អន្តរជាតិ
ជប៉ុនមានឱនភាពពាណិជ្ជកម្មកម្រិតខ្ពស់ ខណៈសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ 17, Feb 2023 , 11:39 am

រូបភាពពី Reuters
×![]()
ឱនភាពពាណិជ្ជកម្ម កំណើននៃការនាំចេញទំនិញរបស់ប្រទេសជប៉ុនបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមករា ស្របពេលដែលតម្រូវការរបស់ចិនសម្រាប់រថយន្ត និងម៉ាស៊ីនផលិតបន្ទះសៀគ្វីមានអត្រាតិចជាងមុន ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការធ្លាក់ចុះជាសកល និងបង្កើតឱនភាពពាណិជ្ជកម្មដ៏បំផុតនៅក្នុងប្រទេសនេះ។
បើតាម Bloomberg ដែលដកស្រង់ទិន្នន័យពីក្រសួងហិរញ្ញវត្ថុជប៉ុន ឱនភាពពាណិជ្ជកម្មរបស់ជប៉ុនបានកើនឡើងដល់៣,៥ ទ្រីលានយ៉េន (២៦,១ពាន់លានដុល្លារ) កាលពីខែមករា។ កម្រិតនៃឱនភាពនេះមានការកើនឡើងខ្ពស់ជាងពីមុនដែលមានប្រមាណតែ ២,៨២ទ្រីលានយ៉េន។
កំណើនការនាំចេញជប៉ុននៅខែមករាបានធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម៣,៥ភាគរយ ខណៈពេលដែលការនាំចូលបន្តកើនឡើងខ្ពស់១៧,៨ភាគរយបើធៀបគ្រាដូចគ្នានាឆ្នាំមុន។ ការនាំចេញទៅកាន់ចិនបានធ្លាក់ចុះ១៧,១ភាគរយ ដោយសារការពន្យារពេលបុណ្យចូលឆ្នាំថ្មីរបស់ចិន។ ការនាំចេញទៅកាន់ទីផ្សារអាម៉េរិក និងអឺរ៉ុបបានធ្លាក់ចុះ ដោយបានកត់ត្រាការកើនឡើងត្រឹមតែ ១០,២ភាគរយនិង ៩,៥ភាគរយ។
តួលេខខាងលើនេះបានជះឥទ្ធិពលមិនសូវល្អប៉ុន្មានទេទៅលើសេដ្ឋកិច្ចជប៉ុនដែលកំពុងតែអាប់អួរស្រាប់ ខណៈដែលប្រទេសសេដ្ឋកិច្ចធំទី៣ របស់ពិភពលោកមួយ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងពីភាពមិនរឹងមាំនៃប្រាក់យ៉េន និងតម្លៃប្រេងខ្ពស់។ ការកើនឡើងអត្រាការប្រាក់សកល គឺជាហេតុផលមួយដែលតម្រូវការទំនិញរបស់ពិភពលោកដូចជារថយន្ត និងគ្រឿងចក្ររបស់ជប៉ុនធ្លាក់ចុះ ហើយបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើការនាំចេញរបស់ជប៉ុន។
សេដ្ឋវិទូរបស់ Bloomberg លោក Yuki Masujima បានឱ្យដឹងថា ៖ «ក្នុងរយៈពេលដ៏ខ្លីនេះ យើងរំពឹងថាឱនភាពពាណិជ្ជកម្មរបស់ប្រទេសជប៉ុននឹងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែកុម្ភៈ ដោយសារការកើនឡើងនៃការនាំចេញ។ ឱនភាពជាមធ្យមនៃខែមករា និងកុម្ភៈ ប្រហែលជាស្មើនឹងឱនភាពនៅខែធ្នូ ឆ្នាំ ២០២២»។
ប្រសិនបើការនាំចូលបន្តកើនឡើងខ្លាំង តម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសជប៉ុនអាចនឹងឡើងខ្ពស់ជាងមុន។ អតិផរណានៅក្នុងប្រទេសនេះកាលពីខែធ្នូបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៤១ឆ្នាំ ដោយសារក្រុមហ៊ុននានា ជាពិសេសអាជីវកម្មម្ហូបអាហារ ជំរុញការចំណាយបន្ថែមទៅលើអ្នកប្រើប្រាស់។ ការបង្កើនល្បឿននៃអតិផរណាបានបិទបាំងអំណាចទិញរបស់អតិថិជនជប៉ុន ដែលជានិន្នាការឆ្លុះបញ្ចាំងពីការចំណាយក្នុងគ្រួសារធ្លាក់ចុះ នៅរយៈពេលពីរខែបន្ទាប់។
ជាមួយនឹងឱនភាពពាណិជ្ជកម្មដ៏ធំ និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនេះ បានកំពុងបង្កបញ្ហាប្រឈមសម្រាប់ធនាគារកណ្តាលជប៉ុន (BOJ) ក្នុងប្រតិបត្តិការគោលនយោបាយរូបិយវត្ថុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាវិជ្ជមានដោយផ្អែកលើតម្រូវការរបស់វិស័យឯកជន ស្របពលដែលខ្លួនបានដាក់គោលដៅរក្សាអតិផរណាមិនឱ្យឡើងខ្ពស់ជាង២ភាគរយ៕ © រក្សាសិទ្ធិដោយ thmeythmey.com