ជាតិ
អ្នកកាសែត និងសង្គមស៊ីវិល សង្ឃឹមថា នឹងមានច្រកឱ្យ VOD បម្រើការងារជាថ្មី
13, Feb 2023 , 5:30 pm        
រូបភាព
សារព័ត៌មានVOD បានបិទបញ្ចប់ការផ្សាយខ្លួន នៅព្រឹកថ្ងៃទី១៣ កុម្ភៈនេះ តាមការសម្រេចរបស់ក្រសួងព័ត៌មាន ដែលបានដកអាជ្ញាបណ្ណស្ថាប័នមួយនេះ តាមការណែនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ អ្នកកាសែត VOD និងសង្គមស៊ីវិល សង្ឃឹមថា នឹងមានច្រកឱ្យ VOD មានឱកាសបានបម្រើការងារជូនប្រជាពលរដ្ឋ ក្នុងវិស័យសារព័ត៌មាននេះ។


លោក ញឹម សុខន ជាអ្នកសារព័ត៌មានម្នាក់ ដែលបានបម្រើការងារនៅក្នុងស្ថាប័នVOD ជាង១៦ឆ្នាំមកហើយ បាននិយាយថា ការបិទវិទ្យុ VOD មិនបានផ្ដល់ផលចំណេញដល់រដ្ឋាភិបាលឡើយ ។ លោក សុខន ដែលបានបម្រើការងារនៅVOD តាំងពីឆ្នាំ២០០៧មកនោះ យល់ថា ប្រមុខរដ្ឋាភិបាល គួរពិចារណាឡើងវិញ ព្រោះVOD ក៏បានជួយដល់ដំណើរការអភិវឌ្ឍសង្គមប្រជាធិបតេយ្យជាច្រើនដែរ នារយៈពេល២០ឆ្នាំមកនេះ។
 
អ្នកកាសែតជាន់ខ្ពស់រូបនេះ ក៏សង្ឃឹមថា VOD នឹងមានច្រកសម្រាប់បេសកកម្មការងារផ្សព្វផ្សាយរបស់ខ្លួន ។ «តែយ៉ាងណា ខ្ញុំនៅតែសង្ឃឹមថា រលកប្រជាធិបតេយ្យ អត់អាចផ្ទុកនៅត្រឹមនេះទេ។ ហើយសកម្មភាពវីអូឌី ថ្ងៃណាមួយ នឹងរកច្រកចេញ។ ហើយយើងសង្ឃឹមថា យើងនៅតែបន្តបេសកកម្ម ចក្ខុវិស័យវីអូឌីបន្តទៀត ទោះបីជាពេលនេះ យើងជួបរលកព្យុះភ្លៀងក៏ដោយ»។ នេះបើតាមអ្នកកាសែតវ័យជាង៥០ឆ្នាំ ។
  

លោក ញឹម សុខន ពាក់អាវយឺតស កំពុងនិយាយជាមួយក្រុមការងារ។ លោកជាអ្នកសារព័ត៌មានម្នាក់ ដែលបានបម្រើការងារនៅក្នុងស្ថាប័នVOD ជាង១៦ឆ្នាំមកហើយ ។

ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ បានប្រកាសសម្រេចលុបអាជ្ញាបណ្ណសារព័ត៌មាន VOD ដោយលើកឡើងថា អង្គភាពព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មួយនេះ រំលោភលើវិជ្ជាជីវៈព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់កិត្តិយសរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន។
 
ត្រង់ចំណុចនេះលោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR បាននិយាយថា ករណីនេះ មិនគួរប្រមុខរដ្ឋាភិបាល តាមរយៈក្រសួងព័ត៌មាន ឈានទៅដល់ការបិទវិទ្យុ VOD នោះទេ ព្រោះសម្ដេច ហ៊ុន សែន ក៏ធ្លាប់ផ្ដល់ការអនុគ្រោះដល់សារព័ត៌មានក្នុងស្រុក និងក្រៅស្រុកជាច្រើន ដែលផ្សាយខុសកន្លងមកដែរ រាល់ពេលមានការកែតម្រូវឡើងវិញ។ លោកស្រី រំពឹងថា សម្ដេច ហ៊ុន សែន នឹងអាចកែប្រែលើសេចក្តីសម្រេចចិត្តនេះវិញ។
 
លោកស្រី ចក់ សុភាព ដែលបានទៅដល់ទីតាំងការិយាល័យCCIM ដើម្បីត្រួតពិនិត្យស្ថានការណ៍នេះ បាននិយាយដូច្នេះ៖« ខ្ញុំសង្ឃឹមនាយករដ្ឋមន្ត្រី លោកនឹងមានការបើកចិត្តទូលាយ លោកនឹងមានការអនុគ្រោះ មើលឃើញនូវគុណតម្លៃ VOD ក្នុងការចូលរួមចំណែកកន្លងមក ជាជាងមើលករណីតូចមួយ ក្នុងការចាប់ទោសអូសដំណើរហ្នឹង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់សម្ដេចនាយករដ្ឋមន្រ្តី រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ សូមជួយពិចារណាឡើងវិញ ធ្វើកិច្ចការងារដែលយើងជួយដោះស្រាយ ហើយបង្កបរិយាកាសសារព័ត៌មានក្នុងការដំណើរការ»។
  

