ជាតិ
កសិករ អឿ សំណាង បន្តដាំម្ទេសហាវៃក្រោយជោគជ័យដាំដំបូង
18, Feb 2023 , 12:59 pm        
រូបភាព
លោក អឿ សំណាង កសិករដាំម្ទេសហាវៃ នៅស្រុកពួក
លោក អឿ សំណាង កសិករដាំម្ទេសហាវៃ នៅស្រុកពួក
សៀមរាប៖ ម្ទេសហាវៃជាដំណាំមួយប្រភេទដែលមិនសូវមានកសិករខ្មែរដាំច្រើនទេ។ ភាគច្រើន វាត្រូវបាននាំចូលពីប្រទេសជិតខាង។ ក្រោយជោគជ័យដាំលើកដំបូង កសិករនៅស្រុកពួក លោក អឿ សំណាង បានបន្តដាំម្ទេសហាវៃ ដោយទទួលបានទិន្នផលច្រើន និងមានតម្លៃសមរម្យ។
 
នេះជាឆ្នាំទីពីរហើយ ដែលលោក អឿ សំណាង កសិករនៅភូមិតាជេត ឃុំសំរោងយា ស្រុកពួក ដាំម្ទេសហាវៃ។ ម្ទេសនេះបានហុចផលល្អដូចការរំពឹងទុក និងមានទីផ្សារល្អនាពេលបច្ចុប្បន្ន។ កសិករ អឿ សំណាង ប្រាប់ថា បានប្រមូលផលម្ទេសហាវៃដែលលោកដាំក្នុងរោងគ្របស្បៃក្រោយផ្ទះ ពីដើមខែ កុម្ភៈ មក បន្ទាប់ពីចាប់ផ្តើមដាំនៅចុងខែ វិច្ឆិកា កន្លងទៅឆ្នាំ។ មន្រ្តីរបស់អង្គការ iDE បានណែនាំឱ្យលោក សំណាង សាកល្បងដាំម្ទេសមួយប្រភេទនេះ ដោយសារវាជាដំណាំថ្មី និងមានទីផ្សារល្អ។ 
 
ដំបូងលោក សំណាង សាកល្បងដាំក្នុងរោងផ្ទះសំណាញ់បាន ៦រោង ដោយទទួលបានផលល្អ ដែលពេលនោះលោកបេះម្ទេសលក់បានប្រមាណ ៧០០គីឡូក្រាម ដែលមួយគីឡូក្រាមតម្លៃ ៥ ០០០រៀល ទៅ៦០០០រៀល។ 
 
ក្រោយបានពិសោធន៍ពីឆ្នាំទៅមិញ គ្រួសារលោក សំណាង ក៏សម្រេចដាំម្ទេសហាវៃនៅក្នុងរោងគ្របស្បៃ ខាងក្រៅម្ដងដោយរៀបជាបង្គោល និងគ្របស្បៃខៀវការពារកំដៅថ្ងៃពីលើ។ លោកថា ការដាំខាងក្រៅដូច្នេះពិបាកបន្ដិច ដោយសារប្រឈមនឹងសត្វល្អិតច្រើន។ ម្ទេសហាវៃ ត្រូវការថែទាំដិតដល់ ហើយក៏ប្រឈមនឹងជំងឺ និងការវាយប្រហារពីសត្វល្អិតច្រើនដែរ។ 


ចម្ការម្ទេសហាវៃរបស់កសិករ អឿ សំណាង
 
ចំពោះការដាំដុះវិញ កសិករ សំណាង មានវ័យជាង៦០ឆ្នាំ រៀបរាប់ថា ដំណាំនេះ មិនត្រូវការដាំរង្វើលពេកទេ គឺប្រវែង៤តឹក ចន្លោះគុម្ពមួយទៅគុម្ពមួយ។ ក្នុងមួយរោង លោក សំណាង ដាំម្ទេសជាពីរជួរ។ ឆ្នាំនេះ កសិករនៅស្រុកពួករូបនេះ ដាំម្ទេសហាវៃបាន១១រោង។ ជាមួយនឹងការរៀបចំ ប្រព័ន្ធដំណក់ទឹកបង្គប់ក្នុងទឹក វាបានជួយកាត់បន្ថយកម្លាំងពលកម្ម និងការចំណាយមួយផ្នែកដល់ កសិករ សំណាង ផងដែរ។ 
 
សព្វថ្ងៃកសិករ សំណាង ចាប់ផ្តើមបេះម្ទេសហាវៃ បោះទៅឈ្មួញកណ្ដាលក្នុងតម្លៃ ៥ពាន់រៀលក្នុងមួយគីឡូក្រាម ដែលអាចប្រមូលផលក្នុងរយៈពេល៥ខែទៅមុខ។ សម្រាប់លោក សំណាង ទោះឆ្នាំនេះ រៀងធ្លាក់ថ្លៃបន្ដិចក្ដី (ឆ្នាំទៅលក់បាន៥ពាន់ទៅ៦ពាន់រៀល) តែលោកយល់ថា ស្ថិតក្នុងតម្លៃសមរម្យ អាចទទួលយកបាន។ 
 
លោក ទួត សេងហង អ្នកគ្រប់គ្រងផលិតកម្មសាកវប្បកម្មធន់នឹងបម្រែបម្រួលអាកាសធាតុនៃអង្គការ អាយឌីអ៊ី (iDE) ប្រាប់ថា ជាបេសកកម្មមួយក្នុងចំណោមបេសកកម្មរបស់គម្រោង ដែលតែងណែនាំឱ្យ កសិករសាកល្បងដាំដំណាំថ្មីៗ ដែលកសិករក្នុងស្រុកមិនសូវដាំច្រើន និងមានទីផ្សារល្អ។ ជាក់ស្ដែងដំណាំ ម្ទេសហាវៃនេះ នៅក្នុងស្រុកក៏អាចដាំបាន ហើយទីផ្សារមានតម្លៃសមរម្យ ពិសេសកាត់បន្ថយការនាំចូលពីក្រៅផង។
 
មន្រ្តីអង្គការកសិករ iDE ពន្យល់ថា៖« គម្រោងយើងមានគោលដៅ៣ ទី១ ផ្តល់ជំនួយបច្ចេកទេស វិធីសាស្រ្ដដាំបានទិន្នផលខ្ពស់ និងជាដំណាំមានតម្លៃថ្លៃ ទី២ ជួយប្រឹក្សាណែនាំស្ដីពីសុវត្ថិភាពលើការប្រើប្រាស់ថ្នាំគីមី គឺសុវត្ថិភាពទាំងអ្នកដាំ អ្នកទិញ និងបរិស្ថាន ទី៣ សម្របសម្រួលភ្ជាប់ទីផ្សារផលិតផល ទៅនឹងអ្នកប្រមូលទិញនៅតាមភូមិ។ល»៕
 

Tag:
 អឿ សំណាង
  កសិករ
  ម្ទេសហាវៃ
© រក្សាសិទ្ធិដោយ thmeythmey.com