កីឡាអន្តរជាតិ
អន្តរជាតិ
Neymar នឹងបំពេញក្តីស្រមៃលើកពាន ​World Cup 2026 ក្រោយ Messi ជំរុញទឹកចិត្ត
15, Feb 2023 , 8:29 am        
រូបភាព
Neymar Jr ខ្សែប្រយុទ្ធក្រុម Paris Saint Germain ដាក់គោលដៅលេងនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ និងដណ្តើមពានពិភពលោកមួយនេះឱ្យប្រេស៊ីល ដែលជាក្តីស្រមៃដ៏ធំបំផុតក្នុងអាជីពកីឡាករបាល់ទាត់របស់គេ។ ការដាក់គោលដៅលើកពាន World Cup របស់ Neymar គឺមានការលើកទឹកចិត្តពីមិត្តរួមក្លិប Lionel Messi។


អំឡុងការប្រកួត World Cup 2022 នៅប្រទេសកាតា កីឡាករវ័យ ៣១ឆ្នាំធ្លាប់បាននិយាយថា ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំនៅតំបន់មជ្ឈិមបូព៌ា នឹងអាចក្លាយជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គេ។ World Cup 2022 ប្រេស៊ីល រងបរាជ័យធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រូអាស៊ី ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ។ 
 
ក្រោយពីការធ្លាក់ចេញពី World Cup របស់ប្រេស៊ីលភ្លាមៗ ​Neymar បានបង្ហាញអារម្មណ៍ថា រូបគេមិនអាចធានាបានចំពោះអនាគតរបស់គេបន្តទៀតឡើយ ជាមួយក្រុមជម្រើសជាតិ។ ការធ្លាក់ចេញកាលនោះ ត្រូវបានគេចាត់ទុកថាជាការប៉ះពាល់ផ្លូវចិត្តខ្លាំង សម្រាប់ Neymar។
 
២ខែក្រោយមក Neymar ហាក់បង្ហាញអារម្មណ៍ខកចិត្តរបស់គេ ហើយបាននិយាយថា ទ្វារសម្រាប់អាជីពនៅក្រុមជម្រើសជាតិប្រេស៊ីលរបស់គេ មិនបានបិទនោះទេ។ Neymar នឹងបន្តលេងនៅក្នុងព្រឹត្តិការណ៍ World Cup 2026 ដែលអាម៉េរិក កាណាដា​ និងម៉ិកស៊ិកជាសហម្ចាស់ផ្ទះ។ «ខ្ញុំនឹងទៅទីនោះ យើងនឹងឃើញរឿងនេះទាំងអស់គ្នា។ ពិតណាស់ ខ្ញុំមានក្តីស្រមៃធំបំផុត គឺការឈ្នះពានរង្វាន់ World Cup។»។ Neymar បាននិយាយប្រាប់ទូរទស្សន៍ TNT Sports បែបនេះ។ 
 
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ ក៏បានបន្ថែមថា មិត្តរួមក្រុមរបស់គេ Lionel Messi ដែលជួយអាហ្សង់ទីនលើកពាន World Cup 2022 ជាអ្នកជំរុញ និងបំផុសគំនិតនេះដល់ខ្លួន។ 
 
Neymar និយាយអះអាងទៅកាន់ TNT Sports បន្ថែមដូច្នេះថា៖ «Messi តែងតែជំរុញទឹកចិត្ត បំផុសគំនិតអំពីរឿងនេះ ​គាត់តែងតែជួយ និងលើកទឹកចិត្តដល់ខ្ញុំ។ ជាក់ស្តែងឃើញគាត់បានឈ្នះវាក្នុងវ័យ ៣៤ ឬ ៣៥ឆ្នាំ ខ្ញុំក៏បានគិតពីរឿងនេះដូចគ្នា។»។ 
 
ព្រឹត្តិការណ៍ World Cup 2026 ប្រទេសអាម៉េរិក កាណាដា និងម៉ិកស៊ិក Neymar នឹងឈានដល់វ័យ ៣៤ឆ្នាំ។ តារាឆ្នើមក្រុម PSG រូបនេះ ធ្លាប់បានបង្ហាញខ្លួនលេងនៅព្រឹត្តិការណ៍ World Cup ចំនួន ៣លើករួចមកហើយ ដោយក្នុងនោះ ឆ្នាំ២០១៤, ២០១៨ និងឆ្នាំ២០២២៕
 

Tag:
 World Cup
  Neymar JR
© រក្សាសិទ្ធិដោយ thmeythmey.com