កីឡាអន្តរជាតិ
អន្តរជាតិ
ប្រព័ន្ធមីក្រូហ្វូនអាជ្ញាកណ្តាល ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងការប្រកួត Club World Cup
10, Feb 2023 , 3:23 pm        
រូបភាព
ការប្រកួតពានរង្វាន់ក្លិបកំពូលលើពិភពលោក (FIFA Club World Cup) កំពុងតែដំណើរការប្រើប្រាស់សាកល្បងនូវប្រព័ន្ធមីក្រូហ្វូន សម្រាប់អាជ្ញាកណ្តាលក្នុងពេលប្រកួត ​។ ការប្រើមីក្រូហ្វូននេះ ដើម្បីនិយាយពន្យល់អ្នកគាំទ្រក្នុងកីឡដ្ឋាន ឱ្យយល់ដឹងអំពីការប៉ះទង្គិចគ្នារវាងកីឡាករ និងការពិន័យផ្សេងៗ ក្រោយពេលមានការសម្រេចចិត្តពីប្រព័ន្ធអាជ្ញាកណ្តាលវីដេអូ (VAR) ត្រួតពិនិត្យរួច។


តាមធម្មតាអាជ្ញាកណ្តាលនៃការប្រកួតតែងកាត់សេចក្តី និងទាក់ទងគ្នា តាមរយៈការប្រើមីក្រូហ្វូននេះ ។ វាមិនមែនជារឿងថ្មីឡើយ សម្រាប់កីឡាបាល់ទាត់ ឬក៏បាល់ឱបនៃក្របខណ្ឌ NFL។ 
 
ប្រព័ន្ធដែល FIFA បានដាក់ឱ្យប្រើប្រាស់ក្នុងវិស័យបាល់ទាត់ ដើម្បីជំនួយដល់ការកាត់សេចក្តីឱ្យកាន់តែយុត្តិធម៍ពីសំណាក់អាជ្ញាកណ្តាល នាពេលចុងក្រោយមាន ​ប្រព័ន្ធជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) និងបច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិ Off-Side។ ពាក់កណ្តាលស្វ័យប្រវត្តិ Off-side បានប្រើប្រាស់ដំបូងក្នុង World Cup 2022 ប្រទេសកាតា។
 
នាការប្រកួតរវាង Al Ahly តទល់ជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid អាជ្ញាកណ្តាលសញ្ជាតិអ៊ុយរ៉ូហ្កាយ​លោក Andres Matonte បានពន្យល់ទៅកាន់កីឡាករ ព្រមទាំងអ្នកគាំទ្រក្នុងកីឡដ្ឋានទាំងអស់ អំពីមូលហេតុដែលលោកបានផ្តល់បាល់ពិន័យ ១១ម៉ែត្រទៅកាន់ Real Madrid បន្ទាប់ពីត្រួតពិនិត្យកំហុស​ ក្នុងប្រអប់ទីរួចពីសំណាក់ VAR។ 
 
លោក Matonte បាននិយាយដូច្នេះថា៖«សម្រេចផ្តល់បាល់ពិន័យ ១១ម៉ែត្រ កីឡាករអាវលេខ ១៧ បានបង្កកំហុស។»។ កីឡាករ Emr El Solia របស់ Al Ahly បានបង្កកំហុសដាក់ Vinicius JR តំបន់គ្រោះថ្នាក់ ចំណែក Luka Modric មិនអាចស៊ុតសម្រេចបញ្ចូលទីបាល់នោះ។
 
ក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ ដែលក៏ជាសមាជិកកីឡា បានអនុម័តការប្រើប្រាស់វិធីសាស្ត្រកាត់ក្តីក្នុងការប្រកួតបែបនេះ តាំងពីខែមករាកន្លងទៅ ដែលមាននាយកប្រតិបត្តិរបស់សហព័ន្ធបាល់ទាត់អង់គ្លេស​ (FA) លោក Mark Bullingham ជាប្រធានក្រុមប្រឹក្សាភិបាល។ ចំពោះការដាក់សាកល្បងនេះលោក Bullingham បាននិយាយថា វាពិតជាមានសារៈសំខាន់ខ្លាំង ចំពោះតម្លាភាពពេលប្រកួត។
 
ក្រៅពី Club World Cup សហព័ន្ធ FIFA ក៏កំពុងតែពិចារណាលើការដាក់ឱ្យប្រើប្រាស់សាកល្បងបន្ថែមទៀត នៅការប្រកួត World Cup អាយុក្រោម ២០ឆ្នាំ ដែលនឹងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែឧសភា រហូតដល់ខែមិថុនា។ ប្រសិនបើការប្រើប្រាស់នេះ ឃើញថា ទទួលបានជោគជ័យនោះ ប្រព័ន្ធនេះ នឹងត្រូវបន្តឱ្យប្រើប្រាស់ដោយទទួលបានភ្លើងខៀវ សម្រាប់ប្រើក្នុងការប្រកួត World Cup ស្ត្រីនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក្នុងខែ កក្កដា ដល់ខែសីហា៕
 
 
 

Tag:
 FIFA
  FIFA Club World Cup
© រក្សាសិទ្ធិដោយ thmeythmey.com