កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹកបារាំង លោក Troussier ត្រៀមដឹកនាំវៀតណាមដែលអាចបានបៀវរត្សរ៍ជាង៥ម៉ឺនដុល្លារក្នុង១ខែ
17, Feb 2023 , 12:09 pm        
រូបភាព
អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន លោក Philippe Troussier នឹងចូលកាន់កាប់តំណែងក្នុងនាមជាគ្រូបង្វឹកថ្មី របស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម។ នេះបើតាមការបញ្ជាក់ ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រទេសវៀតណាម ថ្ងៃទី១៦ ខែកុម្ភៈ។ កាសែត VN Express បានបញ្ជាក់ថា ប្រាក់បៀវរត្សរ៍ មិនត្រូវបានបង្ហើបឱ្យបានដឹងនោះឡើយ ប៉ុន្តែគេជឿថា គ្រូបង្វឹកបារាំងរូបនេះ នឹងទទួលបានជាង៥ម៉ឺនដុល្លារក្នុង១ខែ។
 
បើតាមសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) កិច្ចព្រមព្រៀងបានឈានដល់ការយល់ព្រមរួចហើយ ជាមួយអនាគតគ្រូបង្វឹកថ្មីសញ្ជាតិបារាំង ដែលនឹងចូលមកដឹកនាំទាំងក្រុមបាល់ទាត់ជម្រើសជាតិ និងក្រុមបាល់ទាត់អាយុក្រោម ២៣ឆ្នាំ បន្ទាប់ពីការចាកចេញរបស់ លោក Park Hang-seo សញ្ជាតិកូរ៉េខាងត្បូង។
 
«ការជ្រើសរើសសម្រាប់តំណែងកំពូលមួយនេះ គឺធ្វើឡើងដោយការប្រុងប្រយ័ត្នបំផុត ដោយ VFF ហើយជាមួយដំណើរការដ៏តឹងរឹងបំផុត។ ស្ថាប័ន VFF និងលោក Philippe Troussier បានឈានដល់ការមូលមតិគ្នាជាមូលដ្ឋាន និងកិច្ចព្រមព្រៀងលើខ្លឹមសារដែល ទាក់ទងនឹងការងារផ្សេងៗ ក៏ដូចជាគោលដៅ និងភារកិច្ច នៅក្នុងរយៈពេលខាងមុខ។»។ VFF បាននិយាយក្នុងសេចក្តីថ្លែងការណ៍ លើគេហទំព័រផ្លូវការបែបនេះ។
 
ជាក់ស្តែងលោក Troussier សញ្ជាតិបារាំងរូបនេះ ក៏ធ្លាប់បានមកដឹកនាំក្រុមបាល់ទាត់អាយុក្រោម ១៩ឆ្នាំ វៀតណាមម្តងរួចហើយ។ ការប្រកាសជាផ្លូវការ សម្រាប់ការមកដឹកនាំក៏ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅដំណាច់ខែកុម្ភៈនេះ ក្នុងទីក្រុងហាណូយ។
 
ប្រវត្តិដឹកនាំក្នុងវិស័យបាល់ទាត់អាស៊ី លោក Troussier ធ្លាប់បានដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន ទៅកាន់ពានរង្វាន់ Asian Cup ក្នុងឆ្នាំ ២០០០ ហើយបានគ្រងជើងឯក ដោយកាលនោះ បានយកឈ្នះលើអារ៉ាប៊ីសាអូឌីត។ គ្រូបង្វឹកសញ្ជាតិបារាំងដដែលរូបនេះ ក៏ត្រូវបានជាប់ឈ្មោះជាគ្រូបង្វឹកល្អប្រចាំទ្វីបអាស៊ីកាលនោះដែរ។
 
ឆ្នាំ ២០០២ លោក Troussier បានដឹកនាំជប៉ុនឡើង ដល់ការប្រកួតវគ្គ ១៦ក្រុម នៃព្រឹត្តិការណ៍ World Cup ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះជាមួយកូរ៉េខាងត្បូង។ ឆ្នាំ២០០២ ជាលើកដំបូងសម្រាប់ជប៉ុន ដែលឈានជើងឡើងដល់វគ្គ ១៦ក្រុម World Cup។
 
គ្រូបង្វឹកវ័យ ៦៧ឆ្នាំក៏ធ្លាប់បានធ្វើការងារ ក្នុងប្រទេសកាតា ដែលជាទីកន្លែងលោកធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិ ហើយលោកក៏ធ្លាប់បានទៅដឹកនាំក្រុមនៅលីគកំពូលចិន Shenzhen Ruby និង Hangzhou Greentown ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានដឹកនាំក្រុមជម្រើសជាតិធំៗជាច្រើន នៅទ្វីបអាហ្រ្វិកមានដូចជា កូតឌីវ័រ នីហ្សេរីយ៉ា និងជាពិសេសដឹកនាំអាហ្រ្វិកខាងត្បូង ទៅកាន់ការប្រកួត World Cup ឆ្នាំ១៩៩៨ នៅប្រទេសបារាំង។ លោក ក៏មានរហស្សនាមថា “White Witch Doctor» ផងដែរ សម្រាប់ភាពជោគជ័យ ក្នុងអាជីពរបស់គាត់ក្នុងតំបន់អាហ្វ្រិក។
 
ដោយឡែកកំណត់ត្រាកន្លងមករបស់ក្រុមជម្រើសជាតិវៀតណាម បានជាប់វគ្គជម្រុះឡើងទៅប្រកួត Asain Cup ដែលពានរង្វាន់ដ៏ធំ ប្រចាំទ្វីបអាស៊ីមួយនេះ ធ្វើឡើងនៅប្រទេសកាតាឆ្នាំក្រោយ។ កាលពីចុងឆ្នាំ ២០២២ កន្លងទៅវៀតណាម រងបរាជ័យទទួលបានត្រឹមចំណាត់ថ្នាក់លេខ ២ ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup ក្រោមថ្វីជើងក្រុមដំរីចម្បាំងថៃ។
 
ការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់ថៃ គឺជាការដឹកនាំក្រុមជម្រើសជាតិលើកចុងក្រោយ របស់លោក Park Hang-seo បន្ទាប់ពីលោកបានបដិសេធ មិនព្រមបន្តកិច្ចសន្យាជាមួយបន្តទៀត ក្រោយការដឹកនាំរយៈពេលជាង ៥ឆ្នាំ។ លោក Park Hang-seo នៅសល់ភារកិច្ច ដឹកនាំក្រុមបាល់ទាត់អាយុក្រោម ២៣ឆ្នាំ រហូតដល់ពាក់កណ្តាលឆ្នាំ ២០២៣។
 
បើតាម VN Express ប្រាក់បៀវរត្សរ៍ប្រចាំខែ របស់លោក Troussier មិនត្រូវបានបង្ហើបឱ្យដឹងនោះឡើយ ប៉ុន្តែគេជឿថា លោកនឹងទទួលបានលើស ៥ ម៉ឺនដុល្លារ ក្នុង១ខែ ហើយកិច្ចសន្យារបស់លោកជាមួយសហព័ន្ធកីឡាបាល់ទាត់វៀតណាម គឺចាប់ពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com