ជាតិ
យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងភូមិសាស្រ្តឃុំកោះស្តេច ៦១ភាគរយ ត្រូវបានប្រមូលកម្ទេចចោល
16, Feb 2023 , 5:39 pm        
រូបភាព
ភ្នំពេញ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាច្រើន ក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានកងកម្លាំងបោសសម្អាតមីន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភា ពប្រមូលកម្ទេចចោល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។


ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងសំណល់ជាតិផ្ទុះពីសង្រ្គាមនេះ បានចាប់ផ្តើមនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដោយបានរំដោះផ្ទៃដី ពីគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៦៩៦,០៣៥ម៉ែត្រក្រឡា ស្មើរនឹង ៦១ភាគរយ។ គម្រោងនេះ អនុវត្តក្រោមមូលបទ «ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម» និងឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥។
 
លោក សែម រតនា អគ្គនាយករងនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងនៅការដ្ឋានបោសសម្អាតមីនភូមិសាស្រ្តកោះស្តេចឱ្យដឹងថា ក្នុង​ប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញគ្រាប់មីនប្រឆាំងថ្មើរជើងចំនួន៧គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៤៨គ្រាប់ និងអំបែង១៩២ដុំផងដែរ។ ដោយឡែក សម្រាប់ផ្ទៃដីនៅសេសល់ចំនួន ៤៤៣,៦០១ម៉ែត្រក្រឡា គ្រោងនឹងបញ្ចប់ជាស្ថាពរ ក្នុងខែមេសា ឆ្នាំ២០២៣ តាមផែនការកំណត់។
 

លោក សែម រតនា អគ្គនាយករងនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅការដ្ឋានបោសសម្អាតមីនភូមិសាស្រ្តកោះស្តេច ខេត្តកោះកុង។ រូបភាពពី៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព

ជាមួយគ្នានោះ លោក សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានក្រើនរម្លឹកដល់កងកម្លាំងបោសម្អាតគ្រាប់មីន នៅមូលដ្ឋានភូមិសាស្ត្រកោះស្តេច ត្រូវបង្កើនការយកចិត្តទុកដាក់ និងអនុវត្តឱ្យបានល្អចំពោះភារកិច្ចទៅតាមស្តង់ដារបច្ចេកទេស និងមិនត្រូវមើលស្រាលជាដាច់ខាតចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាដាច់ខាត។ លោកបានលើកឡើងថា៖«ព្រោះគ្រាប់មីនអាចធ្វើឱ្យយើង ១វិនាទីរស់  ១វិនាទីស្លាប់ និង ១វិនាទីអាចសុវត្ថិភាព»៕
 

លោក សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន នៅការដ្ឋានបោសសម្អាតមីន ភូមិសាស្រ្តកោះស្តេច ខេត្តកោះកុង។ រូបភាពពី៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព


Tag:
 យុទ្ធភ័ណ្ឌ
  ផ្ទុះ
  កោះស្តេច
  កោះកុង
  កម្ទេច
© រក្សាសិទ្ធិដោយ thmeythmey.com