ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នៅខ្មែរជាង១០ឆ្នាំ បារាំង២រូបថា ប្រជាជនខ្មែរ រួសរាយ ជួយយកអាសា និងមិនរើសអើងជាតិសាសន៍
19, Feb 2023 , 11:59 am        
រូបភាព
លោក ចាន់ ឬទ្ធីស័ក្ដិ និង នាយ យ៉ាន បុរសបារាំងរស់នៅ និងធ្វើការនៅកម្ពុជា។
លោក ចាន់ ឬទ្ធីស័ក្ដិ និង នាយ យ៉ាន បុរសបារាំងរស់នៅ និងធ្វើការនៅកម្ពុជា។
ភ្នំពេញ៖ លោក ដឺហ្វុង យ៉ាន និង លោក ចាន់ ឬទ្ធីស័ក្ដិ ជាបុរសបារាំង២រូប មករស់នៅកម្ពុជា មិនតិចជាង១០ឆ្នាំឡើយ។ មួយក្នុងចំណោមពួកគេ គឺលោក ឬទ្ធីស័ក្ដិ ទទួលបានសញ្ជាតិខ្មែរ ហើយលោកជាអ្នករៀនគុនល្បុក្កតោ, គុនខ្មែរ ។ លោកក៏ជាគ្រូបង្វឹកផងដែរ។ ឯ លោក យ៉ាន វិញ មិនមានសញ្ជាតិខ្មែរទេ។ បច្ចុប្បន្ន នាយ យ៉ាន មានអាជីពជាអ្នកសារព័ត៌មាន។

 
តទៅនេះសូមលោកអ្នកនាង ទស្សនាបទសម្ភាស ដែលរៀបចំដោយ លោក ស៊ុល រ៉វី ដូចតទៅ៖ 
 
 
រស់នៅខ្មែរយូរឆ្នាំ បុរសបារាំងទាំងពីរនេះ អាចនិយាយខេមរភាសាបានយ៉ាងល្អ។ លើសពីនិយាយភាសាខ្មែរ លោក យ៉ាន ក៏មានសមត្ថភាព ក្នុងការសរសរភាសាខ្មែរបានផងដែរ បើទោះជាទាំង នាយ យ៉ាន ទាំងលោក ឬទ្ធីស័ក្ដិ ថាអក្សរខ្មែរពិបាក ក្នុងការសរសេរ ដោយសារព្យញ្ជនៈ និងស្រៈ ច្រើនក្តី។ 
 
ពិបាកសរសេរ ពិបាកអាន តែប្រជាពលរដ្ឋខ្មែរមិនដែលកំណាញ់ឯណា ហើយមានចិត្តយកអាសា ក្នុងការបង្រៀនបុរសបារាំងទាំង២នាក់នេះទៀតផង។ បុរសបារាំង២នាក់នេះ ចេះនិយាយខ្មែរបាន ក៏ដោយសារមានមនុស្សជុំវិញខ្លួន ដែលជាជនជាតិខ្មែរ បង្រៀនពួកគេនេះហើយ។ 
 
ជនជាតិខ្មែរដែលស្គាល់ពួកគេ មិនត្រឹមតែជួយ យកអាសាក្នុងការបង្រៀនភាសាខ្មែរ ដល់បុរសបារាំងទាំង២នាក់នេះទេ សូម្បីតែជនជាតិខ្មែរ មិនដែលទាំងស្គាល់ពួកគេទាំងពីរនោះ ក៏ជួយដល់ពួកគេទៀតផង។ មានម្ដងនោះ នៅរាជធានីភ្នំពេញមេឃភ្លៀងខ្លាំង និងទឹកលិចផ្លូវ ម៉ូតូលោក ឬទ្ធីស័ក្ដិ ខូច ព្រមទាំងគ្មានលុយជាប់ខ្លួនទៀតផង។ គ្រានោះ លោកថា មានបងប្អូនខ្មែរជួយយកអាសាគាត់ ហើយទាំងជូនលុយគាត់ ឱ្យថ្លៃដឹកម៉ូតូតាមតុកតុកទៀតផង។ 
 
ដោយឡែក នាយ យ៉ាន វិញក៏មានបទពិសោធន៍ស្រដៀងគ្នានេះដែរ។ មានពេលមួយនោះ នាយ យ៉ាន បានធ្វើដំណើរតាមខេត្ត ហើយអស់កម្លាំងផងនោះ លោកក៏សម្រាកនៅខ្ទមមួយ នៅតាមផ្លូវ។ នាពេលនោះក៏មានបុរសអ្នកគង្វាលម្នាក់បានមកសួរគាត់ ហើយអញ្ជើញគាត់ទៅពិសាបាយផ្ទះគាត់មួយពេល ខណៈដែលមនុស្សទាំង២នាក់ មិនដែលស្គាល់គ្នាពីមុនមកសោះ។ បើតាមការអះអាងរបស់ នាយ យ៉ាន បុរសនោះមិនមែនជាអ្នកមានអ្វីនោះដែរ។ ដូច្នោះហើយ នាយ យ៉ាន ស្ងើចសរសើរជាខ្លាំង នូវទឹកចិត្តជនជាតិខ្មែរ។
 
ជួបមនុស្សនៅជុំវិញខ្លួន ដែលតែងផ្ដល់ក្ដីស្រឡាញ់ យកអាសា មិនរើសអើង បានជំរុញចិត្តបុរសបារាំងទាំងពីរនាក់នេះ បន្តការរស់នៅប្រទេសកម្ពុជា អស់ជាងមួយទស្សវត្សរ៍ ។ ពួកគេទាំងពីរក៏គ្មានបំណងចាកចេញពីប្រទេសកម្ពុជាវិញដែរ។ ពួកគេនិយាយដូចគ្នាថា ខ្លួននឹងរស់នៅកម្ពុជា ដល់ដង្ហើមចុងក្រោយរបស់ពួកគេទាំងពីរ៕ 
 

Tag:
 នាយ យ៉ាន
  ចាន់ ឬទ្ធីស័ក្ដិ
  ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com