្រ វង់ធំគាត់រៀបហើយស្រេច។ យើងមិនដឹងជាយល់ថាម៉េច និងអាចនិយាយបែបម៉េច ប្រហែលជាគាត់ស្រមើស្រមៃថាបន្តិចទៀត នឹងមានគេយកម៉ារ៉ាតុន មករត់ហើយ ទើបពួកគេកាត់រៀបចំឱ្យយើងហើយស្រេច អ៊ីចឹងនេះជាភាពអច្ឆរិយរបស់យើង។»។ លោក វ៉ាត់​ ចំរើន បាននិយាយដោយសេចក្តីរីករាយក្នុងវេទិកាពិភាក្សាពីតំបន់អង្គរ ដែលរៀបចំឡើង ដោយសារព័ត៌មានថ្មីៗ ពិភាក្សាស្តីអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេមនៅកម្ពុជា កាលពីថ្ងៃទី៥ កុម្ភៈ នៅខេត្តសៀមរាប។
 
 
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កំពុងតែរំកិលខ្លួនកាន់កៀកទៅថ្ងៃប្រកួត។ ជាការរង់ចាំអស់ជាង ៦០ឆ្នាំ កម្ពុជាសម្រេចធ្វើជាម្ចាស់ផ្ទះ ជាមួយការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំណង់កីឡដ្ឋាននានា ។
 
ការប្រកួតស៊ីហ្គេម នឹងចាប់ផ្ដើមពីថ្ងៃទី៥​ រហូតដល់ថ្ងៃទី១៧ ខែឧសភា ដែលមានប្រភេទកីឡាចំនួន ៣៧ប្រភេទ និងវិញ្ញាសាជាង ៥៨១។ កម្ពុជា នឹងប្រើប្រាស់ទីតាំងចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប និងកំពត ជាទីតាំងរៀបចំការប្រកួតទៅតាមប្រភេទកីឡា។ ខេត្តសៀមរាប នឹងត្រូវរៀបចំវិញ្ញាសាកីឡា ៣ប្រភេទ ដូចជា រត់ប្រណាំង កីឡាដើរ និងប្រណាំងកង់។
 
ក្នុងកិច្ចពិភាក្សានោះ លោក វ៉ាត់​ ចំរើន ក៏បាននិយាយអំពីការវិវត្តិរបស់កីឡាគុនខ្មែរ ក្នុងការប្រកួតស៊ីហ្គេម នឹងការបង្កើតអត្តសញ្ញាណនៃការស្លៀកពាក់តាមបែបខ្មែរ។ ជាពិសេសការផ្សព្វផ្សាយពង្រីកសហព័ន្ធគុនខ្មែរអន្តរជាតិ ឱ្យលើសពី ៧៥ប្រទេស ក្នុងគោលបំណងឱ្យស្ថាប័នកីឡាអូឡាំពិកអន្តរជាតិទទួលស្គាល់គុនខ្មែរលើឆាកអន្តរជាតិ៕
 
 
 

Tag:
 ស៊ីហ្គេម២០២៣
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com