កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ គ្រូ PSG ថាព្រួយបារម្ភខ្លាំងពេលជួប ​Bayern Munich ព្រោះអវត្តមានកីឡាករសំខាន់
13, Feb 2023 , 8:29 am        
រូបភាព
លោក Christophe Galtier បង្ហាញក្តីព្រួយបារម្ភលើលទ្ធភាពក្រុម Paris Saint Gemain នៅពេលត្រូវប៉ះក្រុម Bayern Munich ក្នុងជំនួបពានរង្វាន់ UEFA Champions League នៅថ្ងៃទី១៤ ខែកុម្ភៈ។


PSG បានបរាជ័យក្រោមថ្វីជើងក្រុម AS Monaco លទ្ធផល ៣-១ ក្នុងជំនួប Ligue 1 នាថ្ងៃទី១១ កុម្ភៈ ខណៈអវត្តមានកីឡាករខ្សែប្រយុទ្ធសំខាន់ប្រចាំក្រុម Lionel Messi ដែលរងរបួសសរសៃពួរ ក្រោយពេលដែល Kylian Mbappe ក៏កំពុងស្ថិតក្នុងបញ្ហារបួសជាង ២សប្តាហ៍មកហើយ។ ចាញ់ Monaco ក្លាយជាការបរាជ័យលើកទី៣ ក្នុងចំណោម៧ ប្រកួតចុងក្រោយប្រចាំរដូវកាលនេះ សម្រាប់ PSG នៃ Ligue 1។
 
ចំណែកក្រុម Bayern Munich ម្ចាស់ជើងឯកពាន Bundesliga វិញ ទើបតែយកបានជ័យជម្នះលើក្រុម Bochum កាលពីថ្ងៃទី១១ កុម្ភៈ ក្នុងលទ្ធផល ៣-០។​ Bayern Munich ជាក្រុមកំពុងមានទម្រង់លេងខ្លាំងមួយប្រចាំលីគអាល្លឺម៉ង់ និងក្របខណ្ឌ UCL ។ Bayern ត្រូវធ្វើដំណើរទៅកាន់ទឹកដីបារាំងកីឡដ្ឋាន Parc des Princes សម្រាប់ការប្រកួតជើងទីមួយវគ្គ ១៦ក្រុម ជាមួយPSG។ គ្រូ PSG ព្រួយបារម្ភសម្រាប់ជំនួបនោះ ខណៈក្រុមមានបញ្ហាកីឡាកររបួសច្រើន។
 
«ស្ថានភាពរបស់ខ្ញុំគឺដូចនេះ វាចម្លែក ។ ប៉ុន្តែពិតជាអ្វីដែលខ្ញុំយើងកំពុងតែជួបពិតមែន ហើយវាពិតជាចម្លែកក្នុងការនិយាយក្នុងនាមជាអ្នកចាត់ការក្រុម PSG។ ខ្ញុំពិតជាព្រួយបារម្ភសម្រាប់ការប្រកួតថ្ងៃទី១៤ កុម្ភៈ យើងនឹងរំពឹងថា តើអ្នកណាខ្លះដែលអាចចាប់ផ្តើមការប្រកួត ហើយនឹងអាចលេងក្នុងប្រកួតនោះបាន។ យើងកំពុងក្លាយជាក្រុមខ្សោយបំផុតមួយ យើងបារម្ភខ្លាំង ក្នុងកាលៈទេសៈនេះ ប៉ុន្តែយើងត្រូវតែបន្តទៅមុខ។ ខ្ញុំយល់ថា អ្នកគាំទ្រខឹងសម្បារ រឿងនេះ។»។ លោក Galtier បាននិយាយបែបនេះ។ 
 
បរាជ័យទល់ ​Monaco អំឡុងការប្រកួតនោះលោក Galtier បានដាក់ឱ្យកីឡាករសំខាន់ៗដូចជា Achraf Hakimi និង Sergio Ramos ស្ថិតនៅកៅអីបម្រុង ខណៈដែលគ្រូបង្វឹករូបនេះ ក៏បានអះអាងថា កីឡាករមួយចំនួនក្នុងជំរុំហ្វឹកហាត់កំពុងមានបញ្ហាឆ្លងមេរោគ ដែលធ្វើ​ឱ្យកីឡាករមានបញ្ហាឈឺអស់កម្លាំង។
 
ដោយឡែករឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល មួយទៀតខ្សែការពារ ​Presnel Kimpembe បានចេញមុខនិយាយសុំទោស ទៅកាន់អ្នកគាំទ្រដោយប្រើប្រាស់មីក្រូហ្វូន ក្រោយក្រុមទទួលបរាជ័យ៕
 

Tag:
 Paris Saint Germain
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com