ជាតិ
អ្នក​ជំនាញ​ត្រូវ​ការ​ពេល​ប្រមាណ​១ខែ ដើម្បី​ពិនិត្យ​រក​មូល​ហេតុ​សត្វ​ក្រៀល១ក្បាល​​ងាប់​
12, Feb 2023 , 5:59 pm        
រូបភាព
រូប​ពី NatureLife Cambodia Organization
រូប​ពី NatureLife Cambodia Organization
ភ្នំពេញ​៖ សត្វ​ក្រៀល​មួយ​ក្បាល​ ដែល​បាន​ងាប់​នៅ​តំបន់​ការ​ពារ​ទេសភាព​អន្លង់​ព្រីង កាល​ពី​​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣នោះ​ ​ត្រូវ​ការ​ពេល​ប្រមាណ​១​ខែ ដើម្បីពិនិត្យរក​មូល​ហេតុ​នៃ​ការ​ងាប់​របស់វា ​​​នៅ​មន្ទីរ​​ពិសោធ​ក្នុង​​ប្រទេស​កម្ពុជា​​។
លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការ​ជីវិតសត្វ​ស្លាបអន្តរជាតិប្រចាំ​កម្ពុជា (BirdLife International Cambodia Programme) បាន​ប្រាប់​សារព័ត៌មាន​ថ្មី​ៗ​ថា សត្វ​ក្រៀល​ដែល​ងាប់​នោះ លោក​ពុំ​បាន​ដឹង​ថា​វា​មាន​អាយុ​ប្រហែល​ប៉ុន្មាន​ឡើយ​ ដោយ​ដឹង​ត្រឹមថា វា​ពេញ​វ័យ​អាច​បន្ត​ពូជ​បាន​ហើយ​។ ទោះ​ជា​យ៉ាង​ណា មក​ដល់​ពេក​នេះ​លោក​នៅ​ពុំ​ទាន់​ដឹង ពី​​មូលហេតុ​នៃ​ការ​ងាប់ របស់​សត្វ​ក្រៀល​នោះ​នៅ​ឡើយ​ទេ​។ លោក​ថា​បើ​តាម​ការ​ពិនិត្យ​ជាក់​ស្ដែង​ នៅ​ទី​តាំង​​សត្វ​ក្រៀល​ងាប់ឯ​​ទី​វាល គេ​រកពុំ​ឃើញ​សំណាក​ថ្នាំ​បំពុល​ឡើយ​។ ​

លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា (រូប​ពីហ្វេសប៊ុក Bou Vorsak )

«​យើង​ត្រូវ​ការ​ពេល​ប្រហែល១ខែ ដើម្បី​ធ្វើ​តេស​នៅ​ឡាបូ(មន្ទីរ​ពិសោធ)ទើប​ដឹង​ពី​មូល​ហេតុ​ងាប់។​ យើង​ចង់​ដឹង​ថា វា​ងាប់​​ដោយ​សារ​​ការ​បំពុល​​ ដោយ​​ជំងឺ ឬមាន​​កើត​ផ្ដាសាយ​បក្សី ឬ​មាន​ជាតិ​ពុល​ក្នុង​ក្រពះ​។ មើល​ជាក់​ស្ដែង​មិន​ឃើញមាន​ស៊ី​ជាតិ​ពុលទេ​ ប៉ុន្តែ​អាច​ពុល​ដោយ​ប្រយោល​ ដែល​វា​អាច​​ស៊ីចំណី ដែល​​មាន​ជាតិ​ពុលកន្លង​មក​​»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក វរសក្ស​។
នាយកកម្មវិធីនៃអង្គការ​ជីវិតសត្វ​ស្លាបអន្តរជាតិប្រចាំ​កម្ពុជារូប​នេះ បន្ត​ថាលោក​​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់​លាស់ ​ពី​ចំនួនសត្វ​​ក្រៀល​ដែល​បាន​​ងាប់​ឡើយ ព្រោះទិន្ន​ន័យ​ទាំង​នោះ​ ​មាន​នៅ​ស្ថាប័នអង្គការ​ផ្សេង​ៗច្រើន និង​នៅ​ក្រសួងបរិស្ថាន​ជា​ដើម​។ ទោះ​ជា​យ៉ាង​ណា​​ អង្គការ​របស់​លោក ​ក៏​កំពុង​សហការ​ជា​មួយ​ក្រសួង​​បរិស្ថាន​ ដើម្បី​បង្កើត​ក្រុម​ការ​ងារ​អភិរក្ស​សត្វ​ក្រៀលកម្ពុជាផង​ដែរ។ កិច្ច​សហការ​នោះ​ ធ្វើ​ឡើង​ក្រោយ​ពេល​ភាគគី​ទាំង​ពីរ ​មើល​ឃើញ​ពី​ចំនួន​​​សត្វ​ក្រៀល មាន​ការ​ថយ​ចុះ​ជា​លំដាប់​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ 
កិច្ច​សហការនេះ ក៏​មាន​អង្គការ​ធំ​ៗ​មួយ​ចំនួន​គាំ​ទ្រ​ដែរ​ ហើយលោក វរសក្ស ថា​​នេះ​ជា​យុន្នការ​ចែក​រំលែក​ព័ត៌​មាន​គ្នា ​បូក​សរុប​ព័ត៌​មាន​ បូក​សរុបទិន្នន័យ ​ចេញ​ជា​របាយ​ការ​រួម​គ្នា និង​រៀប​ចំ​ផែន​ការ​រួម​គ្នា​​ ដើម្បី​អភិរក្សសត្វ​ក្រៀល​​​។

