ក្រុមកាំភ្លើងធំ Arsenal បន្តកាត់បន្ថយគម្លាតពីក្រុមលេខ២ នៅក្នុងក្របខណ្ឌ Premier League បន្ទាប់ពីពួកគេប្រកួតស្មើជាមួយក្រុម Brentford ក្នុងលទ្ធផល ១-១ នៅទឹកដីកីឡដ្ឋាន Emirate ថ្ងៃទី១១ ខែកុម្ភៈ ។ ចំណែកTottenham Hotspur រងបរាជ័យក្រោយថ្វីជើង Leicester City ក្នុងលទ្ធផល ៤-១ ។
សម្រាប់ការប្រកួត Arsenal ស្វាគមន៍ក្រុម Brentford ហាក់មានភាពតឹងតែង ក្នុងការស្វែងរកគ្រាប់បាល់ខ្លាំងនៅក្នុងវគ្គទីមួយ ដោយការប្រកួតក្រុមទាំងសងខាងបានបញ្ចប់ទៅត្រឹមលទ្ធផល ១-១។ ខ្សែបម្រើ Leandro Trossard ដែល Arsenal ទើបនាំចូលពាក់កណ្តាលរដូវកាល បានផ្លាស់ប្តូរចូលក្នុងការប្រកួតជំនួសកីឡាករ Gabriel Martinelli ហើយស៊ុតបើកឆាក ឱ្យកាំភ្លើងធំនាំមុខក្រុមភ្ញៀវមុនត្រឹមនាទី៦៦។
ចាប់តាំងពីពេលស៊ុតបាល់នាំមុខ ១គ្រាប់មុន កាំភ្លើងធំ Arsenal សម្លឹងឃើញការនាំមុខដាច់លើកំពូលតារាងបន្តទៀតដល់ទៅចំនួន ៨ពិន្ទុ ។ ប៉ុន្តែក្រុមដឹកនាំដោយលោក Mikel Arteta ហាក់មិនសូវមានទំនុកចិត្តក្នុងការប្រកួតប៉ុន្មានឡើយ ទល់នឹងក្រុមភ្ញៀវ Brentford ដែលមានទម្រង់លេងល្អខ្លាំង។ មិនបានប៉ុន្មាន Brentford អាចរកគ្រាប់បាល់តាមស្មើ ១-១ មកវិញពិតមែន ដោយការស៊ុតរបស់ Ivan Toney នៅនាទី៧២ បញ្ចប់ក្តីសង្ឃឹម Arsenal ម្តងទៀត។
ទោះបី២សប្ដាហ៍នេះ Arsenal បានត្រឹមស្មើ និងចាញ់ក្តី ប៉ុន្តែក្រុមខ្លាំងមួយនេះ នៅតែបន្តនាំមុខដាច់នៅកំពូលតារាង ដោយដាច់ពីក្រុម Manchester City ចំនួន ៦ពិន្ទុ ដែលក្រុមទាំងពីរនេះលេងបាន ២១ប្រកួតដូចគ្នា។ Arsenal កំពុងសម្លឹងការឈ្នះពានរង្វាន់ Premier League លើកដំបូងបន្ទាប់ពីរង់ចាំអស់ពេលជាង ១៩ឆ្នាំ បើគិតចាប់តាំងពីឆ្នាំ ២០០៤ មក។
ក្រុម Man City សប្តាហ៍នេះត្រូវលេងតទល់ក្រុម Aston Villa នៅថ្ងៃទី១២ ខែកុម្ភៈ មុនពេលទៅជួបក្រុម Arsenal ប្រជែងគ្នាក្នុងកីឡដ្ឋាន Emirate នៅសប្តាហ៍ក្រោយ។
ក្រឡែកទៅកាន់ Tottenham Hotspur រងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Leicester City លទ្ធផល ៤-១ ក្នុងកីឡដ្ឋាន King Power។
ទោះបីចាញ់ក្តីប៉ុន្តែ Spurs នៅតែបន្តឈរចំណាត់ថ្នាក់លេខ ៥ ដែលគម្លាតពិន្ទុ ២ពិន្ទុពីក្រុមស្ថិតនៅលំដាប់លេខ៤។ Spurs ឆ្លងកាត់ ២៣ប្រកួតមាន ៣៩ពិន្ទុក្នុង ខណៈក្រុមលេខ ៤ Newcastle United លេងបានត្រឹមចំនួន ២២ប្រកួតមាន ៤១ពិន្ទុ។
ចំណែក Chelsea ក្រុមចំណាយច្រើននាទីផ្សារដោះដូរបានត្រឹមប្រកួតស្មើ West Ham United លទ្ធផល ១-១ ចែកគ្នាម្នាក់ ១ពិន្ទុ។
Wolverhampton ប្រជែងឈ្នះក្រុមតំបន់បាតតារាង Southampton លទ្ធផល ២-១ ខណៈដែល Fulham យកឈ្នះ Nottingham Forest លទ្ធផល ២-០។ Crystal Palace ប្រកួតស្មើ ១-១ Brighton & Hove Albion និង AFC Bournemouth ស្មើ ១-១ Newcastle United៕