កីឡាអន្តរជាតិ
អន្តរជាតិ
Premier League នឹងបរិច្ចាកប្រាក់ ១លានផោនដល់មូលនិធិគ្រោះរញ្ជួយដីនៅតួកគី
11, Feb 2023 , 8:29 pm        
រូបភាព
ក្របខណ្ឌ Premier League ថ្ងៃទី១០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខែកុម្ភៈ និយាយថានឹងបរិច្ចាកប្រាក់ ១លានផោន (១,២លានដុល្លារ) ដល់មូលនិធិជួយសង្គ្រោះ ដើម្បីជាការឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី។


«Premier League មានការសោកស្តាយខ្លាំងចំពោះការបំផ្លិចបំផ្លាញពីគ្រោះធម្មជាតិរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរ៊ី ដែលបានសម្លាប់មនុស្សរាប់ពាន់អ្នក។ លីគនឹងផ្តល់ជំនួយ ១លានផោនបរិច្ចាកទៅកាន់គណៈកម្មាធិការគ្រាអាសន្នគ្រោះមហន្តរាយ (DEC) ដើម្បីផ្តល់ជំនួយមនុស្សធម៌ដោយផ្ទាល់ទៅដល់អ្នកត្រូវការជំនួយ។»។ Premier League បានចេញសេចក្តីថ្លែងការណ៍បែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីការប្រកួត ព្រមទាំងកីឡាករ នឹងពាក់ស្លាកដៃពណ៍ខ្មៅសម្រាប់ការប្រកួតក្នុងសប្តាហ៍នេះ ដើម្បីជាការរំលែកទុក្ខដល់ជន ដែលស្លាប់ក្នុងគ្រោះរញ្ជួយដី។
ក្រៅពីលីគកំពូលអង់គ្លេស ស្ថាប័នបាល់ទាត់តំបន់អឺរ៉ុប UEFA ក៏ដូចជាមូលនិធិរបស់ UEFA សម្រាប់កុមារ ក៏បានបរិច្ចាកប្រាក់ចំនួន ២សែនអឺរ៉ូ ដើម្បីជួយគាំទ្រដល់ការសង្គ្រោះរុករកមនុស្ស ដែលត្រូវអាគារបាក់សង្កត អំឡុងពេលគ្រោះរញ្ជួយដីក្នុងប្រទេសតួកគី និងស៊ីរី។
 
ហេតុការណ៍គ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរី តាំងពីថ្ងៃទី៥ ខែកុម្ភៈ នោះ បណ្ដាឱ្យមនុស្សជាង ២៣,០០០នាក់ បាត់បង់ជីវិត។ ​នេះបើតាមការចុះផ្សាយរបស់កាសែត CNN ថ្ងៃទី១១ ខែកុម្ភៈ។
 
គួររំលឹកថា កម្រិតរញ្ជួយដីនៅតួកគី និងស៊ីរី មានប្រមាណ ៧,៦រ៉ិចទ័រ ហើយបានបង្កឱ្យអគារជាច្រើន បាក់រលំ ហើយមនុស្សរងគ្រោះច្រើននាក់ ត្រូវបានរកឃើញជាបន្តបន្ទាប់ ខណៈក្រុមជួយសង្គ្រោះ កំពុងបន្តការរុករក មនុស្សដែលកប់ជាប់ក្នុងគំនរអាគាររលំនោះ៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com