កីឡាអន្តរជាតិ
អន្តរជាតិ
​Brighton-Crystal ៖ លោក Brook មន្ត្រីអាជ្ញាកណ្តាលវីដេអូ ត្រូវព្យួរការងារ ២ប្រកួត ព្រោះកាត់ក្តីខុស
14, Feb 2023 , 3:19 pm        
រូបភាព
លោក John Brook មន្រ្តីជំនួយការអាជ្ញាកណ្តាលប្រព័ន្ធ (VAR) ​ត្រូវព្យួរការងារចំនួន ២ប្រកួត បន្ទាប់ពីកាត់សេចក្តីខុសសម្រេចមិនផ្តល់គ្រាប់បាល់ដែលស៊ុតចូលទៅឱ្យក្រុម Brighton & Hove Albion ក្នុងជំនួប  Crystal Palace ក្នុងលទ្ធផល ១-១ ក្នុងក្របខណ្ឌ remier League កាលពីថ្ងៃទី១១ ខែកុម្ភៈ។

លោក Brook នឹងត្រូវអវត្តមានការប្រកួតចំនួន ២រួមមានការប្រកួតរវាងក្រុម ​Liverpool ទល់ Everton ជំនួប Merseyside Derby (ប្រកួតចប់រាត្រីថ្ងៃទី១៣ កុម្ភៈ) និងការប្រកួតនៅថ្ងៃទី១៥ កុម្ភៈ រវាង Arsenal ទល់ក្រុមម្ចាស់ការពារជើងឯក Manchester City។
 
​ការប្រកួតនោះ Brighton កំពុងតែសម្លឹងការក្រសោបបាន ៣ពិន្ទុដ៏សំខាន់ ដើម្បីនាំពួកគេប្រជែងបានតំណែងលេខ ៥ក្នុងតារាង Premier league និងជាឱកាសចូលលេងក្របខណ្ឌពានរង្វាន់អឺរ៉ុប UEFA ។ ពួកគេបានព្យាយាមសម្រុកខ្លាំងលើក្រុមម្ចាស់ផ្ទះ Crystal Pal​ace ដើម្បីគ្រាប់បាល់។ Brighton ធ្វើបានល្អអាចស៊ុតបើកឆាកនាំមុខមុនតាំងពីនាទី៣២ ដោយកីឡាករ Pervis Estupinan ប៉ុន្តែគ្រាប់បាល់នោះ ត្រូវបានអាជ្ញាកណ្តាលសម្រេចមិនផ្តល់ឱ្យ ដោយសារតែកំហុសនៃការពិនិត្យ VAR ខុសលើជំហ Off-side លើកីឡាករ Brighton។
 
ទោះជាយ៉ាងណា ការពិនិត្យជំហរ Off-side ក្រុមមន្ត្រី VAR បានគូរបន្ទាត់ខុសលើកីឡាករ James Tomkins ជំនួសឱ្យខ្សែការពារ Marc Guehi របស់ក្រុម Crystal Palace ដែលអ្នកនៅពីក្រោយ Tomkins។ ដោយសារតែកំហុសនេះហើយទើបធ្វើឱ្យ Brighton បាត់បង់ពិន្ទុ ហើយនាការប្រកួតនោះលោក Brook គឺជាមន្ត្រីអាជ្ញាកណ្តាល VAR តែម្តង។
 
ការបង្កកំហុសស្រដៀងគ្នានេះមួយទៀត ក្នុងជំនួប ​Brentford ស្មើជាមួយក្រុមកំពូលតារាង ​Arsenal ធ្វើឱ្យក្រុមដែលរង់ចាំការឈ្នះពាន Premier league រយៈពេលជាង ១៩ឆ្នាំមកនេះ ខាត់បង់ ២ពិន្ទុនាំមុខដ៏សំខាន់។ ​Ivan Toney រកបានគ្រាប់បាល់ស៊ុតតាមស្មើ ១-១ ទល់ Arsenal នៅនាទី៧២ ក្រោយចប់ប្រកួត ពិនិត្យ VAR រកឃើញថាគ្រាប់បាល់នេះស្ថិតក្នុងជំហ Off-side តាំងពីក្រុម Brentford ទាត់បាល់ពិន័យ ​Free-kick មកម្ល៉េះ។
 
យ៉ាងណាមិញកាលពីថ្ងៃទី១២ កុម្ភៈ ស្ថាប័នអាជ្ញាកណ្តាលការប្រកួតអាជីពអង់គ្លេស (PGMOL) បាននិយាយថា កំហុសដែលកើតមានធ្វើឱ្យកាត់សេចក្តីខុសក្នុងប្រកួត Brighton-Crystal និង Arsenal-Brentford ដោយសារតែកំហុសរបស់មនុស្ស។
 
នាថ្ងៃទី១៣ កុម្ភៈ អតីតប្រធានមន្ត្រីអាជ្ញាកណ្តាលអង់គ្លេស Keith Hackett បាននិយាយប្រាប់កាសែត BBC ថា VAR កំពុងស្ថិតក្នុងស្ថានភាពអាក្រក់។ អតីតប្រធានអាជ្ញាកណ្តាលរូបនេះ អះអាងថា កំហុសទាំងនេះកើតមានជារឿយ។ 
 
«វាមិនមែនត្រឹមតែលើកដំបូងនោះទេ យើងធ្លាប់មានបញ្ហាផ្សេងៗស្រដៀងនេះតាំងតែពី VAR បានប្រើប្រាស់ដំបូងមកម្ល៉េះ ខ្ញុំធ្លាប់គិតថានៅពេលស្ថិតក្រោមដឹកនាំរបស់លោក Howard Webb យើងនឹងមានមនុស្សម្នាក់ក្នុងការតែតម្រូវវា[…] ។ ខ្ញុំគិតថាគាត់ត្រូវដកចេញបុគ្គលមួយចំនួនដែលអង្គុយកៅអី VAR ព្រោះពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញការងារនេះ ព្រោះពួកគេមិនផ្តល់ភាពត្រឹមត្រូវ។»។ លោក Hackett បាននិយាយបែបនេះ៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com