ជាតិ
វីដេអូ
លោក គួច ចំរើន៖ កសិកម្មក៏ជាវិស័យលេចធ្លោមួយនៅខេត្តព្រះសីហនុ
15, Feb 2023 , 7:59 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងសន្និសីទសារព័ត៌មាន «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក » នៅព្រឹកថ្ងៃទី១៥ កុម្ភៈ។ រូបភាពអង្គភាពអ្នកនាំពាក្យ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងសន្និសីទសារព័ត៌មាន «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក » នៅព្រឹកថ្ងៃទី១៥ កុម្ភៈ។ រូបភាពអង្គភាពអ្នកនាំពាក្យ
ភ្នំពេញ៖ ព្រះសីហនុ ជាខេត្តដែលមានសក្តានុពលផ្នែកសេវាកម្ម តួយ៉ាងវិស័យទេសចរណ៍។ ដោយឡែកវិស័យកសិកម្មវិញ ខេត្តព្រះសីហនុ ក៏​មានភាព​លេចធ្លោ ដោយ​ក្នុង​នោះ​មាន​ពលរដ្ឋប្រកបរបរកសិកម្មចម្បង ចំនួន ២៣,៦០ភាគរយ។


ខេត្តព្រះសីហនុ ស្ថិតនៅប៉ែកនិរតីនៃកម្ពុជា ជាប់នឹងតំបន់ឆ្នេរសមុទ្រ។ ក្នុងសន្និសីទសារព័ត៌មាន «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្តព្រះសីហនុ» នៅព្រឹកថ្ងៃទី១៥ កុម្ភៈនេះ លោក គួច ចំរើន បានលើកឡើងថា៖ «ទាក់ទងនឹង​បញ្ហា​កសិកម្ម ខ្ញុំ​យល់​ថា​នៅ​ខេត្ត​ព្រះ​សីហនុ​ អាច​​ចាត់ទុក​ថា​ជា​វិស័យ​លេចធ្លោដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ​»។​
 
បើតាម​អភិបាលខេត្ត​ព្រះ​សីហនុ​រូបនេះ ការ​ចិញ្ចឹម​ជ្រូក​នៅខេត្ត​ព្រះ​សីហនុ​ អាច​ផ្គត់ផ្គង់​បាន​ពាក់​កណ្ដាល​រាជធានី-ខេត្ត​។ ជាមួយ​គ្នានេះ ព្រះ​សីហនុ​រោង​ចក្រ​ផលិត​ចំណីសត្វ និង​ទីតាំង​បង្កាត់​ពូជ​សត្វ​ជ្រូក​ ដែលជាការចូលរួម​របស់​វិស័យ​ឯកជន។​
 
ទន្ទឹមនឹងនេះ ​ខេត្ត​ព្រះ​សីហនុ​ ក៏អំណោយ​លើ​ផ្នែក​នេសាទក្នុង​សមុទ្រ ដែលផ្គត់ផ្គង់សេចក្ដីត្រូវ​ការ​របស់​អតិថិជន ពិសេស​ជួយ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋផងដែរ​។ លោក គួច ចំរើន បន្តថា ក្រៅពីការ​ចិញ្ចឹមសត្វ​ ព្រះសីហនុ​ក៏​មាន​ដាំ​ដុះ​ដំណាំ​ឧស្សាហកម្មជាច្រើន តួយ៉ាង​ដូង​ប្រេង និង​កៅស៊ូជាដើម។​
 
«ថ្មីៗនេះ យើង​ក៏​បាន​គាំទ្រ​ និង​ជំរុញឱ្យ​មាន​រោងចក្រ​ ដែល​ផលិត​ និង​កែ​ច្នៃ​ផ្លែស្វាយ​»។ នេះជា​ការ​បញ្ជាក់របស់​លោក គួច ចំរើន ដោយ​បន្ថែម ការ​ធ្វើបែបនេះ អាចជួយ​គាំទ្រ​ដល់​កសិករ​ដាំ​ស្វាយ ដែល​ជួប​បញ្ហា​ក្នុងពេល​ប្រមូល​ផល​​៕​
 
សូម​អញ្ជើញទស្សនា​វីដេអូខាង​ក្រោម​ដូចតទៅ៖

 

Tag:
 កសិកម្ម​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com