សេដ្ឋកិច្ច
អន្តរជាតិ
ពូទីន ៖ សេដ្ឋកិច្ចរុស្ស៊ីនៅតែរឹងមាំ បើទោះបីមានការដាក់ទណ្ឌកម្ម 11, Feb 2023 , 11:29 am

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ រូបភាពពី Reuters។
×![]()
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានអះអាងថា សេដ្ឋកិច្ចបានទទួលរងឥទ្ធិពលដ៏អាក្រក់បំផុតនៃការដាក់ទណ្ឌកម្មពីបណ្តាប្រទេសមួយចំនួន ប៉ុន្តែនៅតែរក្សាកំណើននៅឆ្នាំនេះ។ ប៉ុន្តែលោកមិនបានផ្តល់ជាតួលេខជាក់លាក់ណាមួយជុំវិញអត្រាកំណើនសេដ្ឋនោះទេ។
«សម្រាប់អ្នកដែលបានព្យាយាមបង្កើតបញ្ហាជាមួយរុស្ស៊ី ពួកគេនឹងភ្ញាក់ផ្អើលនៅពេលបានឃើញ ថាតើយើងបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពយ៉ាងណា ចំពោះការគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងផលិតកម្មមកលើរុស្ស៊ី។ ហើយប្រទេសនេះបានទប់ទល់នឹងការគំរាមកំហែងដល់សេដ្ឋកិច្ចរុស្ស៊ីប្រកបដោយប្រសិទ្ធភាព ហើយសេដ្ឋកិច្ចរុស្ស៊ីនឹងកើនឡើងបន្តិចនៅឆ្នាំ ២០២៣។» នេះជាការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃទី៩ ខែកុម្ភៈ។
សេដ្ឋកិច្ចរុស្ស៊ីបានផ្លាស់ប្តូរយ៉ាងខ្លាំងបន្ទាប់ពីមានជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងកាលពីចុងខែកុម្ភៈឆ្នាំមុន។ ធនាគារធំៗនៅក្នុងប្រទេសនេះត្រូវបានដកចេញពីប្រព័ន្ធហិរញ្ញវត្ថុសកល SWIFT។ ពួកគេក៏ត្រូវបានរារាំងមិនឱ្យចូលប្រើប្រាស់បច្ចេកវិជ្ជាបស្ចិមប្រទេស ព្រមទាំងដាក់កម្រិតមិនឱ្យនាំចេញប្រេង និងឧស្ម័ន។
ជារួមទាំងរដ្ឋាភិបាល និងធនាគារកណ្តាលនៃប្រទេសរុស្ស៊ីទទួលស្គាល់ថាមានពិតជាមានការលំបាក។ ប៉ុន្តែទីក្រុងម៉ូស្គូនៅតែចចេសថា សេដ្ឋកិច្ចរបស់ខ្លួននៅតែរឹងមាំ ហើយការដាក់ទណ្ឌកម្មបានជះឥទ្ធិពលត្រលប់ទៅវិញដល់ប្រទេសលោកខាងលិច ដែលជំរុញឱ្យមានអតិផរណា និងតម្លៃប្រេងឥន្ធនៈកើនឡើង។
កាលពីឆ្នាំ ២០២២ សេដ្ឋកិច្ចរុស្ស៊ីហាក់មានសុទិដ្ឋិនិយមយ៉ាងខ្លាំង នៅពេលដែលផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី១ បានកើនឡើង ៣,៥ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ GDP បានបន្តធ្លាក់ចុះជាប់ៗគ្នានៅក្នុងត្រីមាសទីពីរ និងទីបី ដោយសារតែឥទ្ធិពលនៃទណ្ឌកម្មរបស់លោកខាងលិច។ នៅក្នុងឆ្នាំនេះ អ្នកវិភាគបានព្យាករសេដ្ឋកិច្ចរុស្ស៊ីនៅតែអាចបន្តធ្លាក់ចុះ ២ភាគរយទៀត។
រុស្ស៊ីគឺប្រទេសដែលពឹងផ្អែកច្រើនលើការនាំចេញថាមពលដែលមានចំនួន ៤០ភាគរយនៃចំណូលសហព័ន្ធ។ កាលពីថ្ងៃទី ១០ ខែមករា រុស្ស៊ីបានកត់ត្រាឱនភាពថវិកាដែលស្មើនឹង ២,៣ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២២ ច្រើនជាងពីរដងនៃគោលដៅដែលបានកំណត់៕
Tag:
សេដ្ឋកិច្ច
កំណើន
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com