ជាតិ
សម្តេច ហ៊ុន សែន សម្រេចលុបចោលអាជ្ញាបណ្ណVOD ពីពេលនេះទៅ
12, Feb 2023 , 7:37 pm        
រូបភាព
 សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន មិនទទួលយកការសំដែងការសោកស្តាយ និងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោស ពីសារព័ត៌មានវីអូឌី (VOD)ឡើយ បន្ទាប់ពីទទួលលិខិតមួយច្បាប់របស់VOD នារសៀលនេះ។


តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យវាជំនួសឲ្យពាក្យសុំទោសបានដែរឬទេ? សម្តេច បានរៀបរាប់បែបនេះនៅលើទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី១២កុម្ភៈ ក្រោយទទួលបានលិខិតមួយច្បាប់ពីសារព័ត៌មានVOD ដែលសម្តេចមិនអាចទទួលយកបាន។ លិខិតដែលទទួលបានពីVOD សម្តេច បានចាត់ទុកថា ជាការបកស្រាយមានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាល ពាក់ព័ន្ធលើអត្ថបទមានចំណងជើងថា«មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។

អត្ថបទទាក់ទង
 
សម្តេច ហ៊ុន សែន បាននិយាយដូច្នេះ ៖«តើការបកស្រាយបំភ្លឺនៅទីនេះ មានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាពប្តឹងទៅតុលាការ»។ បើតាមសម្តេច រយៈពេលជាង៤៤ឆ្នាំមកនេះក្នុងតំណែងជានាយករដ្ឋមន្ត្រី សម្តេចពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួនដែលចូលមកសម្ភាសក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសតួកគី។

សម្តេច បានបញ្ជាក់ថា ៖ «វាគ្មិនខ្លះព្យាយាមវាយទាំងឪ វាយទាំងកូន ដែលកូននោះគឺ ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬជាវិជ្ជាជីវៈដែលអស់លោកចង់ផ្សាយដោយអចេតនានោះ?»។

ដើម្បីកុំឲ្យវែងឆ្ងាយ នាល្ងាចនេះ សម្តេច ហ៊ុន សែន ក៏សម្រេចមិនទទួលយកការសំដែងការសោកស្តាយនិងសូមការអធ្យាស្រ័យជំនួសឲ្យការសុំទោសឡើយ។ សម្តេចបន្តយ៉ាងដូច្នេះថា៖ « ក្នុងនាមរាជរដ្ឋាភិបាលដែលត្រូវការពារកិត្តិយសរបស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿងនេះ ដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណវិទ្យុវីអូឌីចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០៖០០នាទីថ្ងៃ១៣ កុម្ភៈ ឆ្នាំ២០២៣ជាកំហិត»។ 

ជាមួយគ្នានេះ សម្តេចបានណែនាំឱ្យសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ជួយការពារសណ្តាប់ធ្នាប់និងទ្រព្យសម្បត្តិនៃវិទ្យុនេះឲ្យបានគង់វង្ស។ « យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះ តែយើងមិនប៉ៈពាល់ទ្រព្យសម្បត្តិរបស់គេទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រមុខរដ្ឋាភិបាល៕

© រក្សាសិទ្ធិដោយ thmeythmey.com