កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែប្រយុទ្ធឆ្នើម ៥រូបមានទម្រង់លេងល្អ ពេលអាយុលើសពី ៣០ឆ្នាំ ក្នុងឆ្នាំ ២០២៣
13, Feb 2023 , 9:29 am        
រូបភាព
ខ្សែប្រយុទ្ធក្នុងវិស័យបាល់ទាត់ភាគច្រើនត្រូវបានកត់ត្រាភាពល្បីល្បាញ ក្នុងប្រវត្តិសាស្ត្រ ជាពិសេសភាពរហ័សរហួន បច្ចេកទេសនៃការលេងដោយពុំងាយមានការធ្លាក់ចុះខ្លាំងនូវទម្រង់លេង។ ភាគច្រើនកីឡាករតំបន់ប្រយុទ្ធល្អសម្បូរទៅដោយកីឡាករវ័យក្មេងៗ ដែលមានទេពកោសល្យខ្ពស់ និងភាគតិចណាស់ដែលមានកីឡាករអាយុច្រើនៗហើយ នូវតែមានទម្រង់លេងល្អខ្លាំងដដែល។


កាលពីជំនាន់មុនកីឡាករបាល់ទាត់ភាគច្រើន អាចលេងបាល់បានត្រឹមតែអាយុ ៣០ឆ្នាំឬដល់ ៣២ឆ្នាំ តែប៉ុណ្ណោះ គឺពួកគេបានបញ្ចប់អាជីពបាត់ទៅហើយ។ ប៉ុន្តែបច្ចុប្បន្នវិញ នេះកីឡាករល្អៗលំដាប់ពិភពលោក បានថែរក្សាស្ថានភាពរាងកាយរបស់ពួកគេខ្ពស់បំផុត និងលេងក្នុងកម្រិតមួយដ៏ខ្ពស់ សូម្បីតែក្នុងវ័យជាង ៣០ឆ្នាំ ឬជិត ៤០ឆ្នាំក៏ដោយ។ 
 
បច្ចុប្បន្នកីឡាករទាំងនោះទទួលបានការហ្វឹកហាត់ល្អប្រសើរ ក៏ដូចជាអាហារូបត្ថម្ភល្អ សម្រាប់កាយសម្បទារ ជាពិសេសភាពជឿនលឿននៃផ្នែកវេជ្ជសាស្ត្រកីឡា និងការស្តារនីតិសម្បទា ។ ទាំងនេះហើយ បានជួយឱ្យកីឡាករថែរក្សារាងកាយពួកគេ បានល្អប្រសើរជាងមុន និងឆាប់ជាសះស្បើយពីរបួស។
 
ជាមួយលទ្ធភាពនៃការអភិវឌ្ឈន៍ទាំងនេះ យើងបានឃើញខ្សែប្រយុទ្ធវ័យជ្រេមួយចំនួន រីករាយនឹងអាជីពពួកគេ ហើយថែមទាំងបានបង្កើតកំណត់ត្រាថ្មីជាច្រើនទៀត។ 
 
ខាងក្រោមនេះជាកីឡាករបាល់ទាត់ឆ្នើមទាំង ៥ ដែលមានទម្រង់លេងល្អនាអាយុលើស ៣០ឆ្នាំ ក្នុងឆ្នាំ ២០២៣៖
 
១/ Lionel Messi វ័យ ៣៥ឆ្នាំ ក្នុងរដូវកាលនេះជាមួយ PSG ស៊ុតបាល់ចូលចំនួន១៥លើក និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ១៤លើក ពីការបង្ហាញវត្តមាន ២៥ប្រកួត។​ ​Messi ក្នុងវ័យ ៣៥ឆ្នាំ បានជួយអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup 2022 នៅប្រទេសកាតា។ 
 
២/ Robert Lewandowski វ័យ ៣៤ឆ្នាំ លេងឱ្យក្រុម Barcelona ស៊ុតបានគ្រាប់បាល់ចំនួន​ ២៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៥លើក ពីការប្រកួត​ចំនួន ២៦លើក។ Lewandowski រដូវកាលនេះក៏ជាខ្សែប្រយុទ្ធដ៏ល្អមួយរូបប្រចាំកីឡដ្ឋាន Spotify Camp Nou ហើយជួយឱ្យ Barca ឈរលេខ​ ១ នៃកំពូលតារាង La Liga។
 
៣/ Karim Benzema វ័យ ៣៥ឆ្នាំ រដូវកាលនេះ ស៊ុតឋរកបានគ្រាប់បាល់ចំនួន ១៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៤គ្រាប់ ពីការបង្ហាញវត្តមានចំនួន ២២លើកឱ្យ Real Madrid។ ត្រឹមវ័យ ៣៥ឆ្នាំ ​Benzema បានក្លាយជាកីឡាករឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២២ សម្រាប់ការបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងរហូតដល់រដូវកាលនេះ។
 
៤/ Neymar JR វ័យ ៣១ឆ្នាំ រដូវកាលនេះជាមួយ PSG រូបគេស៊ុតរកបានគ្រាប់បាល់ចំនួន ១៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ១៦លើក ពីការបង្ហាញខ្លួន ២៧ប្រកួតឱ្យក្រុម។ តារាបាល់ទាត់រូបនេះ បានបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលទាំងនៅ PSG និងជាមួយក្រុមជម្រើសជាតិប្រេស៊ីលនៅព្រឹត្តិការណ៍ World Cup 2022 ប្រទេសកាតា។
 
៥/ Mohamed Salah វ័យ ៣០ឆ្នាំ លេងឱ្យ Liverpool រដូវកាលនេះ រកបានគ្រាប់បាល់ចំនួន ១៧គ្រាប់ ហើយបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៤គ្រាប់ ពីការបង្ហាញខ្លួន ៣១ប្រកួតរដូវកាលនេះ។ បើទោះបីជា Liverpool រដូវកាលនេះកំពុងមានបញ្ហាទម្រង់លេង ប៉ុន្តែ​ Salah បានដើរតួរយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះក្រុមរដូវកាលនេះ៕
 
 
 

Tag:
 Lionel Messi
  Football
© រក្សាសិទ្ធិដោយ thmeythmey.com