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR ផ្ដល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មានបរទេស ក្នុងការិយាល័យVOD ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នាថ្ងៃទី១៣ កុម្ភៈ ២០២៣

មុនឈានដល់ការបិទវិទ្យុ VOD នេះ សម្ដេច ហ៊ុន សែន បានទុកពេល៧២ម៉ោង សម្រាប់ស្ថាប័នមួយនេះ សុំទោសជាសាធារណៈ ក្រោយចុះផ្សាយព័ត៌មានដែលមានចំណងជើងថា« មន្ត្រី​រដ្ឋាភិបាល​ថា ​ការ​ដែល​លោក​ ហ៊ុន ម៉ាណែត ​ដើរ​តួនាទី​ជំនួស​ឪពុក​ក្នុង​ការ​ផ្ដល់​ជំនួយ​ឱ្យ​តួកគី ​មិន​មែន​ជា​រឿង​ខុស​ឆ្គង»​។​ ​សម្ដេច ចាត់ទុកការចុះផ្សាយនេះ ជារឿងមិនពិត។
 
ក្រោយសម្ដេច ហ៊ុន សែន ដាក់ឱសានវាទនេះ ថ្នាក់ដឹកនាំ CCIM ក៏បានទៅជួបមន្ត្រីក្រសួងព័ត៌មាន ដើម្បីពិភាក្សាគ្នា ហើយក៏ចេញលិខិតមួយ ទៅសម្ដេច ដើម្បីបកស្រាយពីការចុះផ្សាយរបស់ខ្លួន។ ក្នុងលិខិតនោះ CCIM មិនប្រើពាក្យ«សុំទោស»ឡើយ ដោយជំនួសពាក្យ «សោកស្ដាយ» និង «អធ្យាស្រ័យ»។ ពាក្យពេចន៍ទាំងនេះ មិនបានធ្វើឱ្យសម្ដេច ហ៊ុន សែន ស្ងប់ចិត្តនោះទេ។ សម្ដេច បានបញ្ជាឱ្យក្រសួងព័ត៌មានបិទវិទ្យុ VOD តែម្ដង ក្រោយអានលិខិតហើយ។

អត្ថបទទាក់ទង
 
 
ក្រោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តរក្សាជំហរបិទវិទ្យុ VOD បែបនេះ។ VOD ក៏ចេញលិខិតលើកទី២ ដោយមានរំលេចពាក្យ«សុំទោស» ។ ប៉ុន្តែអ្វីៗហាក់ហួសពេលទៅហើយ។

«ហេតុអ្វីមិនសូមទោសពីល្ងាច និងមកសូមទោសពេលយប់ជ្រៅ ក្រោយម៉ោង១២យប់ទៅវិញ?»។ សម្តេច ហ៊ុន សែន បានសរសេរបែបនេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នាវេលាម៉ោង១ និង៤៥នាទីយប់ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ពោលគឺមួយម៉ោងក្រោយការបង្ហោះលិខិតសូមទោសរបស់វីអូឌី។
 
ការសម្រេចដកអាជ្ញាបណ្ណរបស់ VOD នេះ បានធ្វើឱ្យស្ថានទូតបារាំង និងស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ចេញសេចក្តីថ្លែងការណ៍ស្នើឱ្យរដ្ឋាភិបាល ត្រួតពិនិត្យ និងពិចារណាឡើងវិញដែរ។ សេចក្តីថ្លែងការណ៍ទូតអាម៉េរិក បានសរសេរដូច្នេះថា៖«យើងមានការរំខានចិត្តជាខ្លាំង ដោយមានការសម្រេចចិត្តភ្លាមៗ ក្នុងការដកអាជ្ញាបណ្ណពីសារព័ត៌មានប្រជាធិបតេយ្យ VOD។ សារព័ត៌មានដែលមានភាពសេរី និងឯករាជ្យ ដើរតួនាទីសំខាន់ចាំបាច់នៅក្នុងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវមួយ ដោយផ្ដល់ឱ្យសាធារណជន និងអ្នកសម្រេចចិត្តឱ្យដឹងការពិត ហើយធ្វើឱ្យរដ្ឋាភិបាលមានការទទួលខុសត្រូវ»៕
 

Tag:
 សារព័ត៌មាន
  VOD
© រក្សាសិទ្ធិដោយ thmeythmey.com