ជាតិ
កំណាយខឿនឧបោសឋាគារក្រុងអង្គរធំ ភស្ដុតាងនៃការវិវត្ត សង្គមសាសនា ចុងសម័យអង្គរ
13, Feb 2023 , 7:59 am        
រូបភាព
កំណាយខឿនឧបោសឋាគារនៅក្រុងអង្គរធំ។
កំណាយខឿនឧបោសឋាគារនៅក្រុងអង្គរធំ។
សៀមរាប៖ តាមលទ្ធផលកំណាយស្រាវជ្រាវថ្មីៗ បានបង្ហាញភស្ដុតាងកាន់តែ​មួយកម្រិត​ទៀត ទាក់ទងនឹងសង្គមមនុស្ស និងសង្គមសាសនា  នាចុងសម័យអង្គរ។ ភស្ដុតាងទាំងនោះ ក៏បានបង្ហាញថា មនុស្សបន្តរស់នៅក្រុងអង្គរធំ កសាងសំណង់​ព្រះពុទ្ធសាសនា ទោះមានការ​ផ្លាស់ប្ដូររាជធានី​ក៏ដោយ។
 
ហាក់ផ្ទុយពីឯកសារចាស់ៗកន្លងមក ដែលនិយាយថា រាជធានីអង្គរត្រូវបានគេ​បោះបង់ចោល គ្មានមនុស្សរស់នៅ ក្រោយដូររាជធានីនៅពាក់កណ្តាលសតវត្សទី១៥។ ការស្រាវជ្រាវថ្មីៗពី​អ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិ ទៅលើខឿនឧបោសឋាគារ​ឬព្រះវិហារសាសនានៅក្រុងអង្គរធំ គេបានរកឃើញស្លាកស្នាម​មួយចំនួន ដែលបញ្ជាក់ថា មានសកម្មភាពសង់សំណង់ព្រះពុទ្ធសាសនាដ៏មមាញឹក កំឡុងពេល១០០ឆ្នាំចុងក្រោយ មុនការផ្លាស់ប្ដូររាជធានីអង្គរ។ 
 


ការស្រាវជ្រាវកន្លងមក គេរកឃើញខឿនឧបោសឋាគារ​នៅក្នុងក្រុងអង្គរធំ​ចន្លោះ​ពី៦០ទៅ៧០ ហើយការវិភាគធ្យូងបែបវិទ្យាសាស្រ្តលើសំណាកដែលរកឃើញ  គឺវាស្ថិតក្នុងសតវត្សទី១៣ និង១៤។ 
 
អ្នកស្រាវជ្រាវអន្ដរជាតិមួយក្រុម កំពុងកំណាយស្រាវជ្រាវ​លើខឿនឧបោសឋាគារ​ព្រះពុទ្ធសាសនា ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រ ជ្រុងខាងកើតប្រាសាទបាយ័ន។ ប្រធានគម្រោង​ស្រាវជ្រាវ​ព្រះវិហារសម័យអង្គរ (Angkor Vihara Project) នៃសាកលវិទ្យាល័យតូរិនតូ  លោក អាន់ដ្រូ ហារីស (Andrew Harris) ប្រាប់ថា នេះជាលើកទី៣ហើយដែលគម្រោង​របស់លោក​​សហការជាមួយអាជ្ញាធរជាតិអប្សរា ស្រាវជ្រាវលើខឿនសំណង់ព្រះពុទ្ធសាសនានេះ។ លោក ហារីស ពន្យល់ថា កំណាយទាំងបីលើកនេះ ក្នុងបំណងដើម្បីស្វែងយល់កាន់​តែលម្អិត​ពីអាយុកាល តួនាទីនៃសំណង់ ទំនាក់ទំនងទៅនឹង​សហគមន៍មនុស្សរស់នៅជុំវិញ។ 
 
អ្នកស្រាវជ្រាវជនជាតិកាណាដា លោក ហារីស បន្តថា ការស្រាវជ្រាវរយៈពេលជិតមួយខែ​មកនេះ ក្រុមការងាររបស់លោករកឃើញភស្ដុតាងមួយចំនួនទៀតជុំវិញខឿនសំណង់ ដូចជាបំណែកក្បឿង កុលាលភាជន៍ និងស្លាកស្នាមមួយចំនួន។ «ជាទូទៅក្រៅពីបំណែកកុលាលភាជន៍​ខ្មែរ និងកុលាលភាជន៍ចិន ដែលជាភស្ដុតាង​ការប្រើប្រាស់​សម័យអង្គរ យើងក៏ប្រទះភស្ដុតាងនៃការប្រើប្រាស់កុលាលភាជន៍ សម័យក្រោយអង្គរដែរ គឺស្ថិតក្នុងសតវត្សទី១៦ និង១៧ នៅក្នុងស្រទាប់ជិតព្រះវិហារ»។ លោក ហារីស លើកឡើងយ៉ាងដូច្នេះ។ 
 

លោក អាន់ដ្រូ ហារីស ប្រធានគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គរ
 
ទន្ទឹមនឹងនោះ ការស្រាវជ្រាវបានរកឃើញភស្ដុតាងមួយចំនួនទៀត ទាក់ទងការវិវត្ត​សង្គមមនុស្ស និងសាសនា នាចុងសម័យអង្គរ។ ការផ្លាស់ប្ដូរជំនឿសាសនា និងការកសាងសំណង់ព្រះ​ពុទ្ធសាសនា អាចចាប់ផ្តើមពីចុងសតវត្សទី១៣ (សម័យអង្គរ) និងរហូតដល់សតវត្សទី១៦ (ក្រោយសម័យអង្គរ)។ តឹកតាងនេះហើយ ដែលអាចច្រាន​ចោលការ​លើកឡើង​របស់ឯកសារបរទេសមួយចំនួន ដែលថារាជធានីអង្គរ​គ្មានមនុស្ស​រស់នៅ ហើយពុទ្ធសាសនាចូលមកវិញនៅ កំឡុងសតវត្សទី១៦ ក្រោយវត្តមាន​ព្រះបាទអង្គចន្ទរាជា យាងចូលរាជធានីអង្គរវិញ​ និងបានជួសជុល កសាងព្រះពុទ្ធរូបមួយចំនួន។ល។ នេះបើតាមការបកស្រាយពីអ្នកស្រាវជ្រាវ លោក ហារីស។
 
យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ ការស្រាវជ្រាវសំណង់ខឿនសំណង់​ព្រះពុទ្ធសាសនានា​សម័យអង្គរ នៅជាប្រធានបទថ្មី និងត្រូវបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីកាន់តែដឹងភស្ដុតាងជាក់លាក់មួយ។ ជាអ្នកស្រាវជ្រាវសំណង់សាសនាមួយរូប លោក ហារីស រំពឹងថា គម្រោងរបស់​លោកនឹងបន្តសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីលម្អិតរឿងរ៉ាវនៃខឿនសំណង់ព្រះពុទ្ធសាសនាក្នុងក្រុងអង្គរធំ តទៅមុខទៀត៕
 


Tag:
 ខឿនឧបោសឋាគារសម័យអង្គរ
  ក្រុងអង្គរធំ
© រក្សាសិទ្ធិដោយ thmeythmey.com