ជាតិ
VOD បានដាក់លិខិតទៅសម្តេច ហ៊ុន សែន ដើម្បីបកស្រាយការចុះផ្សាយរបស់ខ្លួន
12, Feb 2023 , 7:07 pm        
រូបភាព
រសៀលថ្ងៃទី១២កុម្ភៈនេះ សារព័ត៌មានវីអូឌី (VOD) បានដាក់លិខិតជូនប្រមុខរដ្ឋាភិបាល តាមរយៈខុទ្ទកាល័យសម្តេច ហ៊ុន​ សែន ដើម្បីបញ្ជាក់ពីការចុះផ្សាយអត្ថបទខ្លួន ដែលមានចំណងជើងថា« មន្ត្រី​រដ្ឋាភិបាល​ថា ​ការ​ដែល​លោក​ ហ៊ុន ម៉ាណែត ​ដើរ​តួនាទី​ជំនួស​ឪពុក​ក្នុង​ការ​ផ្ដល់​ជំនួយ​ឱ្យ​តួកគី ​មិន​មែន​ជា​រឿង​ខុស​ឆ្គង»​។​ ​ការដាក់លិខិតនេះ ធ្វើឡើងបន្ទាប់ពីសម្តេច ហ៊ុន សែន ព្រមានលុបអាជ្ញាបណ្ណរបស់ VOD នៅត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ កុម្ភៈ ប្រសិនបើគ្មានការសុំទោសជាផ្លូវការ។


ជុំវិញនៃលិខិតដែល VOD បានដាក់ជូនខុទ្ទកាល័យសម្តេច ហ៊ុន​ សែននោះ  លោក អ៊ិត សូធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយរបស់CCIM​ សុំមិនបកស្រាយ ឬ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)ឡើយ។ ប៉ុន្តែលោក សង្ឃឹមថា សម្តេច នឹងយល់អំពី VOD ដែលជាស្ថាប័នព័ត៌មាន មានជំនាញវិជ្ជាជីវៈ និងដើរតួនាទីជាស្ថាប័នឯករាជ្យ ក្នុងការផ្តល់ព័ត៌មានពិតទៅសាធារណជន ក៏ដូចជារដ្ឋាភិបាល។

«យើងសង្ឃឹមថាគាត់[សម្តេច ហ៊ុន សែន] មិនមានចំណាត់ការអ្វីបន្ថែមទៀតមកលើយើងទេ ព្រោះយើងបានអនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ»។ នេះជាការលើកឡើងយ៉ាងខ្លីរបស់លោក អ៊ិត សូធឿត។​ មុនពេលដាក់លិខិតទៅសម្ដេច ហ៊ុន សែន នេះ លោក អ៊ិត សូធឿត និងក្រុមការងារ បានទៅជួបពិភាក្សាជាមួយមន្ត្រីក្រសួងព័ត៌មានផងដែរ ជុំវិញការចុះផ្សាយរបស់ខ្លួន ដែលមានការប្រតិកម្មពីសំណាក់លោក ហ៊ុន ម៉ាណែត និងសម្ដេច ហ៊ុន សែន។


លោក អ៊ិត សូធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃ CCIM។ 

ជាមួយគ្នានេះ VOD ក៏បានចេញផ្សាយអត្ថបទខ្លួនមួយទៀត អំពីលោក ហ៊ុន ម៉ាណែត ដដែល។ អត្ថបទថ្មីនេះ មានចំណងជើងថា «លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​បដិសេធ​​មិន​បាន​ចុះ​ហត្ថលេខា​ជំនួស​នាយករដ្ឋមន្រ្តី​រឿង​ផ្តល់​ជំនួយ​ដល់​ប្រទេស​តួកគី​នោះ​ទេ»។

សូមជម្រាបថា សម្ដេច ហ៊ុន សែន បានចេញឱសានវាទជាថ្មី ដោយទុកពេលឱ្យស្ថាប័ន VOD សុំទោសចំពោះការផ្សាយខ្លួន នៅត្រឹមម៉ោង១០ ព្រឹក ថ្ងៃទី១៣ កុម្ភៈ ។ បើមិនមានការសុំទោសជាផ្លូវការទេ នោះសម្ដេច នឹងបញ្ជាឱ្យក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណរបស់ VOD។

អត្ថបទទាក់ទង
 

« ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែង ខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុVODត្រឹមម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៣ កុម្ ឆ្នាំភះ២០២៣ស្អែកនេះ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស។ ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថាខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះដើម្បីបំពេញបំណងរបស់ពួកគេ»។ នេះជាសំណេរលើកទី២ របស់សម្ដេច ហ៊ុន សែន៕

© រក្សាសិទ្ធិដោយ thmeythmey.com