ជាតិ
ដាំលើសផែនការ ធ្វើឱ្យស្រូវប្រាំង ១២០០ហិកតា នៅប៉ៃលិន ខ្វះទឹកស្រេចស្រព
14, Feb 2023 , 8:59 pm        
រូបភាព
អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ១២០០ហិកតា ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ រូបពី ទូរទស្សន៍ខេត្តប៉ៃលិន
អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ១២០០ហិកតា ក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ រូបពី ទូរទស្សន៍ខេត្តប៉ៃលិន
ភ្នំពេញ៖ ស្រូវប្រាំង ដែលខ្វះទឹកស្រោចស្រពប្រមាណ ១២០០ហិកតា នៅខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរ អន្តរាគមន៍ជួយសង្រ្គោះ ទាន់ពេលវេលា។ មូលហេតុនាំឱ្យខ្វះខាតទឹក ដោយសារតែឆ្នាំនេះ កសិករសម្រុកដាំដុះស្រូវលើសផែនការពាក់កណ្ដាល ខណៈមិនមានភ្លៀងធ្លាក់។


លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ស្រូវប្រាំងប្រមាណ ១២០០ហិកតា នៅក្នុងឃុំសាលាក្រៅ និងស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានជួបបញ្ហារាំងស្ងួតរយៈពេល១ខែមកហើយ។ ករណីនេះ ដោយសារកសិករ ពង្រីកការដាំដុះលើសផែនការ ខណៈមិនមានភ្លៀងធ្លាក់។ នៅឆ្នាំ ២០២៣នេះ មន្ទីរកសិកម្មខេត្តប៉ៃលិន បានដាក់ផែនការឱ្យកសិករដាំដុះស្រូវប្រាំងចំនួន ១ពាន់ហិកតា ប៉ុន្តែ មកដល់ពេលនេះ កសិករបានអនុវត្តបានរហូតដល់ ២ពាន់ហិកតា។ 
  

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន ជួបជាមួយ ពលរដ្ឋដែលប្រឈមខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង។ រូបពី មន្ទីរកសិកម្មខេត្តប៉ៃលិន 
 
លោក ប្រាប់ដូច្នេះថា៖«តំបន់ហ្នឹង ធ្លាប់ជួបបញ្ហារាំងស្ងួតដែរ ប៉ុន្តែ ក្នុងបរិបទនេះ កសិករគាត់ធ្វើលើសផែនការច្រើនពេក អ៊ីចឹង បានយើងខ្វះទឹកសម្រាប់ផ្គត់ផ្គង់។ ឆ្នាំនេះ ផែនការរបស់យើង គឺគ្រោងទុកតែ ១ពាន់ហិកតា តែឥឡូវ គាត់ដាំដុះបានដល់ ២ពាន់ហិកតា»។ 
 
ទោះបីគ្មាន ទឹកស្រោចស្រពរយៈពេលយូរ ប៉ុន្តែ ស្រូវទាំងអស់ មិនទាន់ខូចខាតនោះទេ។ ទន្ទឹមនេះ មន្ទីរកសិកម្មខេត្តប៉ៃលិន បានសហការជាមួយក្រសួងធនធានទឹក និងឧត្តុនិយម និងមន្រ្តីពាក់ព័ន្ធ អន្តរាគមន៍កាយប្រឡាយ ដើម្បីនាំទឹកចូលស្រែពលរដ្ឋ និងរៀបចំប្រឡាយមួយផ្សេងទៀត ដើម្បីបូមទឹក សង្រ្គោះស្រូវទាន់ពេលវេលា។ 
 
លោក សាយ សុផាត នៅតែបន្តតាមដាន ស្ថានភាពស្រូវ ដើម្បីធានាថា ស្រូវប្រាំងទាំងនោះ ទទួលបានទឹកគ្រប់គ្រាន់។ លោក បន្ថែមដូច្នេះថា៖« យើងបានខាងធនធានទឹក គាត់ជួយកាយប្រឡាយឱ្យ ដើម្បីបង្ហូរទឹកចូលស្រែកសិករ ហើយយើង ក៏ពង្រីកប្រឡាយនេះបន្ថែមដែរ។ មួយទៀត យើងអន្តរាគមន៍លើការបូមទឹក មួយកន្លែងទៀត អ៊ីចឹង មធ្យោបាយយើងមានពីរ ក្នុងការសង្រ្គោះស្រូវនេះ»៕ 
 
 

Tag:
 គ្រោះមហន្តរាយ
  ខេត្តប៉ៃលិន
  មន្ទីរកសិកម្មខេត្តប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com