សត្វក្រៀលពេញ​វ័យ ដែល​បានងាប់ (រូបពី NatureLife Cambodia Oganization​)

​លោក ប៊ូ វរសក្ស អះអាង​ថា សត្វ​ក្រៀលប្រឈមបាត់​បង់ទីជម្រក និង​ការរំខាន​ទីពងកូន​​ជា​ដើម​។ ដោយ​ឡែក​ក្រៀលដែល​ស្ថិត​ក្នុង​វ័យបន្តពូជបាន​ មាន​ការ​​ថយចុះ ហើយ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា កំពុង​សិក្សា​ពី​មូល​ហេតុ​នៃ​រឿង​នេះ​បន្ថែម​ទៀត​។
បើ​តាម​​នាយកកម្មវិធីនៃអង្គការ​ជីវិតសត្វ​ស្លាបអន្តរជាតិប្រចាំ​កម្ពុជា ជំរឿង​​ក្នុង​ឆ្នាំ​២០១១ ​សត្វ​ក្រៀលមាន​ចំនួន​៨៦៩ក្បាល ដែល​នេះ​ជា​ចំនួន​ខ្ពស់​ជាងគេ។ ដោយ​ឡែក​ក្នុង​​​ឆ្នាំ​២០២២ ​សត្វ​ក្រៀលនៅ​សល់​ត្រឹម​​តែ១៥៦​ក្បាល​ប៉ុណ្ណោះ ដូច្នេះ​ត្រឹម​រយៈ​ពេល​១១​ឆ្នាំ ក្រៀល​កម្ពុជា​ថយ​ចុះ​​ដល់​ទៅ ​៧១៣​ក្បាល​។
សម្រាប់លោក វរសក្ស គេ​ពិបាក​​វិភាគ​ពី​ការ​ធ្លាក់​ចុះនេះ​​ ព្រោះ​សត្វ​ទាំង​នោះ​​រស់នៅ​​ក្នុង​ធម្មជាតិ​ ហើយ​លោក​បញ្ជាក់​ដូច្នេះ​៖«អាច​ថា​សត្វ​មិន​មក​រក​ចំណី​​ក្នុង​តំបន់​ដែល​ធ្លាប់​ចុះ​ ព្រោះ​ពិភព​លោក​ធំ​ បើ​វា​ទៅ​កន្លែង​ផ្សេង​ក៏​យើង​មិន​ដឹង​។ ដូច្នេះ​យើង​អាច​ត្រឹម​និយាយ​ថា​ វា​មាន​ទំនោរ​ធ្លាក់​ចុះ​»។
នាយកកម្មវិធីនៃអង្គការ​ជីវិតសត្វ​ស្លាបអន្តរជាតិប្រចាំ​កម្ពុជា លោក ប៊ូ វរសក្ស សំណូម​ពរដល់​​ប្រជាជន​ទាំង​អស់​ ​សូម​លើក​កម្ពស់​​ការ​ធ្វើ​កសិកម្ម​ដោយ​មាន​និរន្តរភាព ដោយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ជីគីមី ព្រោះ​នេះ​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​ក្រៀល​ពុល។ លោក​ក៏​សំណូ​ពរដល់​​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ រួម​គ្នា​ធ្វើ​ការ​ងារ​ដើម្បី​ដោះ​ស្រាយ​បញ្ហាថ្នាក់​ជាតិ ពាក់​ព័ន្ធ​នឹង​សត្វ​ក្រៀល​​ឱ្យបាន​​ទាន់​ពេល។ លោក​ក៏​មិន​ភ្លេច​អរគុណ​​ក្រសួង​បរិស្ថាន​ ដែល​បាន​​ផ្ដួច​ផ្ដើម​បង្កើត​ក្រុម​ការ​ងារ ​អភិរក្ស​សត្វ​ក្រៀល​ឡើងដែរ​​។

ក្រុម​ការ​ងា​រ​អភិរក្ស និង​សត្វ​ក្រៀលពេញវ័យ ដែល​បាន​ងាប់ (រូប​ពី NatureLife Cambodia Oganization)

សត្វ​ក្រៀល ពង​កូន​ក្នុងតំបន់​​ភូមិ​​ភាគ​ឥឦសាន មាន​នៅ​​ខេត្ត​រតនគិរី មណ្ឌលគិរី ព្រះវិហារ ដោយ​​ទីតាំង​ពង​កូន មាន​​នៅ​ដែន​ជម្រល​ព្រៃ​លំផាត់ជា​ដើម។ ពេល​ពង​កូន​រួច ពួក​វា​នឹង​​ផ្លាស់​ទី​មក​តំបន់​ដី​សើម ដូច​ជា​នៅ​ខេត្ត​កំពត បុរីជលសា កោះអណ្ដែត ក្នុង​តំបន់​ព្រៃ​ល្ពៅ ក្នុង​ខេត្ត​តាកែវ មួយ​ចំនួន​ទៀត​នៅ​ជុំវិញ​បឹង​ទន្លេសាប ដូច​ជា​អាង​ត្រពាំង​ថ្ម នៅ​បន្ទាយ​មាន​ជ័យ​ជា​ដើម ដើម្បី​រក​​ចំណី​៕
 

Tag:
 សង្គម​
  សត្វ​
  ក្រៀល​
  ងាប់​
© រក្សាសិទ្ធិដោយ thmeythmey.com