ជាតិ
ជាអ្នកថែទាំស្មៅ លោក ជុំ ចិត្រ បានចូលរួមបង្កើនសោភ័ណភាពបៃតងនៅប្រាសាទអង្គរវត្ត
18, Feb 2023 , 7:59 am        
រូបភាព
សៀមរាប៖ ស្មៅពណ៌បៃតងនៅបរិវេណប្រាសាទអង្គរវត្ត ពិតជារួមចំណែកលើកសម្រស់សំណង់ប្រាសាទអង្គរដ៏ស្គឹមស្គៃ ឱ្យកាន់តែលេចធ្លោមួយកម្រិត។ ការថែទាំ និងជួសជុលសំណង់ប្រាសាទបុរាណ គឺកិច្ចការងារដែលក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលមានដូចបុរាណវិទូ ស្ថាបត្យករ អុ្នកជួសជុលសំណង់ប្រាសាទ និងកម្មករសម្អាតប្រាសាទ បានប្រឹងប្រែង និងបន្តធ្វើឥតឈប់ឈរជារៀងរាល់ថ្ងៃ។ ព្រៃព្រឹក្សាដែលមានអាយុកាលរាប់សិបឆ្នាំ និងកូនស្មៅតូចៗដុះជុំវិញអង្គរ មានសម្រស់ស្រស់បំព្រង បានអន្ទងចិត្តអ្នកទេសចរជាតិ អន្តរជាតិ ឱ្យផ្តិតយករូបភាព និងមកកម្សាន្តនៅរមណីយដ្ឋានអង្គរកាន់តែច្រើន។
 
ជារៀងរាល់ថ្ងៃកម្មករវ័យ ៥១ឆ្នាំមួយរូប បានចំណាយពេលវេលាមើលថែស្មៅច្រើនជាងគ្រួសារ ពោលដើមស្មៅ ដែលលោកស្រោចទឹករាល់ពេលនោះ ប្រៀបបានទៅនឹងកូនម្នាក់របស់លោកដូច្នេះដែរ។ លោក ជុំ ចិត្រ គឺជាអ្នកមើលថែស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ចំណែកប្រពន្ធរបស់លោកក៏ជា អ្នកសម្អាតនៅទីធ្លាទីក្រុងអង្គរដូចគ្នា។ លោក ចិត្រ និងប្រពន្ធបានចូលបម្រើការក្នុងអាជ្ញាធរជាតិអប្សរាជាង ២០ឆ្នាំមកហើយ។ ការងារជាអ្នកថែស្មៅ គឺជាចំណែកមួយក្នុងជីវិត។
 
នាពេលព្រឹមព្រហាម លោក ជុំ ចិត្រ និងភរិយា រួសរាន់ចេញពីគេហដ្ឋាន ដើម្បីធ្វើដំណើរមកកន្លែងការងាររបស់ខ្លួន។ នាម៉ោង៧កន្លះព្រឹក លោក ចិត្រ និងក្រុមកម្មករប្រមាណជាង១០នាក់ បានបែងចែកទីតាំង និងមុខងាររៀងៗខ្លួន ដូចជាស្រោចទឹកស្មៅ ដកស្មៅដែលងាប់ហើយជំនួសស្មៅថ្មី និងមើលថែម៉ូទ័រទឹក។ ចំពោះលោក ជុំ ចិត្រ ការងារប្រចាំថ្ងៃគឺ ស្រោចទឹកស្មៅ និងដើរដកស្មៅណាដែលងាប់ៗជាដើម។ 

លោក ជុំ ចិត្រ កំពុងស្រោចស្មៅនៅខាងមុខអង្គរ។
 
កម្មករថែស្មៅរូបនេះ បានប្រាប់ពីដំណើរការនៃការថែទាំស្មៅដូច្នេះថា៖ «ម៉ូទ័រត្រូវកំណត់បើកពីម៉ោង៨ ឬម៉ោង៨ កន្លះព្រឹក រហូតដល់ម៉ោង១០ កន្លះព្រឹកទើបបិទ។ ចំណែកពេលល្ងាចគឺត្រូវចាប់បើកពីម៉ោង ១កន្លះ រហូតដល់ម៉ោង៣រសៀល។ ដោយឡែកនៅរដូវវស្សា យើងមិនពិបាកស្រោចទឹកនោះឡើយ គ្រាន់តែដើរដកផ្កាស្មៅផ្សេងៗ។»។
 
ចាប់ផ្តើមពីព្រឹកទល់ល្ងាច ជាមួយស្មៅពណ៌បៃតងខ្ចីហាក់ដូចជាហត់នឿយបន្តិចមែន តែបុរសវ័យកណ្តាលរូបនេះ សប្បាយចិត្តពេលឃើញស្មៅលូតលាស់បានល្អ។ ជាពិសេសពេលឃើញទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត និងថតរូប ដោយបានសសើរពីទេសភាពជុំវិញអង្គរ។ ធ្វើការជាង២០ឆ្នាំមកនេះ លោក ជុំ ចិត្រ កាន់តែស្រឡាញ់ ព្រោះមិនចង់ឱ្យស្មៅនៅអង្គរនេះក្រៀមស្វិតនោះឡើយ។

លោក ចិត្រ ស្រោចទឹកស្មៅ ដែលកំពុងក្រៀមស្វិត។
 
លោក ជុំ ចិត្រ និយាយទាំងទឹកមុខញញឹមថា៖ «ខ្ញុំស្រឡាញ់ការងារនេះណាស់! ស្មៅ ខ្ញុំចាត់ទុកដូចជាកូនខ្ញុំម្នាក់ដែរ មើលទៅមិនអាចទុកឱ្យគ្នាស្រពោនងាប់នោះទេ។ ទោះជាយ៉ាងណាក៏មានទឹកស្រោចបន្តិចក៏ល្អដែរ។ ខ្ញុំសប្បាយចិត្តដែលបានចូលរួមថែស្មៅ។ អ្នកដើរលេងនៅទីនេះ ពួកគាត់សប្បាយពេលឃើញស្មៅលូតល្អ។ គាត់លើកមេដៃ ហើយនិយាយថា អរគុណ។» ។
 
ការសសើរពីមាត់ទេសចរ ជាមួយនឹងការស្រឡាញ់នឹងការងារនេះ រឹតតែធ្វើឱ្យលោក ចិត្រ កាន់តែមានកម្លាំងចិត្តថែទាំស្មៅ និងកូនរុក្ខជាតិផ្សេងៗទៀត ដើម្បីឱ្យបរិវេណជុំវិញរមណីយដ្ឋានអង្គរ មានភាពបៃតង ក៏ដូចជាទាក់ទាញទេសចរមកកាន់តែច្រើនបន្តទៀត។ ម្យ៉ាងវិញទៀត ការងារជាអ្នកមើលថែស្មៅនៅអង្គរនេះ លោក ជុំ ចិត្រ គឺជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមថែអង្គរឱ្យមានភាពស្រស់ស្អាតទ្វេដងផងដែរ៕


ទេសភាពស្មៅពណ៌បៃតង​ នៅខាងមុខអង្គរ។


ម៉ូទ័រទឹក បាចសាចទឹកលើស្មៅ បង្កើតបានជារូបភាពត្រជាក់ភ្នែក។

 

Tag:
 អង្គរវត្ត
  អ្នកថែស្មៅ
  លោក ជុំ ចិត្រ
© រក្សាសិទ្ធិដោយ thmeythmey.com