កីឡាអន្តរជាតិ
អន្តរជាតិ
ក្មេងប្រុសថៃ ដែលជាប់ក្នុងរូងភ្នំ Tham Luang ឆ្នាំ២០១៨ ស្លាប់ក្នុងប្រទេសអង់គ្លេស
17, Feb 2023 , 8:29 am        
រូបភាព
Duangpetch Promthep ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុស១២នាក់ ដែលត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំ Tham Luang ដោយសារតែទឹកជនលិចក្នុងប្រទេសថៃ កាលពីឆ្នាំ ២០១៨ បានទទួលមរណភាពហើយ នៅប្រទេសអង់គ្លេស។ ក្មេងប្រុស១២នាក់ និងគ្រូម្នាក់ដែលជាប់ក្នុងរូងភ្នំនោះ ជាសមាជិកក្រុមបាល់ទាត់ Wild Boars។



Duangpetch ក្មេងប្រុសដែលបានផ្លាស់ទៅរស់នៅប្រទេសអង់គ្លេស ដើម្បីសិក្សាក្នុងមហារវិទ្យាល័យ​បាល់ទាត់មួយ ក្នុងទីក្រុង ​Leicester បានស្លាប់កាលពីថ្ងៃទី១៤ ខែកុម្ភៈ។ នេះបើតាមការអះអាងរបស់មូលនិធិ Zico Foundation ដែលបានជួយគាំទ្រផ្តល់អាហារូបករណ៍ ដល់ Duangpetch។ ការស្លាប់របស់ក្មេងប្រុសដែលមានឈ្មោះហៅក្រៅថា Dom ក៏ត្រូវបានបញ្ជាក់ពីសំណាក់មហាវិទ្យាល័យ Brooke House ក្នុងទីក្រុង Leicester ផងដែរ។



បើតាមការបញ្ជាក់របស់មូលនិធិ Zico Foundation មានម្ចាស់ស្ថាបនិកលោក Kiatisuk Senamuang ដែលជាអតីតកីឡាករ និងគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃ ​អះអាងថា Dom ត្រូវបានរកឃើញសន្លប់នៅក្នុងបន្ទប់គេងរបស់គេ កាលពីថ្ងៃទី១២ កុម្ភៈ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ 
 
តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន BBC ក្មេងបុរសអាយុ ១៧ឆ្នាំរូបនេះ ត្រូវបានរាយការណ៍ថាមានរបួសត្រង់ក្បាល ប៉ុន្តែមិនមានការបញ្ជាក់មូលហេតុច្បាស់លាស់ អំពីការស្លាប់នេះឡើយ។ ចាប់តាំងពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៥ កុម្ភៈ Duangpetch ទទួលបានការព្យាបាល ប៉ុន្តែរាងកាយរបស់គេហាក់មិនមានការឆ្លើយតបអ្វីទាំងអស់។
 
ចំពោះការស្លាប់របស់ក្មេងប្រុស​ Dom លោក Ian Smith នាយកមហាវិទ្យាល័យ ​Brooke House បាននិយយដូច្នេះថា៖«ហេតុការណ៍នេះបានធ្វើឱ្យសហគមន៍មហាវិទ្យាល័យរបស់យើងមានការសោកស្តាយ និងរង្គោះរង្គើយ៉ាងខ្លាំង។ យើងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ មិត្តភក្កិ អតីតមិត្តរួមក្រុម និងអ្នកពាក់ព័ន្ធគ្រប់ផ្នែកនៃជីវិតរបស់គាត់ ក៏ដូចជាអ្នករងផលប៉ះពាល់នៃការបាត់បង់ទាំងនៅក្នុងប្រទេសថៃ និងក្រុមគ្រួសារមហាវិទ្យាល័យ។ យើងកំពុងតែទំនាក់ទំនងជាមួយអាជ្ញាធរ និងស្ថានទូតថៃប្រចាំទីក្រុងឡុងដ៍សម្រាប់ដំណើរការបន្តបន្ទាប់ទៀត នៃសាកសពរបស់ Dom។»។
  


ក្រោយទទួលដំណឹងនៃការស្លាប់របស់ ​Dom មិត្តរួមក្រុម Wild Boars របស់គេបានបង្ហោះសារជាច្រើននៅលើបណ្តាញសង្គមរំលែកទុក្ខ និងបង្ហាញការសោកស្តាយ ចំពោះការបាត់បង់មិត្តរួមក្រុមដែលជិតស្និទ្ធបំផុតរបស់ពួកគេ។ 
 
រឿងរ៉ាវនៃក្រុម Wild Boars កាលពីឆ្នាំ ២០១៨ ក្មេងប្រុស ១២នាក់កាលនោះ ពួកគេមានអាយុត្រឹមចន្លោះ ១១ទៅ ១៦ឆ្នាំ ព្រមទាំងគ្រូបង្វឹកម្នាក់អាយុ ២៥ឆ្នាំ បាននាំគ្នាទៅលេងរូងភ្នំមួយ ដែលមានឈ្មោះថា Tham Luang ក្នុងស្រុក Mae Sai។ ក្រុមក្មេងប្រុស​ Wild Boars បានដើរលេងលុកលុយក្នុងរូងភ្នំ ចម្ងាយ ៧គីឡូម៉ែត្រ ដោយពួកគេមិនបានដឹងអំពីការធ្លាក់ភ្លៀងខ្លាំង បណ្តាលឱ្យទឹកលិចក្នុងរូងភ្នំឡើយ។ 
 
ខណៈពេលនោះពួកគេក៏បានមានបំណងចាកចេញ ក៏ប៉ុន្តែត្រូវបានទឹកចាប់ផ្តើមលិចចូលពេញរូងភ្នំ និងបានរារាំងច្រកផ្លូវចេញសម្រាប់ពួកគេ។ ដំណឹងនៃការបាត់ខ្លួន ជាប់ក្នុងរូងភ្នំរបស់ក្មេងប្រុសក្រុម Wild Boars ត្រូវបានផ្សព្វផ្សាយទូទាំងប្រទេសថៃ ដើម្បីបើកប្រតិបត្តិការជួយសង្គ្រោះ រហូតបេសសកម្មជួយសង្គ្រោះមួយនេះ បានរីកសុះសាយទូទាំងពិភពលោក និងទទួលបានជំនួយសង្គ្រោះពីសំណាក់អន្តរជាតិនានា។ 
 
ប្រតិបត្តិការជួយសង្គ្រោះជីវិតក្រុមបាល់ទាត់ Wild Boars មានមនុស្សចូលរួមប្រមាណជាង ១០,០០០នាក់ ពីសមត្ថកិច្ច និងអ្នកជំនាញថៃ រួមជាមួយជនបរទេស ក្នុងការជួយសង្គ្រោះក្រុមក្មេងប្រុសទាំងអស់នោះ រយៈពេល ១៧ថ្ងៃ នៃការរុករកនឹងសង្គ្រោះចេញបានសម្រេចពីរូងភ្នំ។ 
 
ក្រោយត្រូវបានសង្គ្រោះ សមាជិកក្រុម Wild Boars ដែលជាប់ក្នុងរូងភ្នំទាំងអស់ ត្រូវបានក្រុមបាល់ទាត់ធំៗលើពិភពលោក ជាពិសេសនៅប្រទេសអង់គ្លេស កោះហៅឱ្យទៅធ្វើទស្សនកិច្ច និងធ្វើកិច្ចសម្ភាសជាច្រើន អំពីការជម្នះរស់ក្នុងរូងភ្នំ រយៈពេលយូរបស់ពួកគេ ហើយរឿងរ៉ាវនៃការជួយសង្គ្រោះមួយនេះ បានក្លាយជាហេតុការណ៍ដ៏ល្បីខ្លាំងបំផុតនៅលើពិភពលោក៕
 

Tag:
 Football
© រក្សាសិទ្ធិដោយ thmeythmey